ភាគច្រើននៃពួកយើងយល់ស្របថា វាពិបាកណាស់ក្នុងការទ្រាំមិនទទួលទានអាហារនៅពេលកំពុងឃ្លាន ជាពិសេស គឺពេលយប់។ (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ) ទោះជាយ៉ាងណា ប្រសិនបើអ្នកមិនចង់ជួបប្រទះបញ្ហារំខានដល់ការគេង និងឡើងទម្ងន់ហួសប្រមាណ ឬកើនបរិមាណនៃកាឡូរីក្នុងប្រព័ន្ធរាងកាយទេ នោះការយកចិត្តទុកដាក់លើប្រភេទនៃអាហារមុនពេលទទួលទាន គឺសំខាន់ណាស់។ ប៉ុន្តែថាតើអាហារសម្រន់អ្វីខ្លះទៅដែលអ្នកមិនគួរទទួលទាននៅមុនពេលចូលគេង? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារមួយចំនួនដែលអ្នកគួរជៀសវាងទទួលទានមុនពេលគេង ៖
១. ភីហ្សា ៖ ជាធម្មតានៅពេលយប់ អ្នកមិនគួរបណ្ដោយ ឬដាក់បន្ទុកឲ្យក្រពះប្រឹងធ្វើការពេកនោះទេ ប្រសិនបើចង់គេងលក់បានស្រួល ហើយស្កប់។ ការទទួលទានភីហ្សានៅមុនពេលចូលគេង គឺមិនល្អសោះឡើយ ក៏ព្រោះជាតិម្ស៉ៅ, ប្រេងខ្លាញ់ និងសារធាតុបន្ថែមរសជាតិ ក៏ដូចជាសាច់ដែលវាមានផ្ទុកពិបាកក្នុងការរំលាយ។ ហើយការទទួលទានភីហ្សាខណៈពេលនេះ ក៏ងាយនឹងធ្វើឲ្យអ្នកធាត់ ក៏ព្រោះរាងកាយមិនដំណើរការដុតកាឡូរីឡើយ។
២. ការ៉េម ៖ អ្នកប្រហែលជាគិតថា គ្រាន់តែទទួលទានការ៉េមមួយដើម ឬបន្តិចប្រហែលជាមិនអីទេ ប៉ុន្តែលទ្ធផលមិនដូចអ្នកស្មានឡើយ ក៏ព្រោះការ៉េមអាចផ្ដល់ការរំខានដល់ដំណេករបស់អ្នក។ ការ៉េមភាគច្រើនមានផ្ទុកសម្បូរទៅដោយកាឡូរីដែលធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើង ហើយជាលទ្ធផលអ្នកមិនងាយនឹងគេងលក់ឡើយ។
៣. ខ្ទឹមស ៖ ខ្ទឹមស អាចបណ្ដាលឲ្យមានការរលាកក្នុងពោះ ហើយជាលទ្ធផលអ្នកនឹងឈឺពោះ ហើយច្រាលអាស៊ីតក្រពះ។ បញ្ហារំខានទាំងនេះនឹងធ្វើឲ្យអ្នកពិបាកក្នុងការគេងលក់។
៤. បន្លែភ្លៅកង្កែប ៖ គ្មានអ្វីមិនប្រក្រតីចំពោះបន្លែប្រភេទនេះចំពោះសុខភាពឡើយ ប៉ុន្តែវាជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមដូចជា ជាតិសសៃ, ប៉ូតាស្យូម, ម៉ង់កាណែស, ជាតិទង់ដែង, វីតាមីន A, វីតាមីន C និងវីតាមីន K។ ដូច្នេះចូរទទួលទានបន្លែនេះឲ្យបានច្រើន ប៉ុន្តែមិនមែននៅខណៈពេលយប់ឡើយ។ នោះក៏ព្រោះតែវាមានផ្ទុកលក្ខណៈសម្បត្តិបញ្ចុះទឹកនោមដែលនឹងធ្វើឲ្យអ្នកនោមញឹករំខានដល់ការគេង។
៥. គ្រឿងស្រវឹង ៖ បញ្ហានោះ គឺនៅពេលអ្នកស្រវឹង គឺអ្នកងាយនឹងជួបប្រទះអាការៈគេងមិនស្ងប់ ហើយថែមទាំងបណ្ដាលឲ្យមិនស្រួលខ្លួន, គ្មានកម្លាំង, មិនស្រស់ស្រាយក្នុងអារម្មណ៍នៅព្រឹកបន្ទាប់ទៀតផង។
៦. សាច់ក្រហម ៖ ការទទួលទានសាច់ក្រហមច្រើនអាចបណ្ដាលឲ្យអ្នកមានអារម្មណ៍ងុយគេង។ ប្រសិនបើអ្នកគិតថាបែបនេះ គឺជារឿងល្អនោះ ចូរគិតម្ដងទៀត! ក៏ដូចនឹងការទទួលទានគ្រឿងស្រវឹងពេលយប់ដូច្នោះដែរ ការទទួលទានសាច់ក្រហមមុនពេលចូលគេងអាចធ្វើឲ្យអ្នកគេងលក់មិនស្ងប់ ដោយសារប្រព័ន្ធរំលាយអាហារត្រូវប្រឹងធ្វើការបំបែកសាច់ក្រហមដែលអ្នកបានទទួលទាន៕