ស្រាបៀរគឺជាជម្រើសសារជាតិអាល់កុលដែលពេញនិយមបំផុត។ មនុស្សភាគច្រើនចូលចិត្តគាស់ក្រវិលកំប៉ុងឬគម្របដប ហើយផឹកជួបជុំគ្នា ដើម្បីកាត់ស្រ្តេស នៅពេលយប់ៗ។
ដោយមានជាតិអាល់កុលតែ ៥ ទៅ ១២% ស្រាបៀរត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់តិចជាងភេសជ្ជៈមានជាតិអាល់កុលផ្សេងទៀត។ អ្នកប្រហែលជាលឺពាក្យដ៏ពេញនិយមមួយលើកឡើងថា “លើកដាច់ដេកលក់ស្រួល”។ តែនេះគឺជាគ្រាន់តែជាការយល់ច្រលំតែប៉ុណ្ណោះ។ អ្វីដែលត្រឹមត្រូវគឺថា “លើកដាច់សល់ហាយពេលព្រឹក”។
ការសេពសុរានិងការគេងលក់ស្រួលនៅពេលយប់ គឺមិនអាចកើតឡើងជាមួយគ្នាបានទេ។ ការរកឃើញនៃការសិក្សាមួយចំនួន បានបង្ហាញថា ការផឹកស្រាបៀរពិតជាអាចជួយមនុស្សម្នាក់ឱ្យដេកលក់យ៉ាងឆាប់រហ័ស ប៉ុន្តែវាមិនមែនជាការគេងបានស្កប់ទេ។ គេរកឃើញថា នៅពេលមនុស្សម្នាក់ផឹកស្រាបៀរ ហើយទៅគេង ពួកគេពិតណាស់ឆាប់គេងលក់ តែរយៈពេលនេះការគេងលក់ស្កប់ក្នុងពេលមួយយប់មានប្រហែល ៩០នាទីប៉ុណ្ណោះ។ នេះជាមូលហេតុដែលធ្វើឱ្យសល់ហាយពេលព្រឹក និង ពិបាកទៅធ្វើការ។
តាមគេហទំព័រ Health Line ដើម្បីឆ្លើយតបនឹងការសល់ហាយពេលព្រឹក អ្នកគួរដឹងពីវិធីដោះស្រាយទុកដោះទាល់ម្តងម្កាល។ អ្នកអាចប្រើប្រាស់ថ្នាំវីតាមីន B6 ឬ អាហារដែលមានវីតាមីននេះ ដោយសារតែវាអាចជួយឱ្យរាងកាយបញ្ចេញអាល់កុលចោលបានលឿន។ អ្នកអាចលេបវាមុន ឬ ក្រោយពេលផឹក ដើម្បីដោះស្រាយបញ្ហាសល់ហាយ។
ជាមួយគ្នានេះដែរ អ្នកអាចផឹកភេសជ្ជៈកីឡា ដែលមានផ្ទុកទៅដោយសារធាតុអេឡិចត្រូលីត ព្រោះតែស្រាបៀរធ្វើឱ្យអ្នកខ្សោះជាតិទឹក និង ខ្វះអេឡិចត្រូលីត។ ការបំពេញជាតិទឹក និង អេឡិចត្រូលីតមកវិញ គឺជាដំណោះស្រាយយ៉ាងល្អ៕