អ្នកប្រហែលជាដឹងច្បាស់ថា តើសារធាតុគីមីដែលមាននៅក្នុងផ្សែងបារីមានគ្រោះថ្នាក់ចំពោះរាងកាយអ្នកដល់កម្រិតណាហើយ។ ប៉ុន្ដែតើអ្នកដឹងទេថា វាក៏អាចរួមចំណែកដល់ការជ្រុះសក់និងការស្កូវមុនអាយុដែរឬទេ? យោងតាមការសិក្សាវិទ្យាសាស្ត្រមួយចំនួនគេបានរកឃើញថា បារីអាចធ្វើឱ្យសក់ជ្រុះដោយសារតែហេតុផលបីយ៉ាងខាងក្រោម៖
១. ខ្សោយចរន្តឈាមរត់ទៅចិញ្ចឹមសរសៃសក់
ឫសសក់ត្រូវការអុកស៊ីសែន សារធាតុចិញ្ចឹម និងសារធាតុរ៉ែ ដើម្បីផលិតសក់ឱ្យមានសុខភាពល្អ។ សារធាតុគីមីពុលនៅក្នុងផ្សែងបារី អាចជះឥទ្ធិពលដល់ចរន្តឈាមរបស់អ្នក បង្រួមសរសៃឈាម និងរារាំងលំហូរឈាម។ នៅពេលដែលឫសសក់របស់អ្នកមិនទទួលឈាមដែលពួកគេត្រូវការ សម្រាប់ការចិញ្ចឹម នោះវដ្តនៃការលូតលាស់សក់ត្រូវបានរំខាន។
២. ប្រព័ន្ធភាពស៊ាំចុះខ្សោយ
ការជក់បារីអាចធ្វើឱ្យខូចប្រព័ន្ធភាពស៊ាំរបស់អ្នក ដែលអាចនាំឱ្យមានជម្ងឺផ្សេងៗ ក៏ដូចជាជម្ងឺមួយចំនួនដែលធ្វើឱ្យជ្រុះសក់។ ប្រព័ន្ធភាពស៊ាំខ្សោយ ក៏អាចបង្កើនឱកាសនៃការឆ្លងបាក់តេរីឬផ្សិតនៅលើស្បែកក្បាល ដែលទាំងពីរនេះអាចធ្វើឱ្យសក់របស់អ្នកជ្រុះបាន។
៣. ការបំពុលបរិស្ថានរបស់បារី
វាមិនមែនគ្រាន់តែជ្រុះសក់ដោយសារតែការស្រូបផ្សែងបារីនោះទេ។ ប្រសិនបើអ្នកជក់បារីជាប្រចាំនៅផ្ទះឬក្នុងឡាន ដែលមានបង្អួចបិទជិត អ្នកអាចនឹងស្ថិតនៅក្នុងបរិស្ថានដែលបំពុល។ ខណៈដែលការជ្រុះសក់ភាគច្រើនគឺមានលក្ខណៈហ្សែន ការស្រាវជ្រាវជាច្រើនលើកឡើងពីកត្តាបរិស្ថានផងដែរ។ ផ្សែងបារីនៅក្នុងខ្យល់ធ្វើឱ្យរាំងស្ទះដល់ការផលិតប្រូតេអ៊ីនរបស់សរសៃសក់ ហើយវាជាហេតុធ្វើឱ្យសក់ផុយស្រួយងាយនឹងជ្រុះ៕