ទារកអាចមើលទៅដូចជានៅស្ងៀមមិនធ្វើអ្វីនៅពេលពួកគេកំពុងគេងលក់ ប៉ុន្តែតាមការពិតទៅខួរក្បាលរបស់ពួកគេរវល់ពេញមួយយប់។ អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យកូឡុំបៀ បានបង្ហាញថា ទារកទើបនឹងកើតរៀនសូត្រនៅពេលគេងលង់លក់។ គេបានធ្វើការសិក្សាទៅលើទារកដែលទើបតែកើតបាន១ថ្ងៃនិង២ថ្ងៃ ដោយឱ្យពួកគេគេងលក់អមជាមួយនឹងសម្លេងបំពេរ។ នៅពេលគេងលក់ ក្រុមអ្នកសិក្សាបានបក់ខ្យល់ប៉ះត្របកភ្នែករបស់ទារក ហើយក្នុងពេលត្រឹមតែ២០នាទី ទារកអាចរៀនចងចិញ្ចើមដើម្បីឆ្លើយតបទៅនឹងខ្យល់បក់មកប៉ះត្របកភ្នែក។
ការគេងជួយដល់ការរៀនរបស់កុមារគ្រប់វ័យ ហើយអ្នកជំនាញខាងផ្នែកអប់រំ កំពុងរកឃើញថា ការគេងមានគុណប្រយោជន៍ពិសេសនឹកស្មានមិនដល់។ អ្នកជំនាញផ្នែកសរសៃប្រសាទនៅឯសាកលវិទ្យាល័យ Massachusetts Amherst បានឱ្យក្មេងតូចៗនៅថ្នាក់មត្តេយ្យចំនួន ៤០នាក់ ធ្វើតេស្តការចងចាំរបស់ពួកគេនូវអ្វីដែលពួកគេបានរៀន។ គេបានឱ្យក្មេងៗដេកថ្ងៃ ប្រហែលជា៧៧នាទីក្នុងមួយថ្ងៃ គ្រប់រយៈពេលមួយសប្តាហ៍ ហើយបានរកឃើញថា ពួកគេមានសមត្ថភាពចងចាំនូវអ្វីដែលគេបានរៀនយ៉ាងស្ទាត់។ ក្រោយមកគេបានឱ្យក្មេងៗមិនដេកថ្ងៃសោះ ក្នុងពេលមួយសប្តាហ៍ពេញ ហើយក៏ធ្វើតេស្តការចងចាំរបស់ពួកគេ។ លទ្ធផលបានបង្ហាញថា ពួកគេមានការភ្លេចច្រើន បើប្រៀបនឹងសប្តាហ៍ដែលបានដេកថ្ងៃ។
លោកបណ្ឌិត Penny Corkum បានមានប្រសាសន៍ថា៖ “ម្តាយឪពុកភាគច្រើននាពេលនេះ បានដឹងយ៉ាងច្បាស់ថាកូនរបស់ពួកគេត្រូវការអាហារល្អនិងការហាត់ប្រាណគ្រប់គ្រាន់ ដើម្បីទទួលបានសុខភាពល្អ។ តែអ្វីដែលសំខាន់គឺក្មេងៗឥលូវគេងមិនសូវបានគ្រប់ដូចកាលពីជំនាន់មុនទេ។ យើងគ្រប់គ្នាត្រូវតែយកចិត្តទុកដាក់លើការគេងឱ្យបានប្រសើរជាងនេះ៕”