ចង់ឱ្យស្បែកស្រស់ស្អាតមិនមែនមានន័យថាអ្នកចាំបាច់ត្រូវតែប្រើប្រាស់ផលិតផលថែសម្រស់ឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហេតុអ្វី? នេះក៏ព្រោះតែអាហារមួយចំនួនអាចជួយឱ្យស្បែកប្រែជាស្រស់ស្អាតបែបធម្មជាតិពីខាងក្នុងតែម្ដង។ ថាតើអាហារទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយឱ្យស្បែកស្រស់ស្អាត ៖
១. ផ្លែបឺរ
អាស៊ីតខ្លាញ់សុខភាពល្អដែលមានផ្ទុកក្នុងផ្លែឈើនេះអាចផ្ដល់សារធាតុចិញ្ចឹមនិងរក្សាសំណើមស្បែកដោយធ្វើឱ្យស្ថានភាពនៃភ្នាសកោសិកាមានលក្ខណៈប្រសើរឡើង។ ផ្លែបឺរក៏ជាប្រភពដ៏ប្រសើរវីតាមីន C វីតាមីន K វីតាមីន B6 និងវីតាមីន E ដែលសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយប្រយុទ្ធប្រឆាំងការបំផ្លាញដែលបង្កឡើងដោយរ៉ាឌីកាល់សេរីក្នុងរាងកាយ។
២. ស៊ុត
ការទទួលទានស៊ុតរៀងរាល់ព្រឹក គឺពិតជាល្អណាស់សម្រាប់សុខភាពស្បែកតាមរយៈបរិមាណនៃជាតិប្រូតេអ៊ីនដែលវាមានផ្ទុក។ ប្រូតេអ៊ីនជួយជួសជុលកោសិកាក្នុងរាងកាយ។ បន្ថែមពីនេះសារធាតុប្រូបាយអូទីនក្នុងស៊ុតក៏អាចជួយការពារអ្នកពីបញ្ហាស្បែកស្ងួត។
៣. ប៉េងប៉ោះ
មិនត្រឹមតែមានផ្ទុកសារធាតុ lycopene ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ carotenoids ដែលការពារស្បែកមិនឱ្យទទួលរងការបំផ្លាញដែលបង្កឡើងដោយរ៉ាឌីកាល់សេរី។
៤. គ្រាប់ពូជនិងគ្រាប់ធញ្ញជាតិ
រួមមានគ្រាប់ឱឡឹក គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ គ្រាប់ជី គ្រាប់ស្វាយចន្ទី គ្រាប់អាល់ម៉ុន និងគ្រាប់រីករាយជាដើម គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងប្រូតេអ៊ីនដែលជួយឱ្យឆ្អែតបានយូរ ខណៈពេលបញ្ជូនរាល់សារធាតុចិញ្ចឹមសំខាន់ៗក្នុងប្រព័ន្ធរាងកាយ។
៥. ប្រូខូលី ឬផ្កាខាត់ណាខៀវ
ជាប្រភពដ៏ប្រសើរនៃវីតាមីន A, វីតាមីន C ក៏ដូចជាជាតិស័ង្កសីដែលរាងកាយត្រូវការចាំបាច់សម្រាប់ជួយឱ្យស្បែកមានសុខភាពល្អនិងស្រស់ស្អាតជាងមុន។ វាក៏អាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកជាច្រើនប្រភេទផងដែរ។ ការទទួលទានផ្កាខាត់ណាខៀវថែមជួយការពារស្បែកពីកម្ដៅថ្ងៃទៀតផង។
៦. តែបៃតង
តែបៃតងជាប្រភពដ៏ប្រសើរនៃសារធាតុ polyphenols ដែលកាត់បន្ថយការរលាក ទប់ស្កាត់មុន និងពន្យឺតដំណើរការនៃភាពចាស់តាមវ័យបានយ៉ាងប្រសើរ។
៧. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយ។ ក្រៅពីនេះត្រីសាលម៉ុនក៏មានផ្ទុក dimethylaminoethanol ខ្ពស់ដែលជួយការពារកោសិកាស្បែកឱ្យរក្សាបាននូវសុខភាពល្អជានិច្ច។ តាមរយៈការពង្រឹងភាពរឹងមាំនៃកោសិកានោះមានន័យថាអ្នកកំពុងតែទប់ស្កាត់ភាពចាស់មុនអាយុហើយ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរចំពោះសុខភាពនិងសម្រស់ចូរព្យាយាមទទួលទានឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍។
៨. បន្លែបៃតង
បន្លែបៃតងជាប្រភពដ៏ប្រសើរនៃជាតិដែកដែលចាំបាច់ណាស់សម្រាប់រក្សាសុខភាពសក់រឹងមាំ។ កង្វះជាតិដែកអាចបង្កជំងឺខ្វះគ្រាប់ឈាមក្រហមដែលជាកត្តាចម្បងបំផុតមួយនៃបញ្ហាជ្រុះសក់ ក៏ព្រោះឬសនៃសក់ទទួលបានសារធាតុចិញ្ចឹមតាមរយៈការផ្គត់ផ្គង់របស់ឈាម។ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមានផ្ទុកក្នុងបន្លៃបៃតងក៏ជួយការពារកោសិកាស្បែកមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី។ ជាតិសសៃក្នុងបន្លែបៃតងថែមទាំងជួយកម្ចាត់ជាតិពុលដែលបង្កបញ្ហាស្បែកស្រអាប់មិនស្រស់ស្អាតទៀតផង៕