ភាគច្រើននៃពួកយើងសុទ្ធតែដឹងពីអត្ថប្រយោជន៍របស់ស៊ុតចំពោះសុខភាព ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍ពីផលល្អៗរបស់វាទៅលើសម្រស់ឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើស៊ុតល្អអ្វីខ្លះទៅចំពោះសម្រស់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់ស៊ុតរក្សាសម្រស់ ៖
១. រូបមន្តជួយឱ្យស្បែកទន់រលោងជាងមុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរសុទ្ធ ១ស្លាបព្រាបាយពេញជាមួយផ្នែកពណ៌សនៃស៊ុត ១គ្រាប់ រួចបន្ថែមស្ករអំពៅចូលបន្តិច។ បន្ទាប់មកលាបម៉ាស្សាល្បាយថ្នមៗលើមុខនិងកសម្រាប់រយៈពេល ១០នាទី។ រងចាំសម្រាប់រយៈពេល ១០នាទីទៀតសិន សឹមលាងសម្អាតចេញ។ ជាលទ្ធផលអ្នកនឹងមានអារម្មណ៍ថាស្បែកមុខទន់រលោងជាងមុនដោយកោសិកាស្បែកងាប់ៗត្រូវបានកម្ចាត់ចេញ។
២. រូបមន្តជួយលើកត្របកភ្នែក
អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវលាងសម្អាតត្របកភ្នែកឱ្យស្អាតជាមុនសិន បន្ទាប់មកជូតផ្ដិតថ្នមៗឱ្យស្ងួត។ ជាបន្តត្រូវកូរវឹកផ្នែកពណ៌សនៃស៊ុត ១គ្រាប់ឱ្យឡើងពពុះ បន្ទាប់មកសឹមលាបផ្នែកពណ៌សនៃស៊ុតនេះលើត្របកភ្នែក ឬផ្នត់នៃត្របកភ្នែក និងរងចាំរហូតដល់ស្ងួត។ ប្រើប្រាស់ក្រណាត់ស្អាតជ្រលក់ក្នុងទឹកក្ដៅឧណ្ហៗជូតចេញជាការស្រេច។ អ្នកអាចអនុវត្តបានច្រើនដងតាមដែលចង់ធ្វើ ដូច្នេះភ្នែករបស់អ្នកនឹងមើលទៅមានពន្លឺស្រស់ថ្លាជាងមុនទៀតផង។
៣. រូបមន្តសម្រាប់កម្ចាត់ស្នាមមុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌សនៃស៊ុត ១គ្រាប់ជាមួយទឹកក្រូចឆ្មារស្រស់ប្រមាណ ២ស្លាបព្រា និងបន្ថែមទឹកឃ្មុំចូលបន្តិច។ កូរឱ្យសព្វឬរហូតឡើងពពុះ សឹមលាបលើស្បែកមុខ ព្រមទាំងក។ រងចាំសម្រាប់រយៈពេល ៣០នាទីសិន សឹមលាងសម្អាតចេញ។
៤. រូបមន្តកម្ចាត់អង្គែ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយផ្នែកពណ៌លឿងនៃស៊ុតពី ១ ទៅ ៣គ្រាប់ជាមួយសាច់ផ្លែបឺរទុំចំនួនម្ខាងក្នុងម៉ាស៊ីនក្រឡុកឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបល្បាយលើសក់និងរងចាំសម្រាប់រយៈពេល ៣០នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់ រួចកុំភ្លេចកក់សក់ជាមួយសាប៊ូតាមក្រោយ។
៥. រូបមន្តពន្លឿនការលូតលាស់នៃសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស៊ុតពី ១ ទៅ ២គ្រាប់ជាមួយប្រេងអូលីវ ១ស្លាបព្រាបាយដោយកូរវឹកឱ្យសព្វ។ បន្ទាប់មកកក់សម្អាតសក់ជាមួយសាប៊ូដូចពេលធម្មតាជាមុនសិនដើម្បីកម្ចាត់ភាពកខ្វក់និងប្រេងពីសក់ ព្រមទាំងស្បែកក្បាល។ ប្រើប្រាស់កន្សែងសម្អាតជូតសម្អាតទឹកខ្លះចេញពីសក់មុននឹងលាបល្បាយស៊ុតឱ្យពេញសក់ដោយផ្ដោតសំខាន់លើចុងសក់។ រុំសក់ឱ្យជិតសម្រាប់រយៈពេលពី ១០ ទៅ ២០ នាទី សឹមលាងសម្អាតចេញឱ្យជ្រះស្អាតនិងលាបក្រែមបន្ទន់សក់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី ហើយលាងចេញម្ដងទៀតជាមួយទឹកធម្មតា។
៦. បង្រួមរន្ធញើស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌លឿងនៃស៊ុតជាមួយប្រេងអូលីវបន្តិច។ កូរឱ្យសព្វ សឹមលាបស្ដើងៗលើផ្ទៃមុខកន្លែងដែលមានរន្ធញើសធំ។ ទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់៕