គ្មាននរណាចង់ឱ្យសក់ខ្លួនឯងជ្រុះច្រើនមិនឈប់ឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើបញ្ហានេះបណ្ដាលមកពីអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងទម្លាប់មួយចំនួនដែលអាចបង្កបញ្ហាជ្រុះសក់ ៖
១. រំលងម៉ោងអាហារ
រំលងម៉ោងអាហារ ឬមិនទទួលទានអាហារព្រោះចង់បានរាងស្លីមស្គមស្អាតឬ? ធ្លាប់ដឹងទេថាមិនត្រឹមតែរាងកាយរបស់អ្នកប៉ុណ្ណោះទេដែលស្គម ប៉ុន្តែសក់ក៏ប្រែជាស្ដើងដូចគ្នាដែរ! នោះក៏ព្រោះឬសនៃសក់មិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំ និងដំណើរការមុខងារបានត្រឹមត្រូវ។ ដូច្នេះជំនួសឱ្យការរំលងមិនទទួលទានអាហារច្រើនព្រោះចង់ស្លីម ចូរជ្រើសរើសរបបអាហារមានសុខភាពល្អសម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលសក់និងស្បែកក្បាលត្រូវការ។
២. ការទទួលទានវីតាមីន A ច្រើនពេក
ការទទួលទានវីតាមីន A ច្រើនពេកទាំងក្នុងទម្រង់ជាអាហារ ឬសូម្បីតែការប្រើប្រាស់ថ្នាំគ្រាប់វីតាមីនប្រភេទនេះ ក៏អាចជាកត្តាចម្បងមួយដែលបង្កបញ្ហាជ្រុះសក់ផងដែរ។ បរិមាណនៃវីតាមីន A ប្រចាំថ្ងៃដែលត្រូវបានណែនាំ គឺ០.៩មីលីក្រាមសម្រាប់បុរសពេញវ័យ និង ០.៧មីលីក្រាមសម្រាប់មនុស្សស្រីពេញវ័យ។
៣. កង្វះវីតាមីន E
ប្រសិនបើសក់របស់អ្នកហាក់ដូចជាស្ដើងទៅៗ ចូរព្យាយាមរួមបញ្ចូលអាហារសម្បូរវីតាមីន E ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ នេះក៏ព្រោះតែភាពរឹងមាំនៃឬសសក់ គឺអាស្រ័យលើវីតាមីន E ដែលជួយរក្សាសុខភាពស្បែកក្បាលល្អប្រសើរ។ សម្រាប់មនុស្សពេញវ័យតម្រូវការវីតាមីន E ប្រចាំថ្ងៃ គឺ ១៥មីលីក្រាមក្នុងមួយថ្ងៃ។
៤. អតុល្យភាពអ័រម៉ូន
ការជ្រុះសក់លើសលប់ គឺជារោគសញ្ញាទូទៅបំផុតមួយទៀតនៃបញ្ហាអតុល្យភាពនៃអ័រម៉ូន។ បើទោះបីជាអ្នកបានជ្រើសរើសប្រើប្រាស់សាប៊ូល្អនិងសាកសមប៉ុណ្ណាក៏មិនអាចជួយកាត់បន្ថយបរិមាណនៃសក់ដែលជ្រុះបាន នោះអ្នកគួរចាប់ផ្ដើមពិនិត្យលើកម្រិតនៃអ័រម៉ូនហើយ។
៥. កង្វះវីតាមីន D
កម្រិតនៃវីតាមីន D ទាបពេកក្នុងរាងកាយអាចបណ្ដាលឱ្យកើតមានបញ្ហាជ្រុះសក់។ នោះក៏ព្រោះតែវីតាមីន D ជួយសម្រួលដល់ដំណើរការលូតលាស់នៃសក់ ក៏ដូចជារក្សាសុខភាពសក់រឹងមាំ។
៦. ការប្រើប្រាស់ឧបករណ៍មានកម្ដៅខ្លាំងលើសក់
រួមមានម៉ាស៊ីនផ្លុំសក់ កៀបសក់ និងមួលរួញអាចបណ្ដាលឱ្យសក់ទទួលរងការខូចខាតបានយ៉ាងងាយ។ ដូច្នេះប្រសិនបើមិនចង់ឱ្យសក់ជ្រុះច្រើន ហើយបែកចុងទេនោះ កុំលេងស្ទាយសក់ដោយប្រើប្រាស់ម៉ាស៊ីនកម្ដៅញឹកញាប់ពេក។
៧. បញ្ហាក្រពេញទីរ៉ូអ៊ីត
កម្រិតនៃអ័រម៉ូនទីរ៉ូអ៊ីតចុះទាបអាចបង្កការរាំងស្ទះដល់វដ្ដនៃការលូតលាស់នៃសក់នាំឱ្យសក់ជ្រុះខ្លាំងជាងធម្មតា។ ជាញឹកញយបញ្ហាសក់ជ្រុះខុសប្រក្រតីដោយមិនអាចពន្យល់បានច្រើនតែពាក់ព័ន្ធនឹងបញ្ហាក្រពេញទីរ៉ូអ៊ីត។ ស្បែកក្បាលក៏អាចប្រែជាស្ងួតផងដែរ។
៨. ចងសក់តឹងៗពេក
ធ្លាប់ដឹងទេថាការចងសក់តឹងៗពេកក៏អាចបណ្ដាលឱ្យសក់ជ្រុះផងដែរ? ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមលេងម៉ូដសក់ ឬចងសក់ធូរល្មមនិងមិនតឹងពេក។
៩. កក់សក់ញឹកញាប់ពេក
អ្នកមិនចាំបាច់ត្រូវកក់សម្អាតសក់រាល់ថ្ងៃឡើយ ត្រឹមតែពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ គឺគ្រប់គ្រាន់ណាស់ហើយដើម្បីកម្ចាត់ភាពកខ្វក់ពីសក់និងស្បែកក្បាល។ ទម្លាប់នេះក៏ជួយរក្សាសុខភាពសក់និងស្បែកក្បាលដោយមិនធ្វើឱ្យសក់ស្ងួត ហើយងាយទទួលរងការបំផ្លាញ។ ប្រសិនបើសក់របស់អ្នកឡើងប្រេងខ្លាំង ចូរប្រើប្រាស់រូបមន្តបែបធម្មជាតិ ឬសាកល្បងផលិតផលសាប៊ូស្ងួត៕