តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សខ្លះមានស្បែកភ្លឺរលោងស្រស់ស្អាត? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មានកត្តាច្រើនណាស់ដែលធ្វើឱ្យស្បែកមានសភាពបែបនេះ ហើយមួយក្នុងចំណោមនោះ គឺការទទួលទានអាហារត្រឹមត្រូវ។ អ្វីដែលយើងទទួលទានជះឥទ្ធិពលចំពោះសុខភាពរាងកាយទាំងមូលតែម្ដង រួមទាំងសម្រស់ផងដែរ។ ដូច្នេះប្រសិនបើចង់ទទួលបានស្បែកភ្លឺរលោងស្រស់ស្អាត អ្នកគួរតែធ្វើការផ្លាស់ប្ដូរមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើមួយចំនួនដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទទួលបាននូវសុខភាពស្បែកល្អប្រសើរស្រស់ស្អាតភ្លឺរលោង ៖
១. ក្រូចឆ្មារ
មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយកម្ចាត់រាល់ជាតិពុលនិងការពារស្បែកមិនឱ្យទទួលរងការបំផ្លាញ។ ក្រៅពីរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ អ្នកក៏អាចប្រើប្រាស់ក្រូចឆ្មារលើស្បែកផងដែរដោយគ្រាន់តែលាយល្ហុងទុំដែលកិនម៉ដ្ឋ ១ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ៤ដំណក់។ លាបល្បាយលើស្បែកមុខនិងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១២នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។
២. ផ្លែល្ហុង
មានផ្ទុកសម្បូរទៅដោយអង់ស៊ីមដែលល្អសម្រាប់សុខភាពស្បែកមួយក្នុងចំណោមនោះ គឺ papain។ ល្ហុងក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយពង្រឹងកូឡាជែនស្បែកគួរឱ្យកត់សម្គាល់។ ក្រៅពីរួមបញ្ចូលក្នុងអាហារ អ្នកក៏អាចប្រើប្រាស់ល្ហុងលើស្បែកដោយគ្រាន់តែប្រើប្រាស់ស្លាបព្រាកោសយកផ្នែកខាងក្នុងនៃសំបកផ្លែល្ហុងទុំ។ បន្ទាប់មកលាបម៉ាស្សាសាច់ល្ហុងនោះលើស្បែកមុខ។ រងចាំសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។
៣. ផ្លែបឺរ
ដើម្បីរក្សាបាននូវស្បែកដែលមានសុខភាពល្អ ក្មេងជាងវ័យ ហើយភ្លឺរលោងស្រស់ស្អាត អ្នកគួរទទួលទានផ្លែបឺរជាប្រចាំនោះក៏ព្រោះតែផ្លែឈើនេះជាប្រភពដប្រសើរបំផុតមួយនៃជាតិខ្លាញ់សុខភាពល្អ វីតាមីន B-complex និងវីតាមីន E។ អ្នកក៏អាចប្រើប្រាស់ផ្លែបឺរលើស្បែកដោយគ្រាន់តែកិនផ្លែបឺរ ១ផ្លែឱ្យម៉ដ្ឋ បន្ទាប់មកបន្ថែមទឹកឃ្មុំ ១ស្លាបព្រាចូល។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ១៥នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។
៤. ផ្លែឪឡឹក
ផ្លែឈើល្អជាពិសេសសម្រាប់ស្បែកប្រភេទខ្លាញ់និងងាយឡើងមុន។ ឪឡឹកមិនត្រឹមតែមានផ្ទុកជាតិសសៃខ្ពស់ ប៉ុន្តែក៏ជាប្រភពដ៏ប្រសើរនៃជាតិទឹក កាបូអ៊ីដ្រាត ជាតិស្ករផ្លែឈើ វីតាមីន C វីតាមីន A វីតាមីន B1 វីតាមីន B6 សារធាតុ carotenoids, សារធាតុ flavonoids និងសារធាតុ lycopene។ វាគ្មានផ្ទុកជាតិខ្លាញ់ និងកូឡេស្តេរ៉ូលឡើយ។ សារធាតុ Lycopene ជួយការពារស្បែកប្រឆាំងរ៉ាឌីកាល់សេរីទប់ស្កាត់ស្បែកពីការបំផ្លាញ។ ជាតិទឹកខ្ពស់ក្នុងផ្លែឪឡឹកជួយកម្ចាត់ជាតិពុល និងសម្រួលចលនាពោះវៀន។
៥. ផ្លែស្វាយ
ជាប្រភពដ៏ប្រសើរនៃវីតាមីន A វីតាមីន E វីតាមីន C វីតាមីន K សារធាតុ flavonoids, សារធាតុ polyphenolics សារធាតុ beta-carotene និងសារធាតុ xanthophylls ដែលជួយការពារស្បែកមិនឱ្យទទួលរងការបំផ្លាញ និងប្រឆាំងការរលាក។
៦. ផ្លែទទឹម
ផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពន្យឺតដំណើរការនៃភាពចាស់តាមវ័យរបស់ស្បែក។ លើសពីនេះទៅទៀតផ្លែទទឹមក៏មានផ្ទុកសម្បូរទៅដោយសមាសធាតុម្យ៉ាងហៅថា phytoestrogens ដែលបង្កើនការផលិតកូឡាជែននិងអាស៊ីត hylauronic ធ្វើឱ្យស្បែកតឹងណែន។
៧. ផ្លែចេក
មានផ្ទុកសម្បូរទៅដោយជាតិសសៃ វីតាមីន A, វីតាមីន C, វីតាមីន K, វីតាមីន E, សារធាតុ folate និងជាតិរ៉ែសំខាន់ដូចជាប៉ូតាស្យូម, កាល់ស្យូម, ផូស្វ័រ ព្រមទាំងម៉ាញ៉េស្យូម។ ផ្លែចេក គឺល្អណាស់សម្រាប់ផ្ដល់សំណើមដល់ស្បែក រួមជាមួយលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម។ ក្រៅពីរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ អ្នកក៏អាចប្រើប្រាស់ផ្លែឈើនេះលើស្បែកដោយគ្រាន់តែលាយចេកទុំជោរជាមួយទឹកក្រូចឆ្មារស្រស់ឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែក និងទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍៕