ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់ដឹងរួចមកហើយអំពីអត្ថប្រយោជន៍ដ៏ប្រសើរនៃវីតាមីន E ចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែថាតើវីតាមីននេះសម្បូរក្នុងអាហារអ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជាប្រភពដ៏ប្រសើរនៃវីតាមីន ៖
- អាការៈទូទៅមួយចំនួនដែលអាចលេចឡើងប្រសិនបើរាងកាយខ្វះវីតាមីន E
១. ស្បែកឆាប់ចាស់និងស្ងួត
តើអ្នកសម្គាល់ឃើញស្បែកហាក់ដូចជាឆាប់ចាស់ជាងវ័យជ្រីវជ្រួញ ហើយស្ងួតមែនទេ? វាដល់ពេលដែលអ្នកគួរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន E ហើយ។ សារធាតុចិញ្ចឹមនេះសំខាន់ណាស់ក្នុងការរក្សាសំណើមនៃរាល់កោសិកាស្បែកដើម្បីបន្ថយ ឬទប់ស្កាត់ភាពចាស់ឆាប់ជ្រួញមុនវ័យនៃស្បែក។ លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់វីតាមីន E ក៏ជួយកម្ចាត់រ៉ាឌីកាល់សេរីដែលតែងជះឥទ្ធិពលដល់សុខភាពស្បែកដោយពន្លឿនភាពចាស់តាមវ័យផងដែរ។
២. ជ្រុះសក់
ប្រសិនបើសក់របស់អ្នកហាក់ដូចជាស្ដើងទៅៗ ចូរព្យាយាមរួមបញ្ចូលអាហារសម្បូរវីតាមីន E ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ នេះក៏ព្រោះតែភាពរឹងមាំនៃឬសសក់ គឺអាស្រ័យលើវីតាមីន E ដែលជួយរក្សាសុខភាពស្បែកក្បាលល្អប្រសើរ។
៣. កោសិកាគ្រាប់ឈាមក្រហមធ្លាក់ចុះ
វីតាមីន E ក៏សំខាន់ណាស់ដែរសម្រាប់រក្សាសុខភាពភ្នាសកោសិកាគ្រាប់ឈាមក្រហមការពារពីការបំផ្លាញ។ ដូច្នេះប្រសិនបើខ្វះវីតាមីន E នោះបរិមាណគ្រាប់ឈាមក៏អាចថយចុះដែរ។ ចូរប្រាកដថាអ្នកបានទទួលទានអាហារសម្បូរវីតាមីន E គ្រប់គ្រាន់ដើម្បីរក្សាបាននូវកោសិកាគ្រាប់ឈាមក្រហមសុខភាពល្អនិងមានសមត្ថភាពក្នុងការដឹកជញ្ជូនអុកស៊ីសែន។
៤. ចំណង់ផ្លូវភេទថយចុះ
ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាខ្វះគ្រាប់ឈាមក្រហមនោះចំណង់ផ្លូវភេទរបស់អ្នកប្រាកដជាថយចុះខុសពីធម្មតា។ នេះក៏ព្រោះតែកង្វះវីតាមីន E បណ្ដាលឱ្យកោសិកាគ្រាប់ឈាមត្រូវខូចខាត ដូច្នេះសមត្ថភាពក្នុងការដឹកជញ្ជូនអុកស៊ីសែនក៏ថយចុះ ហើយលំហូរឈាមទៅកាន់ប្រដាប់ភេទក៏អាចនឹងខ្សោយជាងមុនដែលនាំឱ្យជះឥទ្ធិពលដល់ចំណង់ផ្លូវភេទ។
៥. ភាពចុះខ្សោយនៃសាច់ដុំ
វីតាមីន E គឺចាំបាច់សម្រាប់ប្រព័ន្ធសសៃប្រសាទកណ្ដាល។ កង្វះវីតាមីនេះជាលទ្ធផលនៃបញ្ហា Oxidative stress ដែលអាចបណ្ដាលឱ្យសាច់ដុំចុះខ្សោយ។
៦. មើលលែងសូវច្បាស់
ប្រសិនបើអ្នកជួបប្រទះអាការៈមើលឃើញលែងសូវច្បាស់ ឬពិបាកមើលឃើញនៅពេលយប់វាអាចបណ្ដាលមកពីកង្វះវីតាមីន E ហើយ។ នេះក៏ព្រោះតែលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មនៃវីតាមីន E ជួយការពាររ៉េទីនភ្នែកពីការខូចខាត។ ដូច្នេះប្រសិនបើមិនទទួលទានបានវីតាមីន E គ្រប់គ្រាន់ទេនោះការមើលឃើញរបស់អ្នកប្រាកដជាមានបញ្ហា។
- អាហារសម្បូរវីតាមីន E ដែលគួរត្រូវបានរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. ផ្លែល្ហុង
ត្រឹម ១៤០ក្រាមនៃផ្លែល្ហុងមានផ្ទុកវីតាមីន E ១មីលីក្រាមដែលស្មើនឹង ៥ភាគរយនៃតម្រូវការប្រចាំថ្ងៃ។ ផ្លែឈើនេះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺជាច្រើនប្រភេទផ្សេងទៀតផងដែរ។ វាអាចសូម្បីតែប្រឆាំងការរលាកក្នុងរាងកាយនិងព្យាបាលបញ្ហាពិបាករំលាយអាហារ។
២. ប៉េងប៉ោះ
១៤៩ក្រាមនៃផ្លែប៉េងប៉ោះមានផ្ទុកវីតាមីន E ០.៨ មីលីក្រាមដែលស្មើនឹង ៤ភាគរយនៃតម្រូវការប្រចាំថ្ងៃ។ ប៉េងប៉ោះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ lycopene ដែលជួយប្រយុទ្ធប្រឆាំងជំងឺមហារីកនិងជំងឺជាច្រើនផ្សេងទៀត។
៣. ជីវ៉ាន់ស៊ុយ
៦០ក្រាមនៃជីវ៉ាន់ស៊ុយមានផ្ទុកវីតាមីន E ០.៤ មីលីក្រាមដែលស្មើនឹង ២ភាគរយនៃតម្រូវការប្រចាំថ្ងៃ។ ជីវ៉ាន់ស៊ុយក៏មានផ្ទុកសារធាតុចិញ្ចឹមដែលជួយប្រយុទ្ធប្រឆាំងជំងឺមហារីកនិងជំងឺទឹកនោមផ្អែមគួរឱ្យកត់សម្គាល់។ បន្ថែមពីនេះវីតាមីន K ក្នុងជីវ៉ាន់ស៊ុយអាចជួយពង្រឹងសុខភាពឆ្អឹងបានយ៉ាងប្រសើរផងដែរ។
៤. អូលីវ
៨ ក្រាមនៃអូលីវមានផ្ទុកវីតាមីន E ០.១ មីលីក្រាមដែលស្មើនឹង ១ភាគរយនៃតម្រូវការប្រចាំថ្ងៃ។ មិនថាប្រើប្រាស់ជាផ្លែអូលីវ ឬប្រេងអូលីវនោះវា អូលីវ គឺល្អណាស់សម្រាប់ផ្ដល់វីតាមីន E ដល់រាងកាយ។ វាក៏មានផ្ទុកអាស៊ីត oleic ដែលគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូលនិងធ្វើឱ្យសុខភាពបេះដូងមានលក្ខណៈប្រសើរឡើង។
៥. គ្រាប់ផ្កាឈូករ័ត្ន
ជាអាហារសម្រន់ដ៏ល្អបំផុតមួយដែលមានផ្ទុកសម្បូរទៅដោយវីតាមីន E ដែលរាងកាយត្រូវការ។ លើសពីនេះទៅទៀតគ្រាប់ផ្កាឈូករ័ត្នក៏ជាប្រភពដ៏ប្រសើរនៃទង់ដែង ម៉ង់កាណែស សេលេញ៉ូម ផូស្វ័រ ម៉ាញ៉េស្យូម វីតាមីន B1 វីតាមីន B3 និងវីតាមីន B6 ផងដែរ។
៦. គ្រាប់អាល់ម៉ុន
ត្រឹម ១/៤ ពែងនៃគ្រាប់អាល់ម៉ុនអាចផ្ដល់ឱ្យរាងកាយ ៤០ ភាគរយនៃវីតាមីន E ដែលត្រូវការប្រចាំថ្ងៃ។ ទោះជាយ៉ាងណាមិនត្រូវទទួលទានច្រើនពេកឡើយ។
៧. ផ្លែបឺរ
ត្រឹម ១ ពែងនៃផ្លែបឺរអាចផ្ដល់ឱ្យរាងកាយនូវវីតាមីន E ចាំបាច់ប្រចាំថ្ងៃដល់ទៅ ២១ ភាគរយ។ ផ្លែឈើនេះក៏ជាប្រភពដ៏ប្រសើរនៃជាំតិសសៃ ទង់ដែង សារធាតុ Folate ប៉ូតាស្យូម វីតាមីន B6 វីតាមីន C និងវីតាមីន K ផងដែរ។
៨. ទំពាំងបារាំង
ការរួមបញ្ចូលទំពាំងបារាំងត្រឹម ១ ពែងក្នុងរបបអាហារប្រចាំថ្ងៃអាចផ្ដល់ឱ្យរាងកាយនូវវីតាមីន E ចាំបាច់ដល់ទៅ ១៨ ភាគរយ។ បន្លែនេះក៏មានផ្ទុកសម្បូរទៅដោយវីតាមីន K ជាតិទង់ដែង សេលេញ៉ូម ម៉ង់កាណែស ផូស្វ័រ និងវីតាមីន C ដែលល្អសម្រាប់សុខភាពរាងកាយ ហើយជួយពង្រឹងប្រព័ន្ធភាពស៊ាំ។
៩. ផ្កាខាត់ណាខៀវ
ត្រឹម ១ ពែងនៃផ្កាខាត់ណាខៀវផ្ដល់ឱ្យរាងកាយនូវវីតាមីន E ចាំបាច់ប្រចាំថ្ងៃដល់ទៅ ១៥ ភាគរយ។ លើសពីនេះទៅទៀតផ្កាខាត់ណាខៀវមានផ្ទុកសម្បូរទៅដោយសមាសធាតុ Sulfuric ដែលជួយកម្ចាត់ជាតិពុលផ្សេងៗពីក្នុងរាងកាយគួរឱ្យកត់សម្គាល់៕