កំពុងជួបប្រទះបញ្ហាសក់បែកចុងមែនទេ? មិនពិបាកដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះដោះស្រាយបញ្ហានេះ ៖
១. ម៉ាស្សាជាមួយប្រេងសុខភាពល្អ
អាចជាប្រេងដូង, ប្រេងអូលីវ, ប្រេងអាល់ម៉ុន និងប្រេងល្ងដែលមិនត្រឹមតែមានប្រសិទ្ធភាពជួយទប់ស្កាត់ភាពស្ងួតខ្លាំងនៃសក់ដែលបង្កបញ្ហាបែកចុងប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់សារធាតុចិញ្ចឹមរក្សាសុខភាពសក់ល្អរឹងមាំផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងណាមួយលើសក់ពីគល់ដល់ចុង និងរងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ២០នាទី។
២. ស៊ុត
ស៊ុតជាប្រភពដ៏ប្រសើរនៃបាយអូទីនដែលជាវីតាមីនក្រុម B ល្អសម្រាប់រក្សាសុខភាពសក់និងជម្រុញការលូតលាស់នៃសក់។ ពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍គោះស៊ុត ១គ្រាប់ រួចកូរវឹកឱ្យសព្វមុននឹងយកមកលាបម៉ាស្សាលើសក់ពីគល់ទៅចុង។ រងចាំសម្រាប់រយៈពេលប្រហែល ៣០នាទី មុនកក់សម្អាតចេញជាមួយសាប៊ូដូចពេលធម្មតា។
៣. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើលើចុងសក់ និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
៤. ល្ហុងទុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែល្ហុងជាមួយយ៉ាអួរឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកលាបល្បាយលើសក់និងរងចាំសម្រាប់រយៈពេលពី ៣០ ទៅ ៤៥នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។
៥. ផ្លែបឺរ
លាយសាច់ផ្លែបឺរ ១ផ្លែជាមួយស៊ុត ១គ្រាប់ និងប្រេងអូលីវពី ២ ទៅ ៣ដំណក់ឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបល្បាយលើសក់ (ដោយផ្ដោតសំខាន់លើចុងនៃសក់) រងចាំសម្រាប់រយៈពេលពី ១០ ទៅ ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។
៦. ខ្ទិះដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ប្រេងដូងពី ២ ទៅ ៤ស្លាបព្រាកាហ្វេលើបាតដៃ បន្ទាប់មកសឹមលាបលើសក់ពីគល់ដល់ចុង។ រួចកុំភ្លេចពាក់មួកផ្លាស្ទិកឱ្យជិត និងរងចាំសម្រាប់រយៈពេលពី ១ ទៅ ២ម៉ោង សឹមកក់សម្អាតសក់ចេញជាមួយសាប៊ូផ្សំឡើងពីរុក្ខជាតិ (Herbal shampoo)។ អនុវត្តរៀងរាល់ពី ២ ទៅ ៣ថ្ងៃ។
៧. ចេកទុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនចេកទុំ ១ផ្លែជាមួយខ្ទិះដូង ២ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបល្បាយលើសក់ពីគល់ដល់ចុង (ចៀសវាងលាបលើគល់ ឬ ឬសនៃសក់ប្រសិនបើអ្នកមានស្បែកក្បាលខ្លាញ់)។ កុំភ្លេចពាក់មួកផ្លាស្ទិកឱ្យជិតសក់ក្រោយពេលលាបល្បាយរួច។ រងចាំសម្រាប់រយៈពេលពី ១ ទៅ ២ម៉ោង សឹមលាងសម្អាតចេញជាមួយសាប៊ូផ្សំឡើងពីរុក្ខជាតិ (Herbal Shampoo)។ អនុវត្តម្ដងក្នុងមួយសប្តាហ៍។ អ្នកក៏អាចត្រឹមតែលាយចេកទុំ ១ផ្លែជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយឱ្យសព្វចូលគ្នា រូចសឹមលាបលើសក់ (ផ្ដោតសំខាន់លើចុងសក់)។ រងចាំសម្រាប់រយៈពេលពី ២៥ ទៅ ៣០នាទី សឹមលាងសម្អាតចេញជាការស្រេច។
សម្គាល់៖ ការទទួលទានអាហារដែលផ្ដល់ឱ្យរាងកាយនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ស្របតាមតម្រូវការនៃសក់និងស្បែកក្បាល គឺជាវិធីដ៏ប្រសើរបំផុតមួយដើម្បីព្យាបាល ក៏ដូចជាទប់ស្កាត់បញ្ហាសក់បែកចុង។ ដូច្នេះត្រូវប្រាកដថាអ្នកបានទទួលទានអាហារសម្បូរប្រូតេអ៊ីន ស័ង្កសី ជាតិដែក អ៊ីយ៉ូដ វីតាមីន A វីតាមីន C និងវីតាមីន E ជាប្រចាំ៕