ការថែរក្សាខ្លួនឯង គឺជាទម្លាប់មួយដែលអ្នកត្រូវតែអនុវត្តជាប្រចាំ មិនថាអ្នកជាប់ធ្វើអ្វីក៏ដោយ។ ភាគច្រើននៃពួកយើងតែងភ្លេចអំពីការថែក្សាខ្លួនឯង ដោយសារតែការងារផ្សេងៗដែលទាមទារឲ្យយើងត្រូវធ្វើក្នុងជីវិត ហើយជាលទ្ធផលសុខភាពក៏ទទួលរងផលប៉ះពាល់គួរឲ្យព្រួយបារម្ភ។ (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ) ទោះជាយ៉ាងណា ដើម្បីគ្រប់គ្រងភាពតានតឹងក្នុងអារម្មណ៍ ឬជៀសឆ្ងាយពីបញ្ហាស្ត្រេសក្នុងជីវិត, រស់នៅប្រកបដោយសុខភាពល្អ, សុទិដ្ឋិនិយម និងអាចស្វែងយល់អំពីតុល្យភាពនៃការងារ និងជីវិតបានយ៉ាងងាយស្រួលនោះ ការអនុវត្តន៍ទម្លាប់ថែរក្សាខ្លួនឯង គឺសំខាន់ណាស់។ ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីទម្លាប់ថែរក្សាខ្លួនឯងមួយចំនួនដែលអ្នកគួរសាកល្បងអនុវត្ត ៖
១. សសេរកំណត់ហេតុប្រចាំថ្ងៃ ៖ មួយក្នុងចំណោមទម្លាប់ដ៏ប្រសើរនៃការថែរក្សាខ្លួនឯង គឺការសសេរក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់អ្នក។ ប្រើវាជាកន្លែង ឬរបស់ដែលអ្នកអាចបញ្ចេញអារម្មណ៍គ្រប់យ៉ាងទៅលើ។ ការធ្វើដូច្នេះអាចជួយមិនឲ្យអ្នកស្ត្រេសខ្លាំង ក៏ដូចជាទប់ស្កាត់ការលាក់អារម្មណ៍ច្រើនក្នុងចិត្ត។ អ្នកមិនចាំបាច់សសេរឲ្យដូចជាប្រលោមលោកអ្វីនោះទេ គ្រាន់តែសរសេរអ្វីខ្លីៗ ឬបែបណាក៏បានតាមការចំណង់ចិត្តរបស់អ្នក។
២. រត់ហាត់ប្រាណ ៖ ទម្លាប់ល្អមួយទៀតនៃការថែរក្សាខ្លួនឯង គឺចំណាយពេលចេញទៅរត់នៅខាងក្រៅ ឬគ្រាន់តែរត់ត្រឹកៗនៅពេលដែលអ្នកអាចក៏បាន។ ការធ្វើបែបនេះមិនត្រឹមតែជួយគ្រប់គ្រង ហើយកាត់បន្ថយកម្រិតនៃភាពស្ត្រេសតែប៉ុណ្ណោះទេ ប៉ុន្តែល្អប្រសើរបំផុតសម្រាប់សុខភាពទាំងមូលរបស់អ្នកតែម្ដង។ សាច់ដុំរបស់អ្នកនឹងប្រែជាកាន់តែរឹងមាំឡើង ហើយសុខភាពឆ្អឹងនិងបេះដូងក៏ល្អប្រសើរដូចគ្នាផងដែរ។
៣. ស្វែងរកផ្នែកវិជ្ជមាននៃជីវិត ៖ ជីវិតអាចពិបាក, ងងឹត និងជួបប្រទះរឿងមិនល្អច្រើន ប៉ុន្តែមិនមែនមានន័យថា អ្នកគួរមើលពិភពលោកក្នុងសភាពបែបនេះរាល់ថ្ងៃ ឬរហូតទេ។ ទម្លាប់ដ៏ល្អមួយដើម្បីអនុវត្ត គឺរៀនស្វែងរកផ្លូវវិជ្ជមាន ឬរឿងល្អៗមិនថាអ្នកកំពុងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ភ្លាមៗ ឬដំបូងវាអាចនឹងពិបាក ប៉ុន្តែនៅពេលអ្នកព្យាយាមអនុវត្តយូរទៅវានឹងប្រែជាងាយ ហើយអ្នកអាចសម្គាល់ឃើញរឿងល្អៗជាច្រើនកើតឡើងជុំវិញខ្លួនអ្នក។
៤. រៀននិយាយថា “ទេ” ៖ អ្នកមិនគួរយល់ព្រម ឬមិនបដិសេធសោះនោះទេ។ ប្រសិនបើអ្នកមានបន្ទុកច្រើន ឬស្មុគស្មាញខ្លាំងហើយ ចូររៀននិយាយបដិសេធខ្លះ ដើម្បីទប់ស្កាត់ការដាក់សម្ពាធលើខ្លួនឯងលើសកម្រិតពេក។ ការរៀននិយាយបដិសេធជាមួយអ្នកផ្សេងខ្លះ គឺអាចជួយសម្រាលបន្ទុកដែលអ្នកកំពុងដាក់លើខ្លួនឯង ដោយអ្នកនឹងមានពេលវេលាផ្ដោតលើ ឬគ្របគ្រងបញ្ហាខ្លួនឯងច្រើន។
៥. ជ្រើសរើសរាប់អានជាមួយមនុស្សត្រឹមត្រូវ ៖ ទម្លាប់ថែរក្សាខ្លួនឯងដ៏ល្អមួយទៀតនោះ គឺការពិចារណាជ្រើសរើសរាប់អានដើរជាមួយមនុស្សណាដែលអាចធ្វើឲ្យអ្នកអាចបង្ហាញចេញនូវភាពពូកែ និងល្អៗរបស់ខ្លួនបានច្រើនជាងគំនិតមិនល្អមានតែភាពស្មុគស្មាញ៕