ភាគច្រើននៃពួកយើងសុទ្ធតែបានស្គាល់ហើយថា ស្លឹកការី ឬស្លឹកកន្ទ្រោក គឺជាស្លឹកឈើមួយប្រភេទដែលមានក្លិនប្រហើរប្រើធ្វើជាគ្រឿងសម្ល ហើយត្រួយខ្ចីអាចប្រើជាអន្លក់ទទួលទានក៏បាន។ (អាន ៖ ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ)ទោះជាយ៉ាងណា អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា ក្រៅពីជួយបង្កើនឱជារស និងក្លិនឈ្ងុយដល់អាហារហើយនោះ ស្លឹកកន្ទ្រោក អាចផ្ដល់ផលល្អៗគួរឲ្យភ្ញាក់ផ្អើលចំពោះសុខភាពរាងកាយបាន! នោះក៏ព្រោះតែសារធាតុចីញ្ចឹមដែលវាមានផ្ទុករួមបញ្ចូលទាំង ថាមពល, កាបូអ៊ីដ្រាត, សារធាតុប្រឆាំងអុកស៊ីតកម្ម, កាល់ស្យូម, ជាតិសសៃ,ជាតិដែក, ផូស្វ័រ, ជាតិទង់ដែង, ម៉ាញ៉េស្យូម, វីតាមីន និងជាតិរ៉ែផ្សេងៗទៀត។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទាន ស្លឹកការី ឬកន្ទ្រោក ចំពោះសុខភាព ៖
១. គ្រប់គ្រងជំងឺទឹកនោមផ្អែម
ចង់គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមតាមបែបធម្មជាតិមែនទេ? ងាយណាស់! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមស្លឹកកន្ទ្រោក ឬម្ស៉ៅស្លឹកការីចូលក្នុងរបបអាហារប្រចាំថ្ងៃ។ ស្លឹកកន្ទ្រោក មានប្រសិទ្ធិភាពជម្រុញ និងការពារកោសិកាលំពែងដែលផលិតអាំងស៊ុយលីន។ ជាលទ្ធផលកម្រិតនៃជាតិស្ករក្នុងឈាមត្រូវបានកាត់បន្ថយ។ លើសពីនេះទៅទៀត ស្លឹកកន្ទ្រោក ក៏មានឥទ្ធិពលលើការរំលាយអាហារកាបូអ៊ីដ្រាតកាត់បន្ថយហានិភ័យនៃភាពតានតឹង ដោយសារអុកស៊ីតកម្មផងដែរ។
២. ព្យាបាលរបួស
ស្លឹកកន្ទ្រោក អាចជួយពន្លឿនដំណើរការជាសះស្បើយនៃរបួស និងរលាកបានយ៉ាងប្រសើរ។ លើសពីនេះទៅទៀត ស្លឹកកន្ទ្រោក មានផ្ទុកនូវសារធាតុប្រឆាំងបាក់តេរី, សារធាតុប្រឆាំងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមិនត្រឹមតែជួយព្យាបាល និងកាត់បន្ថយការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្សេងៗចូលក្នុងរបួសផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកស្លឹកកន្ទ្រោកស្រស់មួយចំនួនទៅកិនឲ្យម៉ដ្ឋខាប់ៗ រួចយកវាទៅបិតលាបលើស្នាមរោលកន្ទួល, របួស និងស្បែកដែលរលាក ឲ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។
៣. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម
ស្លឹកកន្ទ្រោក ជាប្រភពដ៏ប្រសើរនៃអាស៊ីត folic និងជាតិដែក។ អាស៊ីត folic ទទួលខុសត្រូវចំពោះការដឹកនាំ និងជួយរាងកាយស្រូបយកជាតិដែក ហើយដោយសារតែស្លឹកកន្ទ្រោកមានផ្ទុកជាតិដែកច្រើនស្រាប់នោះធ្វើឲ្យវាក្លាយជាឱសថបែបធម្មជាតិដ៏អស្ចារ្យទប់ស្កាត់បញ្ហានៃជំងឺខ្វះគ្រាប់ឈាមក្រហម។
៤. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ
យោងតាមការសិក្សាស្រាវជា្រវជាច្រើនបានបង្ហាញឲ្យដឹងថា ស្លឹកកន្ទ្រោក មានប្រសិទ្ធិភាពខ្ពស់ក្នុងការកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អគួរឲ្យកត់សម្គាល់។
៥. ជួយឲ្យស្រកទម្ងន់
ស្លឹកកន្ទ្រោកមានផ្ទុកនូវសារធាតុ Carbazole alkaloids ដែលទទួលខុសត្រូវប្រឆាំងនឹងការកើនទម្ងន់ ហើយថែមទាំងអាចជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយទៀតផង។ ដើម្បីបង្កើនការទទួលទានស្លឹកកន្ទ្រោក អ្នកអាចទំពារស្លឹកកន្ទ្រោកស្ងួតក្នុងមាត់តែម្ដង ឬបន្ថែមស្លឹកកន្ទ្រោកស្រស់ ឬក្រៀមចូលក្នុងអាហារផ្សេងៗបាន៕