មិនចាំបាច់ត្រូវចំណាយលុយអស់ច្រើនលើផលិតផលផ្សេងៗដើម្បីដោះស្រាយបញ្ហាស្បែកមុខខ្លាញ់ឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហេតុអ្វីទៅ? ក៏ព្រោះតែអ្នកអាចប្រើប្រាស់រូបមន្តធម្មជាតិដើម្បីព្យាបាលស្បែកមុខប្រភេទនេះ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិល្អសម្រាប់បញ្ហាស្បែកមុខខ្លាញ់ ៖
១. រូបមន្តទឹកឃ្មុំនិងផ្លែចេក
អ្វីដែលអ្នកត្រូវការ គឺចេកទុំ ១ ផ្លែ ទឹកឃ្មុំ ២ ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេ។ អ្វីដែលអ្នកត្រូវធ្វើ គឺកិនសាច់ចេកទុំឱ្យម៉ដ្ឋ រួចបន្ថែមទឹកឃ្មុំនិងទឹកក្រូចឆ្មារចូល។ បន្ទាប់់មកកូរឱ្យសព្វចូលគ្នា រួចលាបល្បាយលើមុខសម្រាប់រយៈពេល ២០ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។ អ្នកក៏អាចលាបទឹកឃ្មុំ ១ស្រទាប់ស្ដើងលើស្បែកមុខ និងរងចាំរហូតដល់ស្ងួតសិន សឹមលាងសម្អាតចេញ។
២. រូបមន្តផ្នែកពណ៌សនៃស៊ុតនិងទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌សនៃស៊ុត ១គ្រាប់ជាមួយទឹកក្រូចឆ្មារស្រស់ប៉ុន្មានដំណក់ ឬ ១ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ និងរងចាំរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៣. រូបមន្តរមៀតនិងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយរមៀតកន្លះស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំសរីរាង្គ ១ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាមមកសឹមលាបល្បាយលើស្បែកមុខនិងរងចាំសម្រាប់រយៈពេល ២០នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
៤. រូបមន្តប្រទាលកន្ទុយក្រពើ ទឹកឃ្មុំ និងក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ ២ស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេនិងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេចូលគ្នាឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើស្បែកមុខនិងរងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានម្ដងក្នុងមួយថ្ងៃ។ សាកសមសម្រាប់ស្បែកស្ងួត ស្បែកធម្មតា និងស្បែកខ្លាញ់។
៥. រូបមន្តប្រទាលកន្ទុយក្រពើនិងផ្លែល្ហុង
លាយផ្លែល្ហុងទុំពី ២ ទៅ ៣ ដុំជាមួយជែលប្រទាលកន្ទុយក្រពើស្រស់ ២ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នាក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកលាបម៉ាស្សាល្បាយលើស្បែកមុខនិងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១២នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា ឬទឹកត្រជាក់។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍។ សាកសមសម្រាប់ស្បែកធម្មតា និងស្បែកខ្លាញ់៕