ល្ពៅជាបន្លែដ៏ពេញនិយមបំផុតមួយដោយសាររសជាតិឈ្ងុយឆ្ងាញ់របស់វាដែលអាចយកមកធ្វើជាបង្អែម និងបែបអាហារផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានបន្លែមួយប្រភេទនេះ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើរនៃទឹកបន្លែនេះចំពោះសុខភាពឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមានគួរអោយភ្ញាក់ផ្អើលនៃការទទួលទានទឹកផ្លែល្ពៅ ៖
- អត្ថប្រយោជន៍ចំពោះសុខភាព
១. ពង្រឹងសុខភាពភ្នែក
ល្ពៅមានផ្ទុក beta-carotene ដែលបំលែងជាវីតាមីន A ព្រមទាំងសារធាតុ Lutein និង Zeaxanthin ដែលល្អណាស់សម្រាប់រក្សាសុខភាពភ្នែករឹងមាំប្រសើរ។
២. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
សារធាតុ beta-carotene នៃផ្លែល្ពៅត្រូវបានបំលែងជាវីតាមីន A នៅក្នុងរាងកាយ ព្រមទាំងសមាសធាតុ phytoestrogens និងជាតិសសៃខ្ពស់ ដែលជួយការពារកោសិកាប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក ជាពិសេសកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់។
៣. បន្សាបជាតិពុលក្នុងរាងកាយ
ទឹកផ្លែល្ពៅ គឺល្អណាស់សម្រាប់សុខភាពថ្លើមនិងតម្រងនោម។ នេះក៏ព្រោះតែល្ពៅមានផ្ទុកសារធាតុ Beta-carotene និង carotenoids ផ្សេងទៀតដែលធ្វើឱ្យជាលិកានៃសុខភាពថ្លើមប្រសើរឡើង និងជួយបន្សាបជាតិពុលពីក្នុងថ្លើម ព្រមទាំងរាងកាយ។
៤. ពង្រឹងសុខភាពបេះដូង
ល្ពៅក៏មានផ្ទុកសម្បូរទៅសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់រក្សាសុខភាពបេះដូងរឹងមាំប្រសើរផងដែរ។ វាជាប្រភពដ៏ល្អបំផុតនៃប៉ូតាស្យូម វីតាមីន C និងជាតិសសៃដែលអាចផ្ដល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ចំពោះសុខភាពបេះដូង។
៥. កាត់បន្ថយហានិភ័យនៃជំងឺនោមផ្អែម
នោះក៏ព្រោះតែល្ពៅមានផ្ទុកកាបូអ៊ីដ្រាតទាប ប៉ុន្តែជាតិសសៃ វីតាមិន C និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលជួយរក្សាកម្រិតជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់។
៦. ទប់ស្កាត់ជំងឺក្រិនសសៃឈាម
ទឹកបន្លែពណ៌ទឹកក្រូចនេះ គឺល្អណាស់សម្រាប់សម្អាតសសៃឈាមកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងដាច់សសៃឈាមខួរក្បាលតាមរយៈសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលវាមានផ្ទុក។ បន្ថែមពីនេះល្ពៅក៏ជាប្រភពដ៏សម្បូរនៃជាតិម៉ាញ៉េស្យូម ជាតិសសៃ ប៉ូតាស្យូម និងវីតាមីន C ដែលចាំបាច់សម្រាប់ពង្រឹងសុខភាពបេះដូង ហើយថែមទាំងកម្រិតភាពត្រឹមត្រូវនៃអត្រាចង្វាក់បេះដូងផងដែរ។
៧. សម្រួលការរំលាយអាហារនិងព្យាបាលអាការៈទល់លាមក
ទឹកល្ពៅជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលមានអត្ថប្រយោជន៍ណាស់សម្រាប់រក្សាប្រព័ន្ធរំលាយអាហារ ពិសេសអាចជួយព្យាបាលអាការៈទល់លាមកបានយ៉ាងប្រសើរ។
៨. ពង្រឹងប្រព័ន្ធភាពស៊ាំ
ល្ពៅ ក៏មានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលជួយប្រយុទ្ធប្រឆាំងជាមួយឥទ្ធិពលនៃការរលាកផ្សេងៗលើកោសិកាប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរ។ បន្ថែមពីនេះល្ពៅក៏ជាប្រភពនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយប្រយុទ្ធប្រឆាំងមេរោគឆ្លងនានាផងដែរ។
៩. ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ
ល្ពៅជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលត្រូវការចាំបាច់សម្រាប់ការលូតលាស់នៃគភ៌ និងរក្សាសុខភាពស្ត្រីជាម្ដាយ។ វាមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន ជាតិខ្លាញ់សុខភាពល្អ កាបូអ៊ីដ្រាត វីតាមីន A វីតាមីន B1 វីតាមីន C កាល់ស្យូម ផូស្វ័រ និងជាតិដែក។ បន្ថែមពីនេះការទទួលទានទឹកផ្លែល្ពៅក៏ជួយទប់ទល់នឹងអាការៈចាញ់ផងដែរ។
១០. កាត់បន្ថយការរលាកក្នុងរាងកាយ
ទឹកផ្លែល្ពៅមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺរលាកសន្លាក់ដែលមានន័យថាវាជួយកាត់បន្ថយការរលាកក្នុងរាងកាយ, ការហើម និងឈឺចាប់ដែលផ្សារភ្ជាប់នឹងជំងឹរលាកសន្លាក់។
- អត្ថប្រយោជន៍ចំពោះសម្រស់
១. ជួយឱ្យស្រកទម្ងន់
នេះក៏ព្រោះតែល្ពៅជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយពន្យឺតការរំលាយអាហារធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ជាតិសសៃនៃផ្លែល្ពៅ ក៏ជួយជំរុញប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះទម្ងន់។ លើសពីនេះទៅទៀតទឹកបន្លែនេះមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែប៉ូតាស្យូមខ្ពស់ជួយកម្ចាត់ជាតិអំបិល និងសារធាតុរាវដែលលើសចេញពីរាងកាយ កាត់បន្ថយការហើម។
២. ល្អសម្រាប់សុខភាពស្បែក
ទឹកល្ពៅជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ beta-carotene ដែលជួយការពារស្បែកពីការបំផ្លាញដោយសារពន្លឺព្រះអាទិត្យ។ ល្ពៅ ក៏មានផ្ទុកវីតាមីន C និង E ដែលជម្រុញបង្កើនការផលិតកូឡែជែនជួយរក្សាស្បែកតឹងណែនក្មេងជាងវ័យ។
៣. ព្យាបាលសក់ស្ងួតខូច
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំល្ពៅដែលស្ងោរឆ្អិន ២ពែង រួចលាយជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយ, យ៉ាអួរ ១ស្លាបព្រាបាយ និងប្រេងដូង ១ស្លាបព្រាបាយ។ កូរឱ្យសព្វចូលគ្នា សឹមលាបល្បាយលើសក់ និងពាក់មួកផ្លាស្ទិកគ្របឱ្យជិត។ រងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងជម្រះចេញដោយប្រើប្រាស់សាប៊ូកក់សក់និងក្រែមបន្ទន់ដូចពេលធម្មតា៕