អាហារពេលល្ងាចដែលយឺត ឬជា អាហារពេលយប់ជ្រុល គឺមានភាពពេញនិយមសម្រាប់អ្នកចេញពីធ្វើការយឺត ឬ ដើរលេងយប់ជ្រុល ព្រោះតែពួកគេចង់បំពេញក្រពះកុំឱ្យក្រពះកូរពេលដេក។
អ្នកប្រហែលជាមានអារម្មណ៍តានតឹង ដោយសារតែអ្នកឃ្លាន ប៉ុន្តែប្រភេទអាហារដែលអ្នកញ៉ាំគឺសំខាន់ណាស់។ មនុស្សភាគច្រើនតែងតែ ទទួលទានអាហារផ្តេសផ្តាសនៅពេលយប់ ពេលពួកគេកំពុងមើលរឿងភាគផ្តាច់រាត្រី។ វាប្រាកដណាស់គឺមិនល្អសម្រាប់សុខភាពទេ។ នេះក៏ដោយសារតែតាមការសិក្សាគេរកឃើញថា ការទទួលទានអាហារយប់ជ្រៅពេក ធ្វើឱ្យងាយប្រឈមនឹងកើតជម្ងឺទឹកនោមផ្អែម។
ដោយសារអាហារដែលអ្នកញ៉ាំនៅពេលយប់មិនអាចរំលាយបាន កូលេស្តេរ៉ុល ទ្រីគ្លីសេរីដ និង អាំងស៊ុយលីន មានការកើនឡើងដោយស្វ័យប្រវត្តិ។ ការកើនឡើងអាំងស៊ុយលីននិងគ្លុយកូស អាចបណ្តាលឱ្យមានជម្ងឺទឹកនោមផ្អែម។ សមត្ថភាពរបស់រាងកាយក្នុងការប្រើប្រាស់អាំងស៊ុយលីនពេលយប់ ខ្ពស់ជាងពេលថ្ងៃ។ នៅពេលដែលអាំងស៊ុយលីនរបស់អ្នកមិនអាចគ្រប់គ្រងគ្លុយកូសនៅក្នុងខ្លួនបាន អ្នកនឹងមានជាតិស្ករខ្ពស់នៅក្នុងឈាម។ នេះគឺមិនល្អសម្រាប់សុខភាពនោះទេ។
ប្រសិនបើអ្នកជាស្រ្តីអាយុក្រោម៥៥ឆ្នាំ ទៀតនោះ វាប្រាកដជាពិបាកហើយប្រសិនបើកើតជម្ងឹទឹកនោមផ្អែមបែបនេះ ដោយសារតែការសិក្សាមួយ ដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្រ្ត JAMA Cardiology បានឱ្យដឹងថាស្ត្រីដែលមានអាយុក្រោម ៥៥ឆ្នាំ ដែលមានជម្ងឺទឹកនោមផ្អែមប្រភេទ២ គឺមានហានិភ័យខ្ពស់ ១០ដង ក្នុងការវិវត្តទៅជាជម្ងឺបេះដូងនៅក្នុងរយៈពេល ២ទសវត្សខាងមុខ។ គេបានលើកឡើងថា ស្ត្រីទាំងនេះអាចវិវត្តទៅជាករណី Lipoprotein Insulin Resistance (LPIR) ដែលជាសញ្ញាបញ្ជាក់មួយកម្រិតទៀតថា ស្រ្តីដែលមានជម្ងឺទឹកនោមផ្អែម ប្រឈមនឹងជម្ងឺសរសៃឈាមបេះដូង៕