ស្បែកក្បាលឡើងប្រេងខ្លាំងជាកត្តាចម្បងបំផុតមួយនៃបញ្ហាអង្គែ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដោះស្រាយបញ្ហាស្បែកក្បាលឡើងប្រេង ៖
១. ម្សៅ Baking Soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយម្សៅ Baking soda មួយចំនួនលើស្បែកក្បាលនិងសក់។ កុំភ្លេចសិតសក់ដើម្បីឱ្យពង្រាយម្សៅ។ អ្នកក៏អាចលាយម្សៅ Baking soda ១ស្លាបព្រាបាយជាមួយទឹកធម្មតាពី ៣ ទៅ ៤ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបលើសក់ដែលសើម។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
២. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោមប្រមាណពី ២ ទៅ ៣ ស្លាបព្រាបាយជាមួយទឹកធម្មតា ១ ពែង។ កូរអោយសព្វសឹមប្រើប្រាស់ល្បាយនេះលាងសម្អាតសក់ក្រោយពេលកក់ជាមួយសាប៊ូរួច។ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតសក់ចេញម្ដងទៀតជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញអោយបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
៣. តែបៃតង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតងកន្លះពែងជាមួយទឹកធម្មតា ១ពែងឱ្យពុះ ឬរម្ងាស់ ៥នាទី សឹមត្រងកាកចេញ។ ទុកទឹកតែឱ្យចុះត្រជាក់ជាមុនសិន សឹមលាបលើស្បែកក្បាលនិងសក់។ រងចាំសម្រាប់រយៈពេលពី ៣០ ទៅ ៤០នាទី មុនពេលលាងសម្អាតចេញ។ អនុវត្តម្ដងក្នុងមួយសប្តាហ៍។
៤. តែខ្មៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែខ្មៅ ២ ឬ ៣ កញ្ចប់តូចក្នុងទឹកក្ដៅ ១ ពែង។ រងចាំរហូតដល់ទឹកតែប្រែជាក្ដៅឧណ្ហៗ សឹមប្រើប្រាស់ទឹកតែនេះលាងសម្អាតសក់លើកចុងក្រោយបន្ទាប់ពីកក់សក់រួច។
៥. ទឹកក្រូចឆ្មារស្រស់
ច្របាច់ក្រូចឆ្មារ ២ ផ្លែយកទឹកលាយជាមួយទឹកធម្មតា ២ ពែងនិងទឹកឃ្មុំ ៣ ស្លាបព្រាកាហ្វេ។ កូរអោយសព្វសឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលនិងសក់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ ទុកចោលសម្រាប់រយៈពេល ៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ មិនគួរអនុវត្តលើសពី ២ ដងក្នុងមួយសប្តាហ៍ឡើយ។
៦. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើលើស្បែកក្បាល។ និងរងចាំសម្រាប់រយៈពេលប្រហែល ១០ នាទី សឹមកក់សម្អាតសក់ដូចពេលធម្មតា។
៧. ស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌លឿងនៃស៊ុត ១គ្រាប់ជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើសក់ដែលទើបនឹងកក់សម្អាតរួចថ្មីៗ។ រងចាំសម្រាប់រយៈពេលពី ៣០ ទៅ ៤០នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានម្ដងក្នុងមួយសប្តាហ៍៕