បញ្ហាឈឺចាប់សាច់ដុំអាចបណ្ដាលមកពីមូលហេតុជាច្រើនរួមបញ្ចូលទាំងការរបួស, ការប្រើប្រាស់ខ្លាំងពេក, ការធ្វើលំហាត់ប្រាណ, បញ្ហាលំហូរឈាម, កង្វះជាតិរ៉ែដូចជាកាល់ស្យូម ប៉ូតាស្យូមនិងម៉ាញ៉េស្យូម, កង្វះជាតិទឹកក្នុងរាងកាយនិងឥទ្ធិពលនៃការប្រើប្រាស់ឱសថមួយចំនួន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែបើចង់បន្ថយ ឬបំបាត់អាការៈឈឺចាប់ក៏មិនពិបាកដែរ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យពីគន្លឹះងាយៗដោះស្រាយបញ្ហាឈឺចាប់សាច់ដុំ ៖
១. បង្កើនការទទួលទានបន្លែបៃតង
បន្លែបៃតង ព្រមទាំងបន្លែប្រភេទ cruciferous ដូចជាប្រូខូលី និងផ្កាខាណាត់ណាជាដើមសុទ្ធតែមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយពន្លឿនភាពជាសះស្បើយនៃការឈឺចាប់សាច់ដុំ។
២. រួមបញ្ចូលរមៀតក្នុងរបបអាហារ
រមៀតជាប្រភពនៃសារធាតុ curcumin ដែលមានប្រសិទ្ធភាពព្យាបាលអាការៈឈឺសាច់ដុំបានយ៉ាងប្រសើរ។ សារធាតុ curcumin ជួយកាត់បន្ថយការរលាកនិងទប់ស្កាត់ការខូចខាតនៃសាច់ដុំ ខណៈពេលពន្លឿនភាពជាសះស្បើយនៃសាច់ដុំ
៣. ងូតទឹកក្ដៅឧណ្ហៗ ឬឆ្លាស់ជាមួយទឹកត្រជាក់
គ្មានអ្វីល្អចំពោះសាច់ដុំដែលឈឺចាប់និងហត់នឿយជាងការទទួលទានទឹកក្ដៅឧណ្ហៗឡើយ។ ពេលវេលាដ៏ល្អបំផុតដើម្បីងូតទឹកក្ដៅឧណ្ហៗនោះ គឺមុនពេលចូលគេង។ ទោះជាយ៉ាងណាការងូតឆ្លាស់គ្នារវាងទឹកក្ដៅឧណ្ហៗនិងទឹកត្រជាក់ក៏ផ្ដល់ប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ផងដែរ។ ការងូតទឹកត្រជាក់អាចជួយសាច់ដុំឱ្យឆាប់សះស្បើយឡើងវិញឆាប់រហ័ស។ នោះក៏ព្រោះតែទឹកត្រជាក់ជួយទប់ទល់នឹងការឈឺចាប់ហើមសាច់ដុំ។ ការស្អំទឹកកកសម្រាប់រយៈពេលយ៉ាងហោចណាស់ ២០ នាទីអាចបន្ថយអាការៈហើមនិងឈឺចាប់។
៤. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ឬ ២ ស្លាបព្រាបាយក្នុងទឹក ១ កែវ។ កូរឱ្យសព្វ សឹមទទួលទាន។ អ្នកក៏អាចប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមលាបផ្ទាល់លើកន្លែងដែលឈឺចាប់សាច់ដុំ ឬរមួលក្រពើផងដែរ។
៥. ទទួលទានទឹកឱ្យបានច្រើន
ការហាត់ប្រាណអាចនឹងធ្វើឱ្យរាងកាយទាំងមួល រួមទាំងសាច់ដុំបាត់បង់ជាតិទឹក។ ដូច្នេះការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ គឺសំខាន់ណាស់។ ហើយការទទួលទានទឹកធម្មតា គឺប្រសើរជាងភេសជ្ជៈកីឡាដែលមានផ្ទុកសម្បូរទៅដោយស្ករនិងគ្រឿងផ្សំបន្ថែមរសជាតិ។
៦. សន្ធឹងសាច់ដុំ
ការធ្វើចលនា ឬសន្ធឹងសាច់ដុំពិតជាអាចជួយបំបាត់អាការៈឈឺចាប់និងឡើងរឹងគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែការធ្វើចលនាជួយជម្រុញបរិមាណនៃលំហូរឈាមទៅកាន់សាច់ដុំដែលជួយបំបាត់ភាពរឹងនិងតឹងណែនឈឺចាប់។ ដូច្នេះជំនួសឱ្យការគេងស្ងៀមនៅពេលឈឺចាប់ដុំ ចូរព្យាយាមក្រោកដើរ ឬធ្វើចលនារាងកាយស្រាលៗវិញ។
៧. ការម៉ាស្សា
នោះក៏ព្រោះតែការម៉ាស្សាជួយបន្ធូរសាច់ដុំដែលតឹងណែន ហើយជម្រុញការបញ្ជូនសារធាតុចិញ្ចឹមចាំបាច់ ក៏ដូចជាអុកស៊ីសែនដែលសាច់ដុំត្រូវការ។ ការម៉ាស្សាក៏ជួយរំញោចចរន្តឈាមហូរនិងពន្លឿនការជាសះស្បើយនៃសាច់ដុំផងដែរ។
៨. កុំភ្លេចទទួលទានអាហារសម្បូរប្រូតេអ៊ីន
សាច់ដុំត្រូវការប្រូតេអ៊ីនដើម្បីរក្សាមុខងារត្រឹមត្រូវ ការលូតលាស់ និងពន្លឿនការជាសះស្បើយ។ ដូច្នេះអ្នកគួរកុំភ្លេចរួមបញ្ចូលអាហារសម្បូរប្រូតេអ៊ីនក្នុងរបបអាហារប្រចាំថ្ងៃ៕