ខួរក្បាលជាសរីរាង្គសំខាន់ណាស់ក្នុងរាងកាយដែលផ្សារភ្ជាប់សសៃប្រសាទរាប់លានជាមួយរាងកាយ ហើយនៅពេលអ្នកទទួលទានអាហារត្រឹមត្រូវនោះអ្នកអាចបង្កើនការចងចាំរបស់ខ្លួនឯងបានប្រកបដោយប្រសិទ្ធិភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលណាខួរក្បាលទទួលរងសម្ពាធ ឬតានតឹងវានឹងបញ្ចេញនូវសារធាតុគីមីដែលប៉ះពាល់ដល់រាងកាយគួរឱ្យព្រួយបារម្ភ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារ ឬភេសជ្ជៈដែលជួយជម្រុញថាមពលខួរក្បាលជាប្រចាំនោះអ្នកអាចកាត់បន្ថយសារធាតុគីមីគ្រោះថ្នាក់និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរធ្វើដើម្បីរក្សា ក៏ដូចជាបង្កើនថាមពលខួរក្បាលជម្រុញការចងចាំ ៖
១. រួមបញ្ចូលត្រីសម្បូរខ្លាញ់ក្នុងរបបអាហារប្រចាំថ្ងៃ
ត្រីសម្បូរខ្លាញ់ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ដែលចាំបាច់ណាស់សម្រាប់បង្កើនសុខភាពខួរក្បាល។ ជាតិខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ក៏ជួយបង្កើតកោសិកាខួរក្បាល រួមទាំងសសៃប្រសាទផងដែរ។ ការទទួលទានត្រីសម្បូរខ្លាញ់ថែមទាំងអាចជួយសម្រួលអារម្មណ៍និងអាចធ្វើអោយខួរក្បាលស្ងប់ទៀតផង។
២. កុំរំលងស៊ុត
ស៊ុត គឺមានផ្ទុកសម្បូរទៅដោយសារធាតុ choline ជាប្រភេទនៃវីតាមីន B មួយដែលប្រើប្រាស់ដោយខួរក្បាលដើម្បីបង្កើតម៉ូលេគុលនិងភ្នាសកោសិកាថ្មីៗ។
៣. ទទួលទានអាហារពេលព្រឹកឱ្យបានទៀងទាត់
អាហារពេលព្រឹក គឺជាអាហារដែលសំខាន់ជាងគេក្នុងចំណោមអាហារទាំងបីពេល។ អ្នកដែលមិនទទួលទានអាហារពេលព្រឹក គឺងាយនឹងជួបប្រទះបញ្ហាកម្រិតជាតិស្ករក្នុងឈាមចុះទាបដែលអាចបណ្ដាលឱ្យមានការផ្គត់ផ្គង់សារធាតុចិញ្ចឹមចាំបាច់មិនបានគ្រប់គ្រាន់ទៅកាន់ខួរក្បាល។ ជាលទ្ធផលបញ្ហានេះនាំឱ្យខួរក្បាលទទួលរងផលប៉ះពាល់។ ចូរជ្រើសរើសទទួលទានអាហារពេលព្រឹកដែលមានសុខភាពល្អ ចៀសវាងកាឡូរីច្រើនពេកនាំឱ្យការផ្ដោតអារម្មណ៍ចុះខ្សោយ។
៤. ចៀសវាងអាហារនិងភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់
ការទទួលទានជាតិស្ករច្រើនពេកនឹងរារាំង ឬផ្ដល់ការរំខាន់ចំពោះការស្រូបយកនូវជាតិប្រូតេអ៊ីន និងសារធាតុចិញ្ចឹមច្រើនផ្សេងទៀតនៃរាងកាយ ហើយបង្កជាបញ្ហាកង្វះអាហារូបត្ថម្ភ និងប៉ះពាល់ដល់ការអភិវឌ្ឍន៍ខួរក្បាល។
៥. គេងឱ្យបានគ្រប់គ្រាន់
ការគេង គឺប្រៀបបាននឹងការផ្ដល់ពេលឱ្យខួរក្បាលបានសម្រាកខ្លះ។ ហើយការគេងមិនបានគ្រប់គ្រាន់អស់រយៈពេលយូរអាចបណ្ដាលឱ្យកោសិកាខួរក្បាលឆាប់ស្លាប់។
៦. ចៀសវាងបង្ខំប្រើខួរក្បាលនៅពេលឈឺ
ការខំប្រឹងធ្វើការ ឬរៀនទាំងកំពុងឈឺ គឺអាចនាំឱ្យសមត្ថភាព ព្រមទាំងប្រសិទ្ធភាពដ៏ប្រសើរក្នុងការចងចាំរបស់ខួរក្បាលថយចុះ ហើយក៏បង្កើនហានិភ័យនៃបញ្ហាផ្សេងៗពាក់ព័ន្ធនឹងសុខភាពខួរក្បាលផងដែរ។
៧. ព្យាយាមទទួលទានផ្លែបឺរ
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយវីតាមីន E និងខ្លាញ់ល្អ monounsaturated fat ដែលចាំបាច់សម្រាប់រក្សាសុខភាពខួរក្បាលល្អប្រសើរ។ ការទទួលទានផ្លែបឺរក៏ល្អសម្រាប់ជម្រុញចរន្តឈាមដើម្បីបង្កើនការដឹកជញ្ជូនសារធាតុចិញ្ចឹមនិងអុកស៊ីសែនគ្រប់គ្រាន់ទៅកាន់ខួរក្បាល។
៨. រៀនញ៊ាំសូកូឡាខ្មៅ
សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងសូកូឡាខ្មៅជួយកម្ចាត់រ៉ាឌីកាល់សេរីសង្គ្រោះកោសិកាខួរក្បាលមិនឱ្យទទួលរងការបំផ្លាញ។
៩. កុំភ្លេចគ្រាប់ធញ្ញជាតិ
ប្រភពដ៏ល្អមួយទៀតនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ គឺគ្រាប់ធញ្ញជាតិរួមមានគ្រាប់អាល់ម៉ុន គ្រាប់វាល់ណឺត សណ្ដែកដី គ្រាប់ស្វាយចន្ទី និងគ្រាប់រីករាយជាដើម។ គ្រាប់ធញ្ញជាតិទាំងនេះក៏ផ្ដល់អោយខួរខ្បាលនូវសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀតផងដែរ។ ទោះជាយ៉ាងណាមិនត្រូវទទួលទានច្រើនជាងមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ៕