ការមិនឡើងរឹងរបស់លិង្គ ឬ លិង្គងាប់ គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់បុរសជាច្រើននាពេលបច្ចុប្បន្ននេះ ដោយមិនគិតពីអាយុរបស់ពួកគេឡើយ។ ការងាប់លិង្គអាចបណ្តាលមកពីកត្តាជាច្រើនដូចជា ស្ថានភាពសុខភាពរាងកាយ បញ្ហាផ្លូវចិត្តឬទំនាក់ទំនង ការប្រើថ្នាំមួយចំនួន ការជក់បារី ការប្រើថ្នាំញៀន និង ញៀនស្រាជាដើម។ អ្វីដែលអ្នកអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហានេះ ក្រៅពីទៅជួបពេទ្យ គឺមានដូចខាងក្រោម បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Pulse។
១. ញ៉ាំឱ្យបានត្រឹមត្រូវ និង រក្សាទម្ងន់ស្តង់ដា
អាហារដែលអ្នកញ៉ាំអាចមានឥទ្ធិពលផ្ទាល់ទៅលើការងាប់លិង្គ។ របបអាហារដែលសំបូរទៅដោយផ្លែឈើ ផ្លែប័រ គ្រាប់ធញ្ញជាតិ និងត្រី ហើយជាមួយនឹងការញ៉ាំសាច់ក្រហម មានការថយចុះហានិភ័យនៃការងាប់លិង្គ។ របបអាហារដែលមានសុខភាពល្អ ក៏ជួយរក្សាទម្ងន់រាងកាយឱ្យមានសុខភាពល្អផងដែរ។ វាសំខាន់ណាស់ ព្រោះបុរសដែលមានទំហំចង្កេះទំហំ ៤២អ៊ីញ ងាយនឹងមានអាការៈងាប់លិង្គ ដល់ទៅ ៥០% បើធៀបនឹងបុរសដែលមានទំហំចង្កេះ ៣២អ៊ីញ។ ដូចគ្នានេះផងដែរ ការធាត់បង្កើនហានិភ័យនៃជម្ងឺសរសៃឈាមនិងជម្ងឺទឹកនោមផ្អែម ដែលជាកត្តាពីរបណ្តាលអោយមានបញ្ហាងាប់លិង្គ។
២. យកទឹកឪឡឹក
ផ្លែឪឡឹកមួយចំណិត អាចជួយធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និង ជួយដល់ការដោះស្រាយបញ្ហាងាប់លិង្គ។ សារជាតិ Citrulline ដែលជាអាស៊ីតអាមីណេនៅក្នុងឪឡឹកត្រូវបានគេរកឃើញថា ធ្វើអោយប្រសើរឡើងនូវលំហូរឈាមទៅកាន់លិង្គ។ ការសិក្សាឆ្នាំ ២០១១ បានបង្ហាញថាបុរសដែលមានអាការៈខ្សោយលិង្គពីកំរិតស្រាលទៅមធ្យម ហើយបានប្រើប្រាស់សារជាតិ L-citrulline បានបង្ហាញពីភាពប្រសើរឡើងជាមួយនឹងមុខងារលិង្គរបស់ពួកគេ។
៣. គេងឱ្យបានគ្រប់គ្រាន់
ការគេងមិនបានស្កប់ស្កល់ អាចជាកត្តារួមចំណែកដល់ការងាប់លិង្គ។ ការសិក្សាមួយបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្រិតអរម៉ូនភេទដូចជាតេស្តូស្តេរ៉ូន មុខងារផ្លូវភេទ និងដំណេក ដោយកត់សម្គាល់ថា កម្រិតអរម៉ូនតេស្តូស្តេរ៉ូន កើនឡើងជាមួយនឹងការគេងលក់។ ប្រសិនបើគេងមិនបានគ្រប់ទេ អរម៉ូននេះក៏មានការចុះថយ ដែលធ្វើឱ្យលិង្គបំពេញមុខងារឡើងរឹងមិនបានល្អ៕