ការដើរខ្យល់ ឬ ផោម គឺជារឿងធម្មតា។ ជាទូទៅមនុស្សយើងផោមជាមធ្យម ១៤ដងក្នុងមួយថ្ងៃ។ ៩៩%នៃផោមទាំងនេះ គឺមិនមានក្លិននោះទេ។ តែពេលខ្លះ វាភាយក្លិនមកធ្វើឱ្យយើងទ្រាំហិតមិនបាន។ តើអ្នកឆ្ងល់ទេ ថាតើហេតុអ្វីបានជាផោមពេលខ្លះមានក្លិនស្អុយស្ទើរទ្រាំមិនបាន?
វេជ្ជបណ្ឌិត Patricia Raymond ឯកទេសខាងក្រពះពោះវៀននិងជំនួយការសាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៅរដ្ឋ Virginia Beach បានមានប្រសាសន៍ថា មូលហេតុនៃក្លិនពិបាកច្រមុះនេះ គឺមកពីការដុះមេរបស់មេរោគនៅក្នុងពោះវៀន។ ខាងក្រោមនេះ ជាមូលហេតុ៣យ៉ាង ដែលធ្វើឱ្យផោមរបស់យើងមានក្លិនអាក្រក់៖
១. បាក់តេរីនៅក្នុងពោះវៀនរបស់អ្នក
វេជ្ជបណ្ឌិត Raymond បានលើកឡើងថា អំឡុងពេលរំលាយអាហារបាក់តេរីពោះវៀន បង្កើតសមាសធាតុដែលមានជាតិស្ពាន់ធ័រ ហើយវាស្ថិតនៅក្នុងជាទម្រង់អ៊ីដ្រូសែនស៊ុលភីត។ សារធាតុនេះហើយ ដែលជាអ្នកបង្កើតក្លិននៅក្នុងផោមរបស់យើងឱ្យស្អុយរលួយ។
២. អាហារដែលសំបូរទៅដោយស្ពាន់ធ័រ
អាហារដែលមានជាតិស្ពាន់ធ័រខ្ពស់ ធ្វើឱ្យផើមរបស់យើងមានក្លិនដូចពងទាស្អុយ។ វាមានដូចជា ផ្កាខាត់ណាខៀវ ស្ពៃខៀវ ផ្កាខាត់ណាស ស្ពៃក្តោប ខ្ទឹម ខ្ទឹមបារាំង ឈីស ពងទា សាច់ ស្រាបៀរ និង ស្រាជាដើម។
៣. បញ្ហាទល់លាមក
ហេតុផលនេះ មិនចាំបាច់ពន្យល់ច្រើននោះទេ។ ជាធម្មតា លាមកគឺមិនដែលមានក្លិនល្អនោះទេ។ ចុះប្រសិនបើវានៅក្នុងពោះរៀនរបស់យើងយូរជាងធម្មតាវិញ? វាគឺប្រាកដណាស់នឹងធ្វើឱ្យផោមរបស់យើង មានក្លិនដូចលាមកអ៊ីចឹង៕