ចង់ឱ្យស្បែកស្រស់ស្អាតមិនមែនមានន័យថាអ្នកចាំបាច់ត្រូវតែប្រើប្រាស់ផលិតផលថែសម្រស់ឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហេតុអ្វី? នេះក៏ព្រោះតែអាហារមួយចំនួនអាចជួយឱ្យស្បែកប្រែជាសស្រស់ស្អាតបែបធម្មជាតិពីខាងក្នុងតែម្ដង។ ថាតើអាហារទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយឱ្យស្បែកស្រស់ស្អាត ៖
១. មើមឆៃថាវក្រហម
ល្អណាស់សម្រាប់ជួយឱ្យស្បែកប្រែជាសស្រស់ថ្លាពីខាងក្នុងតែម្ដង។ នេះក៏ព្រោះតែបន្លែមើមនេះមានប្រសិទ្ធភាពជួយកម្ចាត់ជាតិពុលពីក្នុងរាងកាយ ជាពិសេសរាល់ជាតិពុលដែលបណ្ដាលឱ្យស្បែកប្រែជាស្រអាប់។ មើមឆៃថាវក្រហមក៏ជួយបន្សុទ្ធឈាមបង្កើនការដឹកជញ្ចូនអុកស៊ីសែននិងសារធាតុចិញ្ចឹមផ្សេងៗទៅកាន់កោសិកាស្បែក។ ជាលទ្ធផលស្បែកនឹងប្រែជាស្រស់ថ្លាបែបធម្មជាតិ។ មើមឆៃថាវក្រហមក៏ជាប្រភពដ៏ល្អបំផុតនៃប៉ូតាស្យូម, ជាតិដែក, ម៉ាញ៉េស្យូម, ផូស្វ័រ និងវីតាមីន C ដែលសុទ្ធតែចាំបាច់សម្រាប់រក្សាសុខភាពស្បែកល្អប្រសើរស្រស់ស្អាត។
២. សូកូឡាខ្មៅ
ទោះជាយ៉ាងណាចូរជ្រើសរើសទទួលទានសូកូឡាខ្មៅដែលផ្សំឡើងពីកាកាវប្រមាណ ៧០ភាគរយដើម្បីការពារស្បែកពីកម្ដៅថ្ងៃ។ សូមបញ្ជាក់ថាកាំរស្មីយូវី ឬពន្លឺព្រះអាទិត្យអាចរំញោចដល់ការផលិតមេឡានីននាំឱ្យស្បែកមានពណ៌ដិត ឬប្រែជាខ្មៅជាងមុន។ សូកូឡាខ្មៅក៏មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដែលជួយការពារកោសិកាស្បែកមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីផងដែរ។ ជាលទ្ធផលស្បែកនឹងប្រែជាសភ្លឺស្រស់ថ្លាបែបធម្មជាតិ។
៣. ផ្លែបឺរ
អាស៊ីតខ្លាញ់សុខភាពល្អដែលមានផ្ទុកក្នុងផ្លែឈើនេះអាចផ្ដល់សារធាតុចិញ្ចឹមនិងរក្សាសំណើមស្បែកដោយធ្វើឱ្យស្ថានភាពនៃភ្នាសកោសិកាមានលក្ខណៈប្រសើរឡើង។ ផ្លែបឺរក៏ជាប្រភពដ៏ប្រសើរវីតាមីន C វីតាមីន K វីតាមីន B6 និងវីតាមីន E ដែលសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយប្រយុទ្ធប្រឆាំងការបំផ្លាញដែលបង្កឡើងដោយរ៉ាឌីកាល់សេរីក្នុងរាងកាយ។
៤. ផ្លែឈើប្រភេទ Citrus
រួមមានក្រូចខ្វិច, ក្រូចឆ្មារ និងក្រូចថ្លុងជាដើមមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលមិនត្រឹមតែល្អសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់សម្រាប់រក្សាសុខភាពស្បែកល្អប្រសើរស្រស់ស្អាតផងដែរ។ ប្រសិនបើអ្នកចង់ឱ្យស្បែកប្រែជាសស្រស់ថ្លាបែបធម្មជាតិ ចូរកុំភ្លេចរួមបញ្ចូលផ្លែឈើនេះក្នុងរបបអាហារប្រចាំថ្ងៃ។
៥. បន្លែបៃតង
ក្រៅពីមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម បន្លែបៃតងក៏ជាប្រភពដ៏ល្អបំផុតនៃជាតិរ៉ែ ព្រមទាំងវីតាមីនសំខាន់ៗរួមបញ្ចូលទាំងវីតាមីន E និងវីតាមីន D ដែលចាំបាច់សម្រាប់ការផលិតនិងបង្កើតកោសិកាស្បែកឡើងវិញ។ ដូច្នេះកុំភ្លេចរួមបញ្ចូលបន្លែក្នុងរបបអាហារប្រចាំថ្ងៃ។
៦. ផ្លែល្ហុង
ល្ហុងមានផ្ទុកអង់ហ្ស៊ីមម្យ៉ាងហៅថា papain ដែលជួយឱ្យស្បែកសជាងមុន។ ល្ហុងក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយពង្រឹងកូឡាជែនស្បែកគួរឱ្យកត់សម្គាល់។ ក្រៅពីរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃហើយនោះ អ្នកក៏អាចកិនល្ហុងទុំលាបលើស្បែកនិងរងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣០នាទី សឹមលាងសម្អាតចេញជាការស្រេច។
៧. តែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុ polyphenols ដែលកាត់បន្ថយការរលាក ទប់ស្កាត់មុន និងពន្យឺតដំណើរការនៃភាពចាស់តាមវ័យបានយ៉ាងប្រសើរ។ សារធាតុប្រឆាំងអុកស៊ីតកម្មនៃតែបៃតងថែមទាំងអាចជួយឱ្យស្បែកសភ្លឺរលោងជាងមុននិងការពារស្បែកពីកម្ដៅថ្ងៃទៀតផង៕