ការទប់ស្កាត់ ឬការពារទុកមុនច្រើនតែប្រសើរជាងព្យាបាល ហើយក្នុងករណីឈឺខ្នងក៏ដូចគ្នា! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើអាការៈឈឺខ្នង។ ការជ្រើសរើសរបបអាហារបានត្រឹមត្រូវអាចជួយទប់ស្កាត់និងព្យាបាលអាការៈឈឺខ្នងបានយ៉ាងប្រសើរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរចៀសវាង ឬកម្រិតការទទួលទាននៅពេលមានបញ្ហាឈឺខ្នង ៖
១. អាហារផ្អែម ឬមានផ្ទុកជាតិស្ករខ្ពស់
ជាតិស្ករអាចបង្កការរលាកក្នុងរាងកាយដែលជាអ្វីមួយបង្កឱ្យអាការៈឈឺខ្នងកាន់តែមានលក្ខណៈធ្ងន់ធ្ងរជាងមុន។ ម្យ៉ាងវិញទៀតអាហារផ្អែម ក៏មានផ្ទុកកាឡូរីខ្ពស់អាចនាំឱ្យកើនទម្ងន់ឆាប់រហ័ស។ ជាលទ្ធផលទម្ងន់ដែលលើសអាចនាំឱ្យឈឺខ្នង។
២. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
អាហារប្រភេទនេះគួរត្រូវបានចៀសវាងប្រសិនបើអ្នកកំពុងជួបប្រទះអាការៈឈឺខ្នង។ ក៏មិនខុសពីជាតិស្ករដែរ ជាតិទឹកដោះគោជាអ្វីមួយដែលអាចបង្កការរលាកក្នុងរាងកាយឱ្យកើតមានឡើង។ ហើយប្រសិនបើអ្នករួមបញ្ចូលអាហារប្រភេទនេះច្រើនក្នុងរបបអាហារប្រចាំថ្ងៃនោះក៏ងាយនឹងនាំឱ្យកើនទម្ងន់លើសដែលដាក់សម្ពាធលើឆ្អឹងខ្នង ព្រមទាំងចង្កេះ។
៣. សាច់ក្រហម
ទោះបីអាហារនេះជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន ប៉ុន្តែអ្នកចាំបាច់គួរកម្រិតការទទួលទានប្រសិនបើកំពុងជួបប្រទះអាការៈឈឺខ្នង។ នេះក៏ព្រោះតែវាអាចបង្កអាការៈរលាកក្នុងរាងកាយគួរឱ្យកត់សម្គាល់។ ដើម្បីអាចផ្ដល់នូវប្រូតេអ៊ីនដែលជាតម្រូវការរបស់រាងកាយ ចូរព្យាយាមរួមបញ្ចូលត្រី សាច់មាន់ ផ្នែកពណ៌សនៃស៊ុត សណ្ដែក គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជក្នុងរបបអាហារប្រចាំថ្ងៃជំនួសវិញ។
៤. ប្រេងបន្លែ
សម្រាប់អ្នកដែលកំពុងជួបប្រទះអាការៈឈឺខ្នង គួរកម្រិតការទទួលទានប្រេងបន្លែខណៈដែលវាមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៦ ខ្ពស់។ ជាលទ្ធផលអាចកាត់បន្ថយកម្រិតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ហើយអតុល្យភាពនៃអាស៊ីតខ្លាញ់សុខភាពល្អទាំងនេះអាចបង្កអាការៈរលាកក្នុងរាងកាយជះឥទ្ធិពលលើអាការៈឈឺខ្នង។
៥. អាហារប្រៃ
ការទទួលទានអាហារប្រៃច្រើនមិនត្រឹមតែផ្ដល់ផលប៉ះពាល់ដល់សុខភាពបេះដូងនិងសម្ពាធឈាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលលើសន្លាក់ឆ្អឹងបង្កការឈឺចាប់ផងដែរ។ នោះក៏ព្រោះតែសូដ្យូមប្រមូលផ្ដុំសារធាតុរាវ ឬជាតិទឹកក្នុងសន្លាក់ដែលនាំឱ្យសន្លាក់ងាយនឹងហើម ហើយឈឺចាប់។
៦. អាហារចៀនបំពង
អាហារប្រភេទនេះមានផ្ទុកជាតិខ្លាញ់មិនល្អច្រើនដែលអាចបង្កការរលាកគួរឱ្យកត់សម្គាល់។ ការរលាកនេះហើយដែលនាំឱ្យសន្លាក់ឆ្អឹងខ្នងប្រែជាឈឺចាប់៕