តើអ្នកកំពុងជួបប្រទះបញ្ហានៃជំងឺថប់បារម្ភមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ទល់អាការៈនៃជំងឺថប់បារម្ភ ៖
១. ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណមិនត្រឹមតែល្អសម្រាប់សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយឱ្យអ្នកមានអារម្មណ៍ល្អរីករាយផងដែរ។ នោះក៏ព្រោះតែខួរក្បាលពោរពេញទៅដោយអ័រម៉ូនរីករាយនៅពេលអ្នកធ្វើលំហាត់ប្រាណណាមួយ។ សកម្មភាពរាងកាយភាគច្រើនអាចរាប់ជាទម្រង់នៃលំហាត់ប្រាណ ដូច្នេះហើយទើបការដើរ ឬគ្រាន់តែរត់ត្រឹកៗជំនួសការអង្គុយ ឬគេងអាចជួយលើកអារម្មណ៍របស់អ្នកជៀសផុតពីអាការៈនៃជំងឺថប់បារម្ភ។ វាក៏ជាគំនិតដ៏ប្រសើរបំផុតមួយដែរក្នុងការចំណាយពេលនៅក្រោម ឬត្រូវពន្លឺព្រះអាទិត្យខ្លះ ក៏ព្រោះវាជាប្រភពដ៏ល្អនៃវីតាមីន D សារធាតុចិញ្ចឹមដ៏ចាំបាច់មួយសម្រាប់រក្សាអារម្មណ៍ស្រស់ស្រាយ។
២. បង្កើនការទទួលទានបន្លែបៃតង
បន្លែបៃតងជាប្រភពដ៏ប្រសើរនៃវីតាមីន ជាតិរ៉ែចាំបាច់ សារធាតុប្រឆាំងអុកស៊ីតកម្ម និងមានលក្ខណៈសម្បត្តិរក្សាតុល្យភាពអ័រម៉ូន។ ហើយបញ្ហានៃជំងឺថប់បារម្ភអាចបណ្ដាលមកពីអតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយ។
៣. ទទួលទានតែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុ L-theanine ដែលមានប្រសិទ្ធភាពទប់ទល់អាការៈនៃជំងឺថប់បារម្ភគួរឱ្យកត់សម្គាល់។
៤. ធ្វើសមាធិ
ការធ្វើសមាធិជាវិធីដ៏ល្អបំផុតមួយសម្រាប់ភាពស្ងប់សុខក្នុងចិត្តនិងកាត់បន្ថយភាពតានតឹង ព្រមតាំងថប់បារម្ភបានយ៉ាងប្រសើរ។ ចូរចំណាយពេលពី ១០ ទៅ ១៥ នាទីក្នុងមួយថ្ងៃទៅអង្គុយកន្លែងស្ងាត់ ហើយធ្វើការសមាធិផ្ដោតអារម្មណ៍លើការដកដង្ហើមចេញចូលមួយៗជ្រៅបណ្ដោយចិត្ត។
៥. កុំរំលងត្រី
ដើម្បីកាត់បន្ថយជាតិខ្លាញ់មិនល្អ saturated និងកូឡេស្តេរ៉ូល ព្រមទាំងប្រយុទ្ធប្រឆាំងជាមួយជំងឺថប់បារម្ភក្នុងពេលតែមួយផងដែរចូរព្យាយាមទទួលទានត្រី។ ហើយដើម្បីរក្សាបាននូវសុខភាពខួរក្បាលនិងបេះដូងល្អប្រសើរទៀតនោះចូរជ្រើសរើសទទួលទានត្រីសម្បូរខ្លាញ់។
៦. ចៀសវាងទទួលទានកាហ្វេច្រើនហួស
វាមិនមែនជារឿងចំលែកអ្វីឡើយដែលការទទួលទានកាហ្វេអាចបណ្ដាលឱ្យកើតមានអាការៈញ័រ ចង្អោរចង់ក្អួត និងបេះដូងលោតញាប់ខុសប្រក្រតី ជាពិសេសចំពោះអ្នកដែលចាញ់ជាតិកាហ្វេអ៊ីន។ ជាតិកាហ្វេអ៊ីនអាចបង្កបញ្ហានៃជំងឺថប់បារម្ភ ឬធ្វើឱ្យស្ថានភាពកាន់តែយ៉ាប់យ៊ឺនឡើង ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហានៃជំងឺនេះស្រាប់។ ដូច្នេះដើម្បីជាការប្រសើរ ចូរកាត់បន្ថយ ឬបញ្ឈប់ការទទួលទានកាហ្វេតែម្ដង។ ហើយអ្នកក៏គួរតែកម្រិតការទទួលទានភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនដទៃដូចជាតែ ភេសជ្ជៈកំប៉ុង និងភេសជ្ជៈប៉ូវកម្លាំងផង។
៧. គេងឱ្យបានច្រើនគ្រប់គ្រាន់
ការមិនងងុយគេងជារោគសញ្ញាទូទៅបំផុតមួយនៃជំងឺថប់បារម្ភ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរព្យាយាមយកឈ្នះលើបញ្ហានេះឱ្យបាន។ កង្វះនៃការគេងអាចបង្កើនកម្រិតនៃអ័រម៉ូនស្ត្រេសដែលធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែយ៉ាប់ឡើងគួរឱ្យព្រួយបារម្ភ។
៨. រួមបញ្ចូលស៊ុតក្នុងរបបអាហារ
ផ្នែកពណ៌លឿងនៃស៊ុតជាប្រភពដ៏ប្រសើរនៃវីតាមីន D។ ស៊ុតក៏មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន រួមទាំងអាស៊ីតអាមីណូដែលរាងកាយត្រូវការចាំបាច់ដើម្បីលូតលាស់ រក្សាសុខភាពរឹងមាំ និងជួយផលិតអ័រម៉ូនអារម្មណ៍ល្អគ្រប់គ្រងការគេង Serotonin។ អ័រម៉ូននេះក៏ជួយបង្កើនភាពប្រសើរឡើងនៃមុខងារខួរក្បាល ហើយកាត់បន្ថយបញ្ហាថប់បារម្ភ និងស្ត្រេសគួរឱ្យកត់សម្គាល់។
៩. ឧស្សាហ៍ញ៊ាំផ្លែចេកផង
ក្រៅពីមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមហើយនោះ ផ្លែចេកក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន B រួមទាំងសារធាតុ folate និងវីតាមីន B6 ដែលជួយក្នុងការផលិតអ័រម៉ូន serotonin បង្កើនអារម្មណ៍ល្អប្រសើរ។
១០. សូកូឡាខ្មៅ
សូកូឡាខ្មៅ គឺមានឥទ្ធិពលល្អបំផុតក្នុងការបង្កើននូវសារធាតុគីមីផ្សេងៗក្នុងខួរក្បាលដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ។ ការទទួលទានសូកូឡាខ្មៅត្រឹម ២ ដុំតូចជាប្រចាំ គឺល្អសម្រាប់អ្នកមានបញ្ហាថប់បារម្ភ។ គ្រាន់តែប្រាកដថាអ្នកបានជ្រើសរើសនូវសូកូឡាដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើអ្នកចង់ជៀសឆ្ងាយពីបញ្ហាឆាប់ខឹងឆេវឆាវ និងតានតឹងក្នុងអារម្មណ៍បានយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់។
១១. មិនត្រូវរំលងម៉ោងអាហារឡើយ
តើអ្នកធ្លាប់ដឹងទេថាការភ្លេច ឬរំលងម៉ោងទទួលទានអាហារអាចណ្ដាលឱ្យអ្នកជួបប្រទះបញ្ហានៃជំងឺថប់បារម្ភ ឬធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង? នោះក៏ព្រោះតែនៅពេលអ្នកមិនទទួលទានអាហារកម្រិតនៃជាតិស្ករក្នុងឈាមត្រូវថយចុះ ហើយអាចបង្កជាអាការៈនៃជំងឺថប់បារម្ភ។
១២. ទទួលទានតែរុក្ខជាតិ
ប្រសិនបើអ្នកទទួលទានភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនមិនបាន អ្នកអាចប្ដូរមកជាតែរុក្ខជាតិជំនួសវិញ។ ឧទាហរណ៍តែផ្កា Chamomile! ក្រៅពីជួយបំបាត់បញ្ហាព័ន្ធព័ន្ធនឹងប្រព័ន្ធរំលាយអាហារហើយនោះ តែរុក្ខជាតិនេះក៏មានប្រសិទ្ធភាពទប់ទល់ស្ត្រេស និងបញ្ហាថប់បារម្ភគួរឱ្យកត់សម្គាល់ផងដែរ។ អ្នកអាចទទួលទានតែផ្កា Chamomile នៅមុនពេលចូលគេងដើម្បីឆាប់គេងលក់បានស្កប់។
១៣. កុំចំណាយពេលច្រើនពេកលើបណ្ដាញសង្គម
ការសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថាការចំណាយពេលច្រើនលើបណ្ដាញសង្គមអាចធ្វើឱ្យអ្នកងាយនឹងមានអារម្មណ៍តានតឹង មិនសប្បាយចិត្ត ក៏ដូចជាថប់បារម្ភ។ នោះក៏ព្រោះតែពេលខ្លះក្រោយឃើញស្ថានភាពជោគជ័យរបស់នរណាម្នាក់ហើយ អ្នកចាប់ផ្ដើមមានអារម្មណ៍គិតថាខ្លួនឯងអន់ជាងគេខ្លាំងដែលធ្វើឱ្យក្លាយជាកង្វល់ក្នុងចិត្ត ឬថប់បារម្ភ៕