ក្នុងនាមជាឳពុកម្តាយថ្មីថ្មោងរបស់គេម្នាក់ សំណួរនេះជាធម្មតា គឺតែងលេចឡើងនៅក្នុងចិត្តរបស់ យើងម្នាក់ៗ ។តើទារកទើបនឹងកើត គួរគេងអោយបានយូរប៉ុណ្ណា? ហើយមានឳពុកម្តាយខ្លះទៀត មានការព្រួយបារម្ភថា កូនរបស់ពួកគេបានគេងយ៉ាងយូរ គឺជិតដល់ ១៧ម៉ោង តើវាជាសភាពធម្មតាដែរ ឬទេ? មានចម្ងល់ និង ការព្រួយបារម្ភជាច្រើន តែងកើតមានចំពោះអ្នកដែលមិនធ្លាប់មានកូនតូច ពីមុនមក។
ជាការពិត គឺទារកទើបនឹងកើត អាចគេងបានរហូតដល់ ១៦ ទៅ ១៧ ម៉ោង ឬ ក៏អាចច្រើនជាងនេះផងក្នុងរយៈពេលមួយថ្ងៃ។ នេះគឺជារយៈពេលគេង សម្រាប់ទារកដែលទើបនឹងកើត ចេញពីផ្ទៃម្តាយ។ ពេលខ្លះ ពួកគេអាចគេងបាន ៣ ទៅ ៤ម៉ោងម្តង ឬ ជួនកាល គេអាចនឹងក្រោកតែក្នុងរយៈពេលតែ ២ម៉ោងប៉ុណ្ណោះ ។ ទារកភ្ញាក់ដឹងខ្លួន ដោយសារតែពួកគេ ត្រូវការ ការបំបៅដោះ ឬ បៅដបទឹកដោះគោ ហើយបន្ទាប់មក គេនឹងគេងទៅវិញម្តងទៀត។ ដោយសារតែពួកគេ នៅក្មេងខ្ចី ដូច្នេះពួកគេ នឹងមិនបាន យល់ពីភាពខុសគ្នា រវាងថ្ងៃ និង យប់ទេ។ ដូច្នេះ អ្នកមិនត្រូវរំពឹង ថាកូនតូចរបស់អ្នក នឹងមិនរំខានអ្នក នៅពេលយប់នោះទេ។
តែទោះជាយ៉ាងណាក្តី គម្រូនៃការគេង នឹងផ្លាស់ប្តូរទៅតាមការលូតលាស់ និង វ័យរបស់ពួកគេ។ បន្តិចម្តងៗ ពួកគេនឹងចាប់ផ្តើម សម្របខ្លួនទៅនឹង ទម្លាប់រស់នៅប្រចាំថ្ងៃរបស់យើង ដែលខុសពី រយៈពេលដែលគេរស់នៅក្នុងផ្ទៃ។ ក្មេងតូចៗ នឹងចាប់ក្លាយជាលេងច្រើន និង សកម្មជាងមុនបន្តិចម្តងៗ នៅក្នុងអំឡុងពេលថ្ងៃ។ ដូចនេះ ពួកគេនឹងចាប់ផ្តើម គេងនៅពេលយប់ច្រើនជាងមុន បើធ្វើការប្រៀប ធៀបជាមួយនឹង ទារកដែលទើបនឹងកើត។ ហើយពេលនោះ គឺជាពេលដែលរាល់ឳពុកម្តាយរាល់រូប គួរ គប្បីធ្វើការរៀបចំ កាលវិភាគនៃម៉ោងគេង សម្រាប់កូនរបស់ពួកគេ អោយបានត្រឹមត្រូវ៕