ទង់ដែង (Copper) ជាជាតិរ៉ែចាំបាច់បំផុតមួយសម្រាប់សុខភាពល្អប្រសើរដែលមាននៅក្នុងរាល់ជាលិកា និងដើរតួនាទីក្នុងការផលិតផលិតកោសិកាគ្រាប់ឈាមក្រហម ព្រមទាំងជួយរក្សាកោសិកាសសៃប្រសាទ ខួរក្បាល ការពារភ្នែក ល្អចំពោះស្បែក ជម្រុញការដុតរំលាយអាហារ ហើយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអ្នកអាចទទួលបាននូវជាតិរ៉ែសំខាន់នេះពីក្នុងអាហារអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភពនៃអាហារដ៏ប្រសើរនៃជាតិទង់ដែង ៖
១. អយស្ទ័រ
ក្រៅពីជាតិរ៉ែទង់ដែង អាហារសមុទ្រនេះក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយរក្សាសុខភាពបេះដូងនិងកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនផ្សេងទៀតផងដែរ។ ទោះជាយ៉ាងណាដើម្បីជាការប្រសើរចូរជ្រើសរើសទទួលទានអយស្ទ័រដែលចម្អិនរួច ខណៈដែលត្រឹម ១០០ក្រាមនៃគ្រឿងសមុទ្រនេះមានផ្ទុកជាតិរ៉ែទង់ដែងដល់ទៅ ៤៨០០មីក្រូក្រាម។
២. បង្កង
បង្កងក៏ជាជម្រើសនៃអាហារដ៏ប្រសើរដែលមានផ្ទុកសម្បូរទៅដោយជាតិរ៉ែទង់ដែង ប្រូតេអ៊ីន វីតាមីនB12 ជាតិរ៉ែស័ង្កសី និងសេលេញ៉ូមផងដែរ។ អាហារសមុទ្រនេះមានផ្ទុកជាតិខ្លាញ់មិនល្អទាប ប៉ុន្តែកូឡេស្តេរ៉ូលខ្ពស់។ ត្រឹម ១៤៥ ក្រាមនៃបង្កងមានផ្ទុកទង់ដែងដល់ទៅ ២.៨ មីលីក្រាម។
៣. សាច់គ្រឿងក្នុងសត្វ
ជាប្រភេទនៃអាហារមួយទៀតដែលមានផ្ទុកសម្បូរទៅដោយជាតិរ៉ែទង់ដែង។ ថ្លើមគោជាប្រភពដ៏ប្រសើរនៃសារធាតុិចិញ្ចឹម និងសម្បូរជាតិរ៉ែទង់ដែងបំផុត។ ត្រឹម ១០០ក្រាមនៃថ្លើមគោមានផ្ទុកជាតិរ៉ែទង់ដែងដល់ទៅ ១៤មីលីក្រាម។ ទោះជាយ៉ាងណាថ្លើមមាន់ក៏មានផ្ទុកជាតិរ៉ែទង់ដែងច្រើនគ្រាន់បើដែរ។ សាច់គ្រឿងក្នុងសត្វក៏មានសារធាតុចិញ្ចឹមផ្សេងទៀតដូចជាសារធាតុ folate, ជាតិដែក, វីតាមីន A និងវីតាមីន B12។
៤. គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ
គ្រាប់ពូជនិងគ្រាប់ធញ្ញជាតិច្រើនណាស់ដែលមានផ្ទុកសម្បូរទៅដោយជាតិរ៉ែទង់ដែង។ គ្រាប់ពូជដូចជាល្ងមានផ្ទុកសម្បូរទៅដោយជាតិសសៃ ជាតិខ្លាញ់ និងប្រូតេអ៊ីន។ វាមានផ្ទុកជាតិរ៉ែទង់ដែងដល់ទៅ ៥.៩មីលីក្រាមក្នុងមួយពែង។ គ្រាប់ធញ្ញជាតិដូចជាស្វាយចន្ទីមានផ្ទុកជាតិរ៉ែទង់ដែង ០.៦មីលីក្រាមក្នុង ២៨ក្រាម។ គ្រាប់អាល់ម៉ុនវិញក៏មានផ្ទុកជាតិរ៉ែទង់ដែងខ្ពស់ផងដែរ គឺដល់ទៅ ១.៦មីលីក្រាមក្នុងមួយពែង (សម្រាប់គ្រាប់អាល់ម៉ុនលីងស្ងួតរួច ដោយមិនបន្ថែមអំបិល។
៥. សូកូឡាខ្មៅ
មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម, សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសសៃ។ វាអាចជួយគ្រប់គ្រងកម្រិតនៃសម្ពាធឈាម, ធ្វើឱ្យសុខភាពសសៃឈាមបេះដូងកាន់តែមានលក្ខណៈប្រសើរឡើង និងកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូល។ ទោះជាយ៉ាងណាចូរជ្រើសរើសសូកូឡាខ្មៅដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ភាគរយ និងមិនត្រូវញ៊ាំច្រើនពេកឡើយ។ មួយបន្ទះនៃសូកូឡាខ្មៅមានផ្ទុកជាតិរ់ែទង់ដែងដល់ទៅ ១.៨មីលីក្រាម។
៦. ផ្សិតខ្មៅ
ក្រៅពីមានរសជាតិឆ្ងាញ់ហើយនោះ ផ្សិតខ្មៅក៏មានផ្ទុកសម្បូរទៅដោយសារធាតុដែលជួយរក្សាសុខភាពរាងកាយល្អប្រសើរផងដែរ។ ១០០ក្រាមនៃផ្សិតខ្មៅមានផ្ទុកជាតិរ៉ែទង់ដែងដល់ទៅ ៥.១៦មីលីក្រាម៕