ពោះវៀនជាសរីរាង្គដ៏សំខាន់បំផុតមួយក្នុងរាងកាយសម្រាប់ដំណើរការមុខងារប្រព័ន្ធភាពស៊ាំត្រឹមត្រូវ និងរក្សាបាននូវសុខភាពរាងកាយទាំងមូលល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយការលាងសម្អាតពោះវៀនធំ គឺចាំបាច់ណាស់ដើម្បីអនុញ្ញាតឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការកាន់តែមានប្រសិទ្ធិភាពផ្ដល់ឱ្យអ្នកនូវសុខភាពរឹងមាំ ស្រកទម្ងន់ និងមានថាមពល។ ប៉ុន្តែថាតើអ្នកអាចលាងសម្អាតបន្សាបជាតិពុលចេញពីពោះវៀនបានដោយរបៀបណាទៅ? ងាយណាស់! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗសម្អាតពោះវៀនធំបន្សាបជាតិពុលតាមបែបធម្មជាតិ៖
១. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់ គឺជាវិធីដ៏ងាយបំផុតមួយដើម្បីសម្អាតពោះវៀនរបស់អ្នក។ ទឹកចាំបាច់ណាស់សម្រាប់ការរំលាយជាតិសសៃបានត្រឹមត្រូវ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារសម្បូរដោយជាតិសសៃច្រើន ប៉ុន្តែទទួលទានទឹកតែបន្តិចនោះអ្នកនឹងជួបប្រទះបញ្ហាពិបាករំលាយអាហារ ឬទល់លាមកជាមិនខាន។ ដើម្បីរក្សាបាននូវសុខភាពពោះវៀន ក៏ដូចជារាងកាយទាំងមូលល្អប្រសើរ ចូរទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ។
២. កុំរំលងទឹកផ្លែប៉ោមស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ប៉ោម ១ផ្លែជាចំណិតៗ រួចដាក់កិនឱ្យម៉ដ្ឋលាយជាមួយទឹកឆ្អិន ឬទឹកសុទ្ធ ១ពែង។ បន្ទាប់មកសឹមទទួលទានទឹកផ្លែប៉ោមស្រស់ៗនេះ។ រងចាំសម្រាប់រយៈពេល ៣០នាទី សឹមទទួលទានទឹកធម្មតា ១កែវបន្ថែមទៀត។ អនុវត្តជាប្រចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣ថ្ងៃ។ អ្នកក៏អាចគ្រាន់តែញ៊ាំផ្លែប៉ោម ១ផ្លែប៉ោមក្នុងមួយថ្ងៃ។ ផ្លែប៉ោមប្រសើរណាស់សម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងពោះវៀនដោយវាមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗ ជាតិសសៃ និងវីតាមីន C ដែលសារធាតុប្រឆាំងអុកស៊ីតកម្មជួយកម្ចាត់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញធ្វើអោយឲ្យមុខងារពោះវៀនកាន់តែប្រសើរឡើង។
៣. បន្សាបជាតិពុលពីក្នុងពោះវៀនជាមួយទឹកក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារម្ខាងក្នុងទឹកក្ដៅឧណ្ហៗ ១កែវ រួចបន្ថែមអំបិល ១ចិប និងទឹកឃ្មុំពី ១ ទៅ ២ស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វ សឹមទទួលទានរាល់ព្រឹកពេលមិនទាន់ញ៊ាំអ្វីផ្សេង។ ទោះជាយ៉ាងណាដោយក្រូចឆ្មារមានផ្ទុកជាតិអាស៊ីត ចូរខ្ពុរសម្អាតក្នុងមាត់ជាមួយទឹកធម្មតាក្រោយទទួលទានភេសជ្ជៈនេះដើម្បីការពារអញ្ចាញធ្មេញ។
៤. ញ៊ាំយ៉ាអួរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានយ៉ាអួរសុទ្ធដែលគ្មានបន្ថែមជាតិស្ករ ឬផ្លែឈើ ព្រមទាំងគ្រឿងផ្សំបន្ថែមផ្សេងទៀតឱ្យបាន ១ចានគោមម្ដង ឬ២ដងក្នុងមួយថ្ងៃរាល់ថ្ងៃ។
៥. ទឹកខ្មេះផ្លែប៉ោម
ប្រសិនបើមិនចង់ទទួលទានទឹកផ្លែប៉ោមស្រស់ ឬទឹកក្រូចឆ្មារទេនោះ អ្នកអាចជ្រើសរើសរូបមន្តទឹកខ្មេះផ្លែប៉ោមដើម្បីសម្អាតពោះវៀនបន្សាបជាតិពុល។ អ្វីដែលអ្នកត្រូវធ្វើ គឹគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមពី ១ ទៅ ២ស្លាបព្រាបាយជាមួយទឹកក្ដៅឧណ្ហៗ ១កែវ រួចសឹមបន្ថែមទឹកឃ្មុំពី ១ ទៅ ២ស្លាបព្រាបាយចូល។ កូរឱ្យសព្វ សឹមទទួលទានភេសជ្ជៈនេះរាល់ព្រឹកម្ដងក្នុងមួយថ្ងៃ។ កុំភ្លេចខ្ពុរសម្អាតក្នុងមាត់ជាមួយទឹកធម្មតាក្រោយពេលអ្នកទទួលទានភេសជ្ជៈនេះ ដើម្បីចៀសវាងបញ្ហាពុកធ្មេញ ឬដង្កូវស៊ីធ្មេញ។
៦. ប្រទាលកន្ទុយក្រពើ
សាកល្បងទឹកប្រទាលកន្ទុយក្រពើស្រស់ៗក៏បាន! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ២ស្លាបព្រាកាហ្វេក្នុងទឹកពី ១ ទៅ ២ កែវ រួចសឹមបន្ថែមសាច់ជែលប្រទាលកន្ទុយក្រពើស្រស់ៗ ២០០មីលីក្រាមចូល ហើយកិនឱ្យម៉ដ្ឋសព្វចូលគ្នា។ ដាក់ក្លាសេឱ្យត្រជាក់សម្រាប់រយៈពេលពី ៣ ទៅ ៤ម៉ោង រួចសឹមយកមកទទួលទានម្ដងបន្តិចៗច្រើនដងក្នុងមួយថ្ងៃ។ ក្រូចឆ្មារមានជាតិអាស៊ីត ដូច្នេះអ្នកគួរខ្ពុរសម្អាតក្នុងមាត់ជាមួយទឹកធម្មតាក្រោយពេលទទួលទានភេសជ្ជៈនេះ។
៧. ទទួលទានបន្លែនិងផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃខ្ពស់ជាប្រចាំ
បន្លែនិងផ្លែឈើដែលមានជាតិសសៃខ្ពស់ជួយកម្ចាត់ជាតិពុលផ្សេងៗចេញពីក្នុងពោះវៀនធំបានយ៉ាងប្រសើរ។ លើសពីនេះទៅទៀតជាតិសសៃជួយទប់ស្កាត់អាការៈទល់លាមកដោយបន្ទន់លាមកនិងសម្រួលចលនាពោះវៀន។ ដូច្នេះកុំភ្លេចទទួលទានបន្លែនិងផ្លែឈើសម្បូរជាតិសសៃជាប្រចាំ៕