មូសខាំភាគច្រើនគ្មានគ្រោះថ្នាក់ទេ ចំណែកឯខ្លះអាចបណ្តាលឱ្យកើតជម្ងឺ។ មូសខាំបណ្តាលឱ្យរលាកក្រហមនិងរមាស់នៅលើស្បែក ដែលពេលខ្លះដល់ថ្នាក់ឡើងជាំនៅពេលយើងអេះខ្លាំងពេក។ ដើម្បីការពារកុំឱ្យមានបញ្ហាទាំងនេះ ខាងក្រោមគឺជាវិធីងាយៗទាំងបួនយ៉ាង ដែលអ្នកអាចធ្វើបាននៅផ្ទះ ក្រោយពីត្រូវបានមូសខាំលើស្បែក។
១. ប្រើដុំទឹកកក
ឥទ្ធិពលត្រជាក់នៃទឹកកកអាចជួយកាត់បន្ថយការរលាក។ វានឹងបង្កើតភាពស្ពឹកនិងកាត់បន្ថយការឡើងក្រហមមួយរយៈ។ អ្នកអាចរុំទឹកកកដាក់ក្នុងក្រណាត់ ហើយលាបលើកន្លែងដែលត្រូវបានមូសខាំ។ ជៀសវាងការដាក់ទឹកកកលើស្បែកយូរពេក ព្រោះវាអាចធ្វើឱ្យខូចស្បែក។
២. ប្រើប្រទាលកន្ទុយក្រពើ
វាក៏អាចជួយអ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងភាពរមាស់ ដែលបណ្តាលមកពីខាំមូស។ ជែលរបស់ប្រទាលកន្ទុយក្រពើ មានលក្ខណៈប្រឆាំងនឹងការរលាក ដែលមានប្រសិទ្ធិភាពព្យាបាលលើខាំមូស។ អ្នកអាចយកប្រទាលកន្ទុយក្រពើទាំងស្រស់ យកមកលាបលើស្បែក នៅកន្លែងដែលត្រូវបានមូសខាំ។
៣. ប្រើទឹកឃ្មុំ
ទឹកឃ្មុំក៏មានផ្ទុកនូវលក្ខណៈសម្បត្តិដែលមានប្រយោជន៍សម្រាប់ស្បែករបស់អ្នកផងដែរ។ វាមានលក្ខណៈប្រឆាំងនឹងបាក់តេរីនិងប្រឆាំងនឹងការរលាក។ អ្នកអាចលាបទឹកឃ្មុំពីរបីដំណក់ លើតំបន់ដែលរងផលប៉ះពាល់។ វានឹងកាត់បន្ថយការរលាកនិងផ្តល់ឱ្យអ្នកនូវការធូរស្បើយខ្លះ។
៤. ប្រើស្លឹកម្រះព្រៅ
ម្រះព្រៅស្ទើរមានដុះនៅគ្រប់កន្លែងដែលមានដី។ វាក៏មានផ្ទុកនូវសមាសធាតុមួយដែលអាចជួយសម្រួលដល់បញ្ហារមាស់ដោយមូសខាំផងដែរ។ អ្នកត្រូវយកស្លឹកម្រះព្រៅស្រស់ ដាក់ដាំក្នុងទឹកឱ្យពុះ ទុកវាឱ្យត្រជាក់ ហើយយកក្រណាត់ជ្រលក់ជូតលើស្បែក ដែលមានមូសខាំ៕