គ្មាននរណាចង់បានស្បែកមុខមានរន្ធញើសធំៗឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយបញ្ហានេះអាចបណ្ដាលមកពីទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលយើងស្មានមិនដល់រួមមានការប្រើប្រាស់ផលិតផលលាងសម្អាតស្បែកមុខមិនត្រូវប្រភេទ ការទទួលទានអាហារខុស មិនខាត់សម្អាតស្បែកមុខឱ្យបានទៀងទាត់ និងត្រូវកម្ដៅថ្ងៃច្រើនពេកជាដើម។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហារន្ធញើសធំ ៖
១. ជែលប្រទាលកន្ទុយក្រពើស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់ថ្នមៗលើស្បែកដែលមានបញ្ហារន្ធញើសធំសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ រងចាំសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តសារឡើងវិញរាល់ថ្ងៃដើម្បីបង្រួមរន្ធញើស។
២. ផ្នែកពណ៌សនៃស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌សនៃស៊ុត ១ គ្រាប់ជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រា។ កូរវឹកឱ្យសព្វសឹមលាបលើផ្ទៃមុខ ហើយទុកចោលរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។
៣. ទឹកត្រសក់ស្រស់
ទឹកត្រសក់ស្រស់អាចជួយផ្ដល់សំណើមដល់ស្បែកល្អសម្រាប់បន្តឹងរន្ធញើស និងរក្សាសំណើម។ វាក៏ផ្ដល់ភាពស្រស់ស្រាយដល់ស្បែកតាមរយៈជាតិទឹកខ្ពស់ដែលមានផ្ទុក។ អ្វីដែលត្រូវធ្វើ គឹគ្រាន់តែកិនត្រសក់ ១ផ្លែនិងច្របាច់ ឬត្រងយកទឹកស្រស់ៗ។ បន្ទាប់មកប្រើប្រាស់ដុំសំឡីជ្រលក់លាបទឹកត្រសក់ស្រស់ៗនេះលើស្បែកមុខដែលមានបញ្ហារន្ធញើសធំ។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញ។ អ្នកអាចអនុវត្តសារឡើងវិញច្រើនដងក្នុងមួយសប្តាហ៍។
៤. ទឹកប៉េងប៉ោះស្រស់
ក្រៅពីមានលក្ខណៈសម្បត្តិជួយឱ្យស្បែកមានសុខភាពល្អ, តឹងណែន និងភ្លឺរលោង។ ប៉េងប៉ោះក៏មានផ្ទុកសម្បូរទៅដោយប៉ូតាស្យូមនិងជាតិអាស៊ីតដែលជួយកាត់បន្ថយរូបរាងនៃស្នាមជាំលើស្បែកមុខផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកប៉េងប៉ោះលើស្បែកមុខដែលបញ្ហា និងរងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អ្នកអាចកាត់ផ្លែប៉េងប៉ោះស្រស់ជាពីរកំណាត់ រួចសឹមយកមកដុសពេញលើមុខក៏បាន។ វិធីនេះអាចជួយខាត់ស្បែកបានយ៉ាងប្រសើរ។ រងចាំរហូតដល់ទឹកប៉េងប៉ោះលើមុខស្ងួតអស់ សឹមលាងសម្អាតចេញ។
៥. ដុំទឹកកក
វិធីសាស្ត្របែបធម្មជាតិដ៏ល្អបំផុតមួយសម្រាប់បន្តឹងនិងបង្រួមរន្ធញើស គឺតាមរយៈការប្រើប្រាស់សីតុណ្ហភាព។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ទឹកកកមួយដុំតូចដុសថ្នមៗលើស្បែកមុខជាការស្រេច។ រូបមន្តនេះក៏ជួយបន្ថយការផលិតជាតិខ្លាញ់លើស្បែកផងដែរ។ អ្នកអាចអនុវត្តរាល់ព្រឹកដើម្បីឆាប់ទទួលបានលទ្ធផលគាប់ចិត្ត។
៦. យ៉ាអួរ
យ៉ាអួរសុទ្ធ គឺល្អណាស់សម្រាប់បន្តឹងស្បែកនិងកម្ចាត់រាល់បាក់តេរីដែលបង្កបញ្ហាឡើងមុនលើស្បែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបយ៉ាអួរសុទ្ធលើស្បែកនិងរងចាំសម្រាប់រយៈពេល ៣០នាទី។ អ្នកអាចម៉ាស្សាយ៉ាអួរលើមុខ ខណៈពេលរងចាំដើម្បីជួយដល់ស្បែកក្នុងការស្រូបយក។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍ដើម្បីបន្ថយរន្ធញើសធំៗ។
៧. ម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ជាមួយទឹកក្ដៅឧណ្ហៗឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកសឹមលាបម៉ាស្សាល្បាយនេះលើស្បែកមុខដែលមានបញ្ហារន្ធញើសធំ។ រងចាំសម្រាប់រយៈពេល ១នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៨. ស្ករអំពៅនិងប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស្ករអំពៅ ២ ស្លាបព្រាបាយជាមួយប្រេងអូលីវ ១ ស្លាបព្រាបាយ រួចកូរអោយសព្វសឹមលាបម៉ាស្សាល្បាយថ្នមៗលើផ្ទៃមុខកន្លែងដែលមានរន្ធញើសធំ។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តអោយបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍៕