ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាក្រូចឆ្មារមានផ្ទុកអាស៊ីតស៊ីទ្រិក សារធាតុ Lutein វីតាមីន C និងប៉ូតាស្យូមដែលល្អណាស់សម្រាប់សុខភាពស្បែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែត្រូវយកក្រូចឆ្មារមកធ្វើបែបណាខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លះងាយៗប្រើប្រាស់ក្រូចឆ្មារជាម៉ាសថែរក្សាស្បែកមុខតាមបែបធម្មជាតិ ៖
១. រូបមន្យផ្សំឡើងពីក្រូចឆ្មារនិងម្សៅឈើអែម
រូបមន្តនេះសាកសមសម្រាប់កាត់បន្ថយការរលាកក្នុងស្បែកនិងបំបាត់ភាពឡើងក្រហម។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ចំណិតជាមួយម្សៅឈើអែម ១ស្លាបព្រាកាហ្វេនិងទឹកឃ្មុំ ២ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញ។
២. រូបមន្តទឹកក្រូចឆ្មារស្រស់ជាមួយផ្នែកពណ៌សនៃស៊ុត
រូបមន្តនេះសាកសមណាស់សម្រាប់អ្នកដែលមានស្បែកងាយឡើងមុន ឬស្បែកមុខខ្លាញ់។ អ្វីដែលអ្នកត្រូវការ គឺគ្រាន់តែផ្នែកពណ៌សនៃស៊ុត ១គ្រាប់ជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេ។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវកូរវឹកផ្នែកពណ៌នៃស៊ុតឱ្យសព្វសិន បន្ទាប់មកសឹមបន្ថែមទឹកក្រូចឆ្មារចូល។ កូរឱ្យសព្វចូលគ្នា រួចលាបម៉ាស្សាល្បាយលើស្បែកមុខ។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី ឬរហូតដល់ស្ងួត។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៣. រូបមន្តទឹកក្រូចឆ្មារស្រស់ជាមួយទឹកឃ្មុំ
រូបមន្តសាកសមសម្រាប់កម្ចាត់ស្នាមអ៊ុចខ្មៅលើស្បែក ឬស្នាមមុន។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកឃ្មុំ ១ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេ រួចកូរឱ្យសព្វ សឹមលាបល្បាយលើស្បែក។ រងចាំរហូតដល់ម៉ាសស្ងួតសឹមលាងសម្អាតចេញ។
៤. ទឹកក្រូចឆ្មារស្រស់ជាមួយទឹកឃ្មុំនិងប៉េងប៉ោះ
រូបមន្តនេះសាកសមសម្រាប់ព្យាបាលស្នាមជាំលើស្បែក។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកឃ្មុំ ១ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់កន្លះស្លាបព្រាកាហ្វេនិងសាច់ប៉េងប៉ោះ។ កូរលាយឱ្យសព្វ និងលាងសម្អាតដៃឱ្យស្អាតជាមុខសិន សឹមប្រើប្រាស់លាបល្បាយលើស្បែកមុខ។ រងចាំរហូតដល់ស្ងួត និងលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហជាមុន សឹមលាងជាមួយទឹកត្រជាក់តាមក្រោយ។
៥. រូបមន្តទឹកក្រូចឆ្មារស្រស់និងយ៉ាអួរ
សាកសមសម្រាប់បន្ថយស្នាមអ៊ុចខ្មៅលើស្បែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេជាមួយយ៉ាអួរសុទ្ធ ១ស្លាបព្រាបាយ, ទឹកឃ្មុំ ១ស្លាបព្រាបាយ និងម្សៅរមៀត ១ភាគ៤នៃស្លាបព្រាកាហ្វេ (ឬមួយចុងស្លាបព្រាកាហ្វេ)។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទីសឹមលាងសម្អាតចេញ។
៦. រូបមន្តទឹកក្រូចឆ្មារស្រស់និងចេកទុំ
សាកសមណាស់សម្រាប់ជួយឱ្យស្បែកភ្លឺស្រស់ថ្លាទន់រលោង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សមកិនសាច់ចេកទុំ ១ផ្លែឱ្យម៉ដ្ឋៗ រួចសឹមបន្ថែមទឹកឃ្មុំ ១ស្លាបព្រាកាហ្វេនិងទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាបាយចូល។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី ឬរហូតដល់ស្ងួត។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍៕