ជាធម្មតាស្នាមជាំខៀវលើស្បែកអាចកើតមានឡើងនៅពេលអ្នកបានដើរប៉ះទង្គិចត្រូវវត្ថុអ្វីមួយ ដួល ឬធ្លាក់ពីលើអ្វីមួយជាដើម ប៉ុន្តែពេលខ្លះវាក៏បណ្ដាលមកពីបញ្ហាសុខភាពណាមួយផងដែរ។ ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនថាស្នាមជាំខៀវបណ្ដាលមកពីមូលហេតុអ្វីទេការស្វែងរកនូវវិធីកាត់បន្ថយ ក៏ដូចជាព្យាបាលស្នាមជាំគឺគួរឱ្យចាប់អារម្មណ៍ជាង។ បើទោះជាស្នាមជាំខៀវអាចនឹងបាត់ទៅវិញដោយឯកឯងក៏ពិតមែន ក៏វាត្រូវការរយៈពេលយូរគួរសមដែរ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗដែលជួយបំបាត់ស្នាមជាំខៀវលើស្បែកបានយ៉ាងឆាប់រហ័ស ៖
១. ស្អំទឹកកក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្អំកញ្ចប់ទឹកកកលើស្នាមជាំសម្រាប់រយៈពេល ១៥នាទីដោយកុំភ្លេចធ្វើចលនាបែបម៉ាស្សាជារង្វង់មួយៗថ្នមៗ និងអនុវត្តសារឡើងវិញឱ្យបាន ៣ដងក្នុងមួយថ្ងៃជាការស្រេច។ កុំស្អំស្ងៀមមួយកន្លែងចៀសវាងបង្កើនការឈឺចាប់។ អនុវត្តឱ្យជាប់សម្រាប់រយៈពេលពី ២ ទៅ ៣ថ្ងៃដើម្បីទទួលបានលទ្ធផលប្រសើរ។
២. ស្អំកម្ដៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកដបទឹកក្ដៅឧណ្ហៗមួយមកស្អំភ្លាមបន្ទាប់ពីអ្នកសម្គាល់ឃើញស្នាមជាំលេចឡើងលើស្បែក។ សីតុណ្ហភាពក្ដៅឧណ្ហៗជួយកាត់បន្ថយឈាមដែលកកក្រោមផ្ទៃនៃស្បែក។ ប្រសិនបើមានការហើមអមមកជាមួយនឹងស្នាមជាំ ចូរចាប់ផ្ដើមស្អំទឹកត្រជាក់ ឬទឹកកកសិន មុននឹងស្អំទឹកក្ដៅ។ ត្រូវប្រាកដថាដបទឹក ឬសីតុណ្ហភាពនៃទឹកមិនខ្ពស់ពេក បើមិនដូច្នោះទេស្បែកអាចនឹងទទួលរងការរលាក។
៣. ជីវ៉ាន់ស៊ុយ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំស្លឹកជីវ៉ាន់ស៊ុយប៉ុន្មានស្លឹក រួចយកទៅបិតលើតំបន់ស្បែកជាំខៀវហើយទុកចោលរហូតដល់ស្បែកបឺតយកជាតិទឹកចេញពីជីជាការស្រេចសម្រាប់រយៈពេលពី ៧ ទៅ ៨នាទី សឹមយកចេញជាការស្រេច។ ជីវ៉ាន់ស៊ុយមានផ្ទុកសម្បូរទៅដោយវីតាមីន C និងវីតាមីន K ដែលមានប្រសិទ្ធភាពជួយបំបាត់ការឈឺចាប់និងកាត់បន្ថយការរលាកចាំបាច់ក្នុងការព្យាបាលបំបាត់ស្នាមជាំខៀវ។
៤. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមពី ២ ទៅ ៣ដំណក់ក្នុងទឹកក្ដៅឧណ្ហៗ ៥ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបទឹកល្បាយលើស្នាមជាំជាការស្រេច។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃសម្រាប់រយៈពេលពី ៥ ទៅ ៦ថ្ងៃ។
៥. ខ្ញី
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់កោសសំបកខ្ញី ១មើម ឬចំណិតតូច រួចលាងឱ្យស្អាត សឹមដំឱ្យម៉ដ្ឋ និងបិតលើស្នាមហើមជាំ។ បន្ទាប់មកសឹមប្រើប្រាស់ស្បៃរុំពីលើ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ អ្នកគួររុំទុកចោលសម្រាប់រយៈពេលពេញមួយយប់។ អនុវត្តសារឡើងវិញសម្រាប់រយៈពេលពី ១ ទៅ ២ថ្ងៃដើម្បីសម្គាល់ឃើញលទ្ធផលប្រសើរ៕