ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាមូលហេតុអ្វីខ្លះអាចបណ្ដាលអោយអារម្មណ៍ប្រែប្រួលឆាប់រហ័ស? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាស្មានមិនដល់មួយចំនួនដែលជះឥទ្ធិពលដល់អារម្មណ៍ ៖
១. ប្រព័ន្ធរំលាយអាហារគ្មានសុខភាពល្អ
អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយងាយនឹងមានអារម្មណ៍ឆាប់មួរម៉ៅ ឬឆាប់ប្រែប្រួលណាស់។ នេះក៏ព្រោះតែប្រព័ន្ធរំលាយអាហារដែលគ្មានតុល្យភាពត្រឹមត្រូវអាចជះផលប៉ះពាល់ដល់កម្រិតនៃអ័រម៉ូន។ ជាលទ្ធផលអារម្មណ៍ប្រាកដជាប្រែប្រួលខុសធម្មតា។
២. គេងមិនគ្រប់
ខួរក្បាលនិងរាងកាយទាំងមូលត្រូវការដំណេកដើម្បីស្ដារថាមពលឡើងវិញ។ ប្រសិនបើអ្នកសម្រាក ឬគេងមិនបានគ្រប់គ្រាន់នោះអ្នកក៏មិនអាចនឹងមានអារម្មណ៍ស្រស់ស្រាយប្រសើរបានដែរ។ ដឹងទេថាការគេងមិនគ្រប់ជាប្រចាំអាចបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចត្តិ ( depression ) គួរឱ្យព្រួយបារម្ភ?
៣. ការទទួលទានអាហារផ្អែមៗ
ការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមក៏ជាមូលហេតុនៃបញ្ហាអារម្មណ៍ប្រែប្រួលផងដែរ។ លើសពីនេះទៅទៀតរបបអាហារមានផ្ទុកជាតិស្ករខ្ពស់អាចបង្កការរលាកក្នុងរាងកាយហើយនេះជាអ្វីមួយដែលនាំអោយកើតមានបញ្ហាអតុល្យភាពនៃអ័រម៉ូន។ ហើយអារម្មណ៍អាចត្រូវទទួលរងឥទ្ធិពលប្រសិនបើកម្រិតនៃអ័រម៉ូនក្នុងរាងកាយគ្មានតុល្យភាព។
៤. កង្វះវីតាមីន B6
នេះក៏ព្រោះតែវីតាមីន B6 អាចជួយរក្សាសសៃប្រសាទនៃខួរក្បាល។ ដូច្នេះហើយទើបកង្វះវីតាមីននេះអាចបណ្ដាលឱ្យមានបញ្ហាពាក់ព័ន្ធនឹងអារម្មណ៍ដូចជាឆាប់ខឹងមួម៉ៅ ឬអន្ទះសារ។ ជំងឺធ្លាក់ទឹកចិត្ត Depression ក៏អាចជាបញ្ហាពាក់ព័ន្ធនឹងអារម្មណ៍មួយទៀតដែលអ្នកអាចជួបប្រទះផងដែរ។
៥. កង្វះវីតាមីន B12
ធ្លាប់ដឹងទេថាកង្វះវីតាមីន b12 ក៏អាចបណ្ដាលឱ្យមានបញ្ហាអារម្មណ៍មិនល្អ ឬឆាប់ខឹងផងដែរ? នោះក៏ព្រោះតែវីតាមីន b12 មានប្រសិទ្ធិភាពគ្រប់គ្រងអារម្មណ៍ល្អប្រសើរជួយរក្សាសុខភាពផ្លូវចិត្ត។ ម្យ៉ាងវិញទៀត វីតាមីន b12 ក៏ជួយរក្សាសុខភាពកោសិកាខួរក្បាល ព្រមទាំងបង្កើនថាមពលខួរក្បាលទប់ទល់នឹងភាពអស់កម្លាំងដោយសារបញ្ហាស្ត្រេសផងដែរ។ ហេតុនេះប្រសិនបើអ្នកចង់ចៀសផុត ឬទប់ទល់ជាមួយបញ្ហាធ្លាក់ទឹកចិត្ត (depression) និងថប់បារម្ភ ចូរព្យាយាមរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន b12 ក្នុងរបបអាហារប្រចាំថ្ងៃ៕