ចង់សម្រាលឬបំបាត់អាការៈឡើងហ្គាសក្នុងពោះ ក៏ដូចជាហើមពោះមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកឡើយ! គួរធ្វើបែបណា? ខាងក្រោមវេបសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះទប់ទល់បញ្ហាឡើងហ្គាសឡើងក្នុងពោះ ឬហើមពោះ ៖
១. ចៀសវាងប្រើប្រាស់បំពង់បឺតនៅពេលទទួលទានភេសជ្ជៈផ្សេងៗ
ដើម្បីបន្ថយហ្គាសដែលប្រមូលផ្ដុំក្នុងពោះ ចូរព្យាយាមកែទម្លាប់ទទួលទានភេសជ្ជៈដោយប្រើប្រាស់បំពង់បឺត ឬទុយោរចេញ។ បញ្ហាដូចគ្នានេះក៏អាចកើតមាននៅពេលអ្នកទទួលទានភេសជ្ជៈដោយផ្ទាល់ចេញពីដបផងដែរ ដោយអាស្រ័យលើទំហំ និងរូបរាងរបស់វា។ ដូច្នេះដើម្បីជាការប្រសើរចូរទទួលទានភេសជ្ជៈចេញពីកែវ។
២. ទទួលទានតែមួយចំនួន
រួមមានតែផ្កា Chamomile និងតែខ្ញីជាដើម គឺសុទ្ធតែមានប្រសិទ្ធភាពជួយបន្ធូរអាការៈឡើងហ្គាសក្នុងពោះ ឬហើមពោះបានយ៉ាងប្រសើរ។
៣. យ៉ាអួរ
ការទទួលទានយ៉ាអួរអាចផ្ដល់ឱ្យអ្នកនូវភាពធូរស្បើយយ៉ាងឆាប់រហ័សពីបញ្ហាឡើងហ្គាសក្នុងពោះ ឬហើមពោះ។ នេះក៏ព្រោះតែយ៉ាអួរមានផ្ទុកជាតិប្រូបាយទិកធម្មជាតិដែលជួយរក្សាតុល្យភាពក្នុងពោះវៀន។ ទោះជាយ៉ាងណាប្រសិនបើអ្នកចាញ់ឡាក់តូស ចូរចៀសវាងទទួលទានយ៉ាអួរដោយវាជាផលិតផលអាហារផ្សំឡើងពីទឹកដោះគោ។
៤. ចៀសវាងអាហារមានផ្ទុកជាតិខ្លាញ់ច្រើន
អ្នកក៏ចាំបាច់គួរកម្រិតការទទួលទានអាហារដែលមានផ្ទុកជាតិខ្លាញ់ សូម្បីតែខ្លាញ់ល្អមួយក៏អាចបង្កអាការៈហើមពោះបានផងដែរ។ ប្រសិនបើអ្នកឧស្សាហ៍ហើមពោះ ចូរជ្រើសរើសរបបអាហារមានជាតិខ្លាញ់ទាបបំផុត។
៥. ធ្វើចលនា
វិធីដ៏ងាយនិងប្រសើរបំផុតមួយទៀតដែលជួយអ្នកបន្ថយហ្គាសក្នុងពោះនោះ គឺការធ្វើចលនា។ អ្នកអាចគ្រាប់តែដើរធម្មតាសម្រាប់រយៈពេល ៣០នាទី ឬរត់សម្រាប់រយៈពេល ១៥នាទីជាការស្រេច។ ខណៈពេលដែលអ្នកធ្វើចលនា នោះសាច់ដុំនឹងកន្ត្រាក់ដែលជួយអ្នកកម្ចាត់ហ្គាស ឬខ្យល់ដែលលើសនោះចេញពីក្នុងពោះ សូម្បីតែពីក្នុងក្រពះ។
៦. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១ពែង។ កូរឱ្យសព្វ សឹមទទួលទាន ២ដងក្នុងមួយថ្ងៃ។
៧. ចៀសវាងទំពារអាហារលឿនពេក
មានមូលហេតុពីរដែលបញ្ជាក់ថា ការទទួលទានអាហារលឿនៗ គឺមិនល្អសោះឡើយ។ ទី ១ ការបរិភោគលឿនធ្វើឱ្យអ្នកទំពារអាហារមិនបានល្អ ឬច្រើនគ្រប់គ្រាន់ដែលបង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហារ។ ទី ២ នោះ គឺវាធ្វើឱ្យអ្នកលេបខ្យល់ចូលពោះដោយចៃដន្យច្រើនជាងធម្មតាជាហេតុបណ្ដាលឱ្យងាយនឹងហើមពោះ។
៨. កម្រិតការទទួលទានភេសជ្ជៈកាបូណាត
ជាតិហ្គាសក្នុងភេសជ្ជៈកាបូណាតអាចបណ្ដាលឱ្យអ្នកហើមពោះបានយ៉ាងងាយ។ ដូច្នេះអ្នកមិនគួររួមបញ្ចូលភេសជ្ជៈមានជាតិហ្គាសក្នុងរបបអាហារឡើយ៕