មិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តទទួលទានសាច់ច្រើននោះទេ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីអាហារនេះមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលរាងកាយត្រូវការចាំបាច់ក៏ដោយ។ ទោះជាយ៉ាងណាកុំបារម្ភ! សាច់មិនមែនជាប្រភពតែមួយនៃប្រូតេអ៊ីនឡើយ។ ថ្ងៃនេះវេបសាយសុខភាពHealth.com.kh នឹងបង្ហាញឱ្យដឹងពីប្រភពដ៏ល្អនៃប្រូតេអ៊ីន ៖
១. ទឹកសណ្ដែក
១ពែងនៃទឹកសណ្ដែកមានផ្ទុកប្រូតេអ៊ីនដល់ទៅ ៨ក្រាមនិង ១៣១កាឡូរី (ស្មើនឹង ១៦ភាគរយនៃតម្រូវការប្រូតេអ៊ីនប្រចាំថ្ងៃ)។
២. ត្រីសាឌីន
ត្រីសាឌីនតូចមួយមានផ្ទុកប្រូតេអ៊ីនដល់ទៅ ៣ក្រាមនិង ២៥កាឡូរី (ស្មើនឹង ៦ភាគរយនៃតម្រូវការប្រូតេអ៊ីនប្រចាំថ្ងៃ)។ បន្ថែមពីនេះត្រីសាឌីនក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយនិងទប់ស្កាតហានិភ័យនៃជំងឺសសៃឈាមបេះដូងបានយ៉ាងប្រសើរ។ សារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតនៃត្រីសាឌីន គឺសេលេញ៉ូម, វីតាមីន B12 និងវីតាមីន D ដែលល្អណាស់សម្រាប់រក្សាសុខភាពរាងកាយ ព្រមទាំងមុខងារសសៃប្រសាទ ក៏ដូចជាខួរក្បាល និងពង្រឹងសុខភាពឆ្អឹងផងដែរ។
៣. មឹក
ប្រមាណ ២៨ក្រាមនៃមឹកមានផ្ទុកប្រូតេអ៊ីនដល់ទៅ ៤.២ក្រាមនិង ២៣កាឡូរី (ស្មើនឹង ៨ភាគរយនៃតម្រូវការប្រូតេអ៊ីនប្រចាំថ្ងៃ)។ ទោះជាយ៉ាងណាអាហារសមុទ្រនេះមានផ្ទុកកូឡេស្តេរ៉ូលខ្ពស់ដែលអ្នកចាំបាច់គួរកម្រិតការទទួលទានឱ្យនៅក្នុងកម្រិតមធ្យម។ សារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀតដែលមានផ្ទុកក្នុងមឹកនោះ គឺជាតិដែកដែលជាជាតិរ៉ែចាំបាច់សម្រាប់ដឹកជញ្ជូនអុកស៊ីសែនទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។ ជាតិដែកក៏ដើរតួនាទីសំខាន់ក្នុងដំណើរការនៃការលូតលាស់កោសិកាផងដែរ។ បន្ថែមពីនេះជាតិសេលេញ៉ូមក្នុងមឹកដើរតួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្មនិងទប់ស្កាត់រាល់ការបំផ្លាញដែលបង្កឡើងដោយរ៉ាឌីកាល់សេរី។ មឹកក៏មានផ្ទុកវីតាមីន B12 ដែលជួយគាំទ្រមុខងារខួរក្បាលគួរឱ្យកត់សម្គាល់។ សូម្បីតែបង្គាក៏មានផ្ទុកប្រូតេអ៊ីនខ្ពស់ផងដែរ។ ត្រឹម ៨៥ក្រាមនៃបង្គាមានផ្ទុកប្រូតេអ៊ីនដល់ទៅ ១៨ក្រាម និង ៨៤កាឡូរី។
៤. គ្រាប់រីករាយ
ត្រឹម ១ពែងនៃគ្រាប់រីករាយមានផ្ទុកប្រូតេអ៊ីន ២៥ក្រាមនិង ៦៨៥កាឡូរី (ស្មើនឹង ៥១ភាគរយនៃតម្រូវការប្រូតេអ៊ីនប្រចាំថ្ងៃ)។ គ្រាប់ធញ្ញជាតិនេះក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយគាំទ្រសុខភាពប្រព័ន្ធរំលាយអាហារផងដែរ។
៥. គ្រាប់ល្ពៅ
១ពែងនៃគ្រាប់ល្ពៅមានផ្ទុកប្រូតេអ៊ីន ១២ក្រាមនិង ២៨៥កាឡូរី (ស្មើនឹង ២៤ភាគរយនៃតម្រូវការប្រូតេអ៊ីនប្រចាំថ្ងៃ)។ គ្រាប់ពូជនេះក៏ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែស័ង្កសីដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងធ្វើឱ្យសុខភាពក្រពេញប្រូស្តាតកាន់តែមានលក្ខណៈប្រសើរឡើង ហើយអាចទប់ស្កាត់ជំងឺមហារីកក្រពេញប្រូស្តាតបានថែមទៀតផង៕