អ្នកដែលមានកម្រិតជាតិស្ករខ្ពស់ជាងធម្មតា ប៉ុន្តែក្រោមតម្លៃនៃជំងឺទឹកនោមផ្អែម ត្រូវបានគេចាត់ទុកថាឈានចូលជំងឺទឹកនោមផ្អែម។ ការស្រាវជ្រាវបានបង្ហាញថា មនុស្សភាគច្រើនដែលឈានចូលជំងឺទឹកនោមផ្អែមនឹងវិវត្តកើតទៅជាជំងឺទឹកនោមផ្អែមតែម្តងក្នុងអំឡុងពេល១០ឆ្នាំ។
វាត្រូវបានគេណែនាំថា អ្នកត្រូវបានគេធ្វើតេស្តដើម្បីមើលពីការឈានចូលជំងឺទឹកនោមផ្អែមឬយ៉ាងណានោះប្រសិនបើៈ
អ្នកលើសទម្ងន់ និងមានអាយុលើលពី៤៥ឆ្នាំ
អ្នកលើសទម្ងន់ និងមានអាយុក្រោម៤៥ឆ្នាំ ប៉ុន្តែមានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម, លើសឈាម, ឬលើសឈាមខ្លាញ់
ការផ្លាស់ប្តូរទម្លាប់ដែលផ្តល់នូវសុខភាព
ការផ្លាស់ប្តូរទម្លាប់ចំពោះការញ៉ាំអាហារ និងការធ្វើលំហាត់ប្រាណត្រូវបានបង្ហាញថាពន្យារ និងការពារជំងឺទឹកនោមផ្អែម និងបញ្ហាសុខភាពដទៃទៀត។
ធ្វើម៉េចទើបនឹងថាឈានចូលជំងឺទឹកនោមផ្អែម?
ការមើលជាតិស្ករនៅក្នុងឈាមត្រូវបានគេធ្វើក្រោយពីអ្នកអត់ញ៉ាំអាហារ និងផឹកទឹកក្នុងរយៈពេល១០ ទៅ១២ម៉ោង។ ជាតិស្ករនៅក្នុងឈាមដែលមិនទាន់ញ៉ាំអាហារធម្មតាគឺស្ថិតនៅចន្លោះ ៧០ ទៅ៩៩មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាមចំពោះអ្នកដែលមិនមានជំងឺទឹកនោមផ្អែម។ ការធ្វើរោគវិនិច្ឆ័យថាឈានចូលជំងឺទឹកនោមផ្អែមនៅពេលដែលតេស្តឈាមពីរបានបង្ហាញថា ជាតិស្ករនៅក្នុងឈាមដែលមិនទាន់ញ៉ាំអាហារគឺស្ថិតនៅចន្លោះពី១០០ ទៅ១២៥មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាម។
មួយវិញទៀត, ប្រសិនបើអ្នកចង់មើលជាតិស្ករនៅក្នុងឈាមគ្រប់ពេលនោះ, អ្នកក៏អាចធ្វើបានដែរ។ ចំពោះមនុស្សធម្មតាដែលមិនមានជំងឺទឹកនោមផ្អែម, ជាតិស្ករនៅក្នុងឈាមដែលញ៉ាំអាហាររួច ឬពេលណាក៏ដោយ គឺស្ថិតនៅក្នុង ១៤០មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាម។ កម្រិតជាតិស្ករនៅក្នុងឈាមដែលញ៉ាំអាហាររួចនឹងស្ថិតនៅចន្លោះ ១៤០ ទៅ១៩៩មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាមប្រសិនបើអ្នកនោះឈានចូលជំងឺទឹកនោមផ្អែម។ រីឯអ្នកដែលមានជំងឺទឹកនោមផ្អែមវិញ, ជាតិស្ករនៅក្នុងឈាមដែលញ៉ាំអាហាររួចគឺខ្ពស់ ២០០មីលីក្រាមក្នុងមួយដេស៊ីលីត្រឈាម។
ដូចនេះជំហ៊ានដែលត្រូវធ្វើគឺបញ្ចុះទម្ងន់។ អ្នកអាចធ្វើវាដោយគ្រប់គ្រងការញ៉ាំអាហាររបស់អ្នកអោយមានស្ថេរភាព និងបង្កើនការធ្វើលំហាត់ប្រាណ។ ដូចគ្នាដែរ, សូមនិយាយទៅកាន់គ្រូពេទ្យអំពីគម្រោងនៃការព្យាបាល និងគោលបំនងរបស់អ្នក។
សរុបមក, អ្នកគួរតែរៀបចំវិធីសាស្ត្រមួយចំនួនដើម្បីគ្រប់គ្រងការឈានចូលជំងឺទឹកនោមផ្អែមរបស់អ្នកដោយៈ
– ដាក់ផែនការណ៍នូវអ្វីដែលអ្នកញ៉ាំ និងញ៉ាំដោយមានលំនឹង
– បង្កើនការធ្វើលំហាត់ប្រាណ
– លេបថ្នាំ ប្រសិនបើជាវេជ្ជបញ្ជា ហើយតាមដានយ៉ាងជិតស្និទ្ធលើរបៀប និងពេលដែលត្រូវប្រើ
– តាមដានជាតិស្ករនៅក្នុងឈាមទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ
– សូមទៅជួបគ្រូពេទ្យទៅតាមអ្វីដែលគាត់ប្រាប់
– តាមដានសម្ពាធឈាមរបស់អ្នក៕