អាការៈក្អួតក្នុងកំឡុងពេលមានផ្ទៃពោះអាចចាត់ទុកថាជាបញ្ហាធម្មតាមួយ ជាពិសេសក្នុងកំឡុងពេលត្រីមាសដំបូង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាការៈនេះអាចហៅបានថាជាអាការៈចាញ់កូន! ថាតើគួរធ្វើបែបណាដើម្បីអាចធូរស្បើយ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិជួយសម្រាលអាការៈចាញ់កូនបានយ៉ាងឆាប់រហ័ស ៖
១. តែខ្ញី
ខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកាត់បន្ថយការរលាកផ្សេងៗដែលបង្កអាការៈចង្អោរចង់ក្អួត។ លើសពីនេះទៅទៀត ខ្ញីក៏ជាប្រភពនៃសារធាតុ gingerol ដែលមានឥទ្ធិពលយ៉ាងប្រសើរលើប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធសសៃប្រសាទកណ្ដាលជួយសម្រាលអាការៈចង្អោរចង់ក្អួត, ឈឺពោះ រាគ ព្រមទាំងជំងឺមួយចំនួនផ្សេងទៀតពាក់ព័ន្ធជាមួយការរំលាយអាហារបានយ៉ាងប្រសើរផងដែរ។ ដើម្បីបំបាត់អាការៈចង្អោរចង់ក្អួតបានឆាប់ ចូរទទួលទានតែខ្ញីមួយពែង។ អ្នកអាចបន្ថែមទឹកឃ្មុំក្នុងតែខ្ញី រួចសឹមទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗ។ ទទួលទានឱ្យបានពី ២ ទៅ ៣ដងជាប្រចាំ។
២. ទឹក
សម្រាប់ស្ត្រីមានផ្ទៃពោះដែលត្រូវប្រឈមមុខនឹងអាការៈក្អួត គឺត្រូវប្រាកដថាបានទទួលទានទឹកច្រើនគ្រប់គ្រាន់វិញដើម្បីបំពេញជាតិទឹកដែលបាត់បង់។ ហើយការទទួលទានទឹកនៅពេលមានអារម្មណ៍ចង្អោរចង់ក្អួត ឬរកកលនឹងក្អួតពិតជាអាចជួយឱ្យអ្នកមានអារម្មណ៍ប្រសើរជាងមុន។ អ្នកអាចសាកល្បងក្រេបទទួលទានម្ដងបន្តិចដើម្បីពិនិត្យមើលថាតើក្រពះរបស់អ្នកទប់ទល់បានឬអត់? អ្នកក៏អាចជញ្ជក់ដុំទឹកកកតូចៗបានផងដែរ។
៣. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារម្ខាងយកទឹកស្រស់ៗលាយក្នុងទឹក ១កែវ រួចសឹមបន្ថែមទឹកឃ្មុំចូលបន្តិចមុននឹងទទួលទាន។ អ្នកក៏អាចជញ្ជក់ក្រូចឆ្មារ និងព្យាយាមស្រូបយកក្លិនឈ្ងុយរបស់វាផង។ អនុវត្តភ្លាមនៅពេលអ្នកមានអារម្មណ៍ចង់ក្អួត។
៤. យ៉ាអួរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានយ៉ាអួរសុទ្ធ ១ចានឱ្យបានពី ១ ទៅ ២ដងក្នុងមួយថ្ងៃជាការស្រេច។
៥. ផ្លែគីវី
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែគីវីពី ១ ទៅ ២ផ្លែជាមួយចេក ១ផ្លែឱ្យម៉ដ្ឋចូលគ្នាដោយកុំភ្លេចបន្ថែមទឹក ១ពែងផង។ អ្នកក៏អាចលាយទឹកឃ្មុំបន្តិចដើម្បីបង្កើនរសជាតិមុនពេលទទួលទានទឹកផ្លែឈើក្រឡុកនេះ។ អ្នកក៏អាចទទួលទានផ្លែគីវីសុទ្ធតែម្ដងក៏បាន។
៦. ស៊ុបបន្លែ
អាការៈក្អួតអាចបណ្ដាលឱ្យរាងកាយខ្សោះជាតិទឹក ដូច្នេះចូរបង្កើនការទទួលទានសារធាតុរាវដើម្បីទប់ទល់បញ្ហានេះកំឡុងពេលមានផ្ទៃពោះ។ នៅពេលអ្នកដឹងបានថាក្រពះអាចទប់ទល់នឹងជាតិទឹកបាន អ្នកអាចចាប់ផ្ដើមទទួលទានទឹកស៊ុបដែលធ្វើឡើងពីបន្លែ ឬសាច់មាន់៕