ក្រែមបន្ទន់សក់បែបធម្មជាតិងាយនឹងធ្វើណាស់! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ) ត្រូវការអ្វីខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបងាយៗដើម្បីធ្វើក្រែមបន្ទន់សក់បែបធម្មជាតិ ៖
១. រូបមន្តប្រេងដូងនិងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដូង ១ស្លាបព្រាបាយជាមួយទឺកឃ្មុំ ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបលើសក់ដែលទើបនឹងកក់រួចថ្មីៗ។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបាន ៣ដងក្នុងមួយសប្តាហ៍។
២. រូបមន្តខ្ទិះដូងនិងប្រេងអាល់ម៉ុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ស្លាបព្រាបាយជាមួយទឹកដោះគោស្រស់ ១ស្លាបព្រាបាយ ខ្ទិះដូង ១ស្លាបព្រាបាយ និងប្រេងអាល់ម៉ុន ១ស្លាបព្រាបាយចូលគ្នាឱ្យសព្វ។ បន្ទាប់មកសឹមលាបល្បាយលើសក់ដែលកក់ជាមួយសាប៊ូរួចដោយអាចបែងចែកជាផ្នែកៗ។ កុំភ្លេចរុំកន្សែងជុំវិញក្បាល ឬពាក់មួកផ្លាស្ទិកគ្រប់សក់សម្រាប់រយៈពេល ១៥នាទី។ បន្ទាប់មកសឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបាន ៣ដងក្នុងមួយសប្តាហ៍។
៣. រូបមន្តជែលប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ៗ ៤ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ផ្លែ និងប្រេងជីអង្កាម ឬប្រេងឡាវ៉េនដឺ ៥ដំណក់ឱ្យសព្វចូលគ្នា។ ចូរប្រើប្រាស់ក្រែមបន្ទន់បែបធម្មជាតិនេះលាបលើសក់ក្រោយពេលកក់ជាមួយសាប៊ូរួច។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ ឬទឹកត្រជាក់។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
៤. រូបមន្តផ្សំឡើងពីផ្នែកពណ៌លឿងស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកផ្នែកពណ៌លឿងនៃស៊ុត ២គ្រាប់ឱ្យសព្វ រួចសឹមប្រើប្រាស់លើសក់ក្រោយពេលកក់ជាមួយសាប៊ូ។ រងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
៥. ប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងអូលីវពី ២ ទៅ ៣ស្លាបព្រាបាយជាមួយប្រេងណាមួយក្នុងចំណោមប្រេងឡាវ៉េនដឺ, ប្រេងដើមតែ, ប្រេងជីអង្កាម ឬប្រេងឈើអែម (តាមជម្រើសរបស់អ្នក) ចំនួន ៥ដំណក់។ រួចយកទៅកម្ដៅឱ្យក្ដៅឧណ្ហ ហើយសឹមលាបម៉ាស្សាលើស្បែកក្បាលនិងសក់។ នៅពេលលាបសព្វហើយនោះ ចូរប្រើប្រាស់កន្សែងក្ដៅឧណ្ហៗរុំឱ្យជិត និងរងចាំសម្រាប់រយៈពេល ៣០នាទី។ លាងសម្អាតប្រេងចេញពីសក់និងស្បែកក្បាលដោយកក់ជាមួយសាប៊ូ។ អនុវត្តឱ្យបាន ៣ដងក្នុងសប្តាហ៍។
៦. រូបមន្តយ៉ាអួរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរ ៣ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយ ទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយ ប្រេងដូង ១ស្លាបព្រាបាយ និងប្រេងជីអង្កាម ប្រេងដើមតែ ប្រេងឈើអែម ឬប្រេងផ្កាឡាវ៉េនដឺចំនួន ៥ដំណក់ឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមកក់សម្អាតសក់ជាមួយសាប៊ូដូចពេលធម្មតា និងលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។ ច្របាច់ទឹកខ្លះចេញពីសក់ និងចាប់ផ្ដើមលាបក្រែមបន្ទន់បែបធម្មជាតិដែលបានរៀបចំរួចឱ្យសព្វពេញសក់។ រងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតសក់ចេញជាមួយទឹកត្រជាក់ ឬទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ៣ដងក្នុងមួយសប្តាហ៍៕