ទោះជាស្គាល់និងចូលចិត្តញ៊ាំល្ហុងទុំប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ផ្លែឈើនេះអាចយកមកប្រើដោះស្រាយបញ្ហាសម្រស់បានយ៉ាងប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែតើត្រូវយកមកធ្វើដូចម្ដេចទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើប្រាស់ល្ហុងទុំរក្សាសម្រស់ ៖
១. ផ្ដល់សំណើមដល់ស្បែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយល្ហុងទុំដែលកិនម៉ដ្ឋ ១ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
២. បំបាត់ស្នាមមុនជួយឱ្យស្បែកភ្លឺទន់រលោង
អ្វីដែលអ្នកត្រូវធ្វើ គឺលាយសាច់ល្ហុងទុំដែលយម៉ដ្ឋចំនួន ៤ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់កន្លះស្លាបព្រាកាហ្វេនិងទឹកឃ្មុំ ១ស្លាបព្រាយឱ្យសព្វចូលគ្នា។ បន្ទាប់មកត្រូវលាងសម្អាតស្បែកមុខឱ្យស្អាតជាមុនសិន រួចជូតថ្នមរហូតដល់ស្ងួត សឹមលាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី។ ប្រើប្រាស់ទឹកក្ដៅឧណ្ហៗជូតសម្អាតមុខចេញសិន រួចសឹមលាងជម្រះម្ដងទៀតជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានម្ដងក្នុងមួយសប្តាហ៍។
៣. ព្យាបាលស្បែកមុខខ្លាញ់
ចូរកិនល្ហុងទុំឱ្យម៉ដ្ឋរួចបន្ថែមស្ករសប្រហែល ២ ស្លាបព្រាកាហ្វេចូល។ លាបម៉ាស្សាល្បាយថ្នមៗលើស្បែកមុខសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមលាងសម្អាតចេញ។
៤. ព្យាបាលស្បែកអាចម៍រុយ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនល្ហុងទុំមួយដុំតូចឱ្យម៉ដ្ឋ រួចលាបវាលើស្នាមអាចម៍រុយនិងទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាការស្រេច។
៥. កម្ចាត់ស្នាមខ្មៅក្រោមភ្នែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ទះល្ហុងទុំស្ដើងមួយបន្ទះលើភ្នែកនៅពេលសម្រាក។ អ្នកក៏អាចកិនល្ហុងទុំមួយដុំតូចឱ្យម៉ដ្ឋដោយប្រើសមនិងលាបសាច់ល្ហុងនេះក្រោមភ្នែក។ រងចាំសម្រាប់រយៈពេល ១០ នាទី សឹមសម្អាតចេញ។
៦. ផ្ដល់សំណើមដល់សក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនល្ហុងទុំម្ខាងឱ្យម៉ដ្ឋ (កុំភ្លេចយកគ្រាប់និងចិតសំបកល្ហុងចេញ)។ បន្ថែមមកបន្ថែមយ៉ាអួរសុទ្ធកន្លះពែងចូល និងកូរឱ្យសព្វ។ លាបល្បាយលើសក់ដោយចាប់ផ្ដើមពីគល់ដល់ចុង។ រងចាំសម្រាប់រយៈពេល ៣០នាទី សឹមកក់សម្អាតចេញជាមួយសាប៊ូកម្រិតស្រាល។
៧. ជួយឱ្យស្បែកសបែបធម្មជាតិ
អ្វីដែលអ្នកត្រូវការ គឺទឹកក្រូចឆ្មារស្រស់ពី ៥ ទៅ ១០ ដំណក់ (មិនសាកសមសម្រាប់ស្បែកស្ដើងឆាប់ប្រតិកម្ម), សំបកល្ហុងចំនួន ២ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនគ្រឿងផ្សំទាំងអស់ចូលគ្នាអោយសព្វម៉ដ្ឋ។ បន្ទាប់មកលាបម៉ាស្សាល្បាយសំបកល្ហុងប្រមាណពី ១ ទៅ ២ នាទីមិនត្រឹមតែលើផ្ទៃមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អចំពោះកែងដៃ, ដៃ និងជង្គង់ផងដែរ។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ៣០ នាទី សឹមលាងសម្អាតចេញ។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត៕