ជំងឺមហារីកសុដន់ គឺជាជំងឺដ៏កាចសាហាវមួយដែលបានឆក់យកអាយុជីវិតមនុស្សរៀងរាល់ថ្ងៃគួរឲ្យព្រួយបារម្ភ។ ហេតុផលនៅពីក្រោយការវិវត្តនៃជំងឺមហារីកសុដន់ក៏មានច្រើនផ្សេងៗពីគ្នា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា អ្នកស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ហានិភ័យនៃជំងឺមហារីកសុដន់អាចត្រូវបានកាត់បន្ថយតាមរយៈការរក្សាបាននូវរបបអាហារសុខភាពល្អ និងទម្ងន់សមស្រប។ ដូច្នេះដើម្បីជៀសផុតពីបញ្ហានៃជំងឺមហារីកសុដន់អ្នកគួរកាត់បន្ថយ ឬដកចេញ អាហារដែបង្កើនហានិភ័យនៃជំងឺចេញពីរបបអាហារប្រចាំថ្ងៃ។ ប៉ុន្តែថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរបញ្ឈប់ការទទួលទាន ប្រសិនបើចង់ជៀសឆ្ងាយពីជំងឺមហារីកសុដន់ ៖
១. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
ម្ចាស់កសិដ្ឋានភាគច្រើនប្រើប្រាស់សារធាតុគីមី ក៏ដូចជាអ័រម៉ូនសឹងគ្រប់ប្រភេទ ដើម្បីជម្រុញការផលិតទឹកដោះនៃសត្វតាមតម្រូវការ។ សារធាតុគីមី rGBH គឺត្រូវបានប្រើជាទូទៅ ហើយទឹកដោះរបស់សត្វគោដែលមានផ្ទុកកម្រិតនៃសារធាតុគីមី rGBH ខ្ពស់ជាងអ័រម៉ូនផ្សេងទៀតនឹងបង្កឲ្យមានការលូតលាស់នៃអ័រម៉ូន IGF-1 ដែលផ្សារភ្ជាប់ទៅនឹងជំងឺមហារីកសុដន់។ ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា កម្រិតខ្ពស់នៃអ័រម៉ូន IGF-1 បង្កើនហានិភ័យនៃជំងឺមហារីកសុដន់។
២. ខ្លាញ់
មិនមែនជាតិខ្លាញ់ ឬខ្លាញ់គ្រប់ប្រភេទសុទ្ធតែផ្ដល់ផលអាក្រក់ចំពោះសុខភាពឡើយ។ ប៉ុន្តែជាតិខ្លាញ់ដែលចេញពីអាហារកែច្នៃ រួមមាន នំស្រួយ, អាហារបំពងចៀន, នំដូហ្វណាត់, នំគុកឃី ជាដើម គឺមានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹងការកើនឡើងនូវហានិភ័យនៃជំងឺមហារីកសុដន់ ខណៈដែលជាតិខ្លាញ់ចេញពីបន្លែ, ត្រី, ផ្លែឈើ និងគ្រាប់ធញ្ញជាតិបែរជាមានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យ។
៣. សាច់ក្រហម
ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា សាច់ក្រហម គឺមានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹងការកើនឡើងនូវហានិភ័យនៃជំងឺមហារីកសុដន់ ជាពិសេសប្រសិនបើសាច់នោះឆ្អិនខ្លាំង។ លើសពីនេះទៅទៀត សាច់កែច្នៃមានផ្ទុកសម្បូរទៅដោយជាតិប្រៃ, ខ្លាញ់មិនល្អ និងសារធាតុរក្សាទុកសាច់បានយូរដែលផ្ដល់ផលមិនល្អជាខ្លាំងចំពោះសុខភាព ហើយអាហារប្រភេទនេះមិនត្រូវបានចាត់ទុកថា ជាអាហារដែលមានប្រសិទ្ធិភាពជួយទប់ស្កាត់ជំងឺមហារីកសុដន់ឡើយ។
៤. អាហារផ្អែម
យោងតាមទស្សនាវរដ្ដីសារព័ត៌មានស្ដីពីមូលហេតុបង្ក និងការគ្របគ្រងជំងឺមហារីកបានឲ្យដឹងថា ស្ត្រីដែលទទួលទានអាហារ ក៏ដូចជាភេសជ្ជៈមានផ្ទុកជាតិផ្អែមខ្លាំងច្រើន គឺងាយនឹងទទួលរងហានិភ័យនៃជំងឺមហារីកសុដន់ដល់ទៅ ២៧ ភាគរយឯណោះ បើប្រៀបធៀបជាមួយស្ត្រីដែលមិនសូវទទួលទានអាហារ និងភេសជ្ជៈមានផ្ទុកជាតិផ្អែមខ្ពស់។ ជាតិផ្អែមកែច្នៃបង្កើនកម្រិតជាតិស្ករក្នុងឈាមដែលបង្ខំឲ្យរាងកាយបញ្ចេញអាំងស៊ុយលីន។ អាំងស៊ុយលីននេះជម្រុញឲ្យកោសិកាមហារីកលូតលាស់ ហើយក៏បង្កើនកម្រិតនៃអ័រម៉ូន estrogen ដែលអាចបង្កការវិវត្តនៃជំងឺមហារីកសុដន់។
៥. ប្រេងបន្លែ
ប្រេងឆា ឬប្រេងបន្លែ គឺមានផ្ទុកនូវជាតិខ្លាញ់មិនល្អខ្ពស់ដែលជម្រុញបង្កើនហានិភ័យនៃជំងឺមហារីកគួរឲ្យព្រួយបារម្ភ៕