ការគេងថ្ងៃគឺជាទម្លាប់ញឹកញាប់សម្រាប់មនុស្សមួយចំនួនធំ។ វាជាអ្វីដែលយើងទម្លាប់ធ្វើតាំងពីក្មេង។ ទោះជាបច្ចុប្បន្នមនុស្សពេញវ័យភាគច្រើនមិនត្រូវការគេងថ្ងៃ តែការគេងថ្ងៃ គឺជាវិធីមួយដែលធ្វើអោយរាងកាយអាចមានកម្លាំង និងមានសុខភាពល្អ។ តើការគេងថ្ងៃត្រូវការរយៈពេលប៉ុន្មាន បែបណា ទើបដើម្បីធ្វើឱ្យវាមានសុខភាពល្អ?
លោកវេជ្ជបណ្ឌិត មួង ពៅពន្លឹក ជំនាញខាងជម្ងឺផ្លូវចិត្តនិងបញ្ហាគេងមិនលក់ បានលើកឡើងថា៖ “ដើម្បីឆ្លើយសំនួរខាងលើបានយើងត្រូវដឹងពី ការគេងរបស់យើងជាទូទៅជាមុនសិន។ ថនិកសត្វភាគច្រើនគឺជាអ្នកគេង polyphasic មានន័យថាជាការគេងក្នុងរយៈពេលខ្លី តែច្រើនដង ក្នុងរយៈពេលពេញមួយវដ្ត ២៤ ម៉ោង។ មនុស្សគឺជា monophasic ដែលមានន័យថាថ្ងៃនៃជីវិតរបស់យើងជាទូទៅត្រូវបានបែងចែកជាពីរផ្នែកផ្សេងគ្នាគឺមួយសម្រាប់ការគេង និងមួយទៀតសម្រាប់ការភ្ញាក់សុទ្ធសាធ។”
តាមពិតមានទិន្នន័យច្រើនដែលបង្ហាញថាការគេងថ្ងៃអាចមានអត្ថប្រយោជន៍ច្រើនសម្រាប់មនុស្សពេញវ័យ នៅពេលរយៈពេលមួយដែលត្រឹមត្រូវ។ សម្រាប់មនុស្សពេញវ័យការគេងថ្ងៃដែលមានសុខភាពល្អ គួរតែមានរយៈពេលខ្លី។
ត្រង់ចំនុចនេះ លោកវេជ្ជបណ្ឌិតជំនាញយូរឆ្នាំខាងបញ្ហាគេងមិនលក់ មួង ពៅពន្លឹក បានបកស្រាយថា៖ “រយៈពេលនៃការគេងថ្ងៃ គឺអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប៉ុន្តែជាទូទៅ រក្សាពេលវេលាឱ្យនៅត្រឹមប្រហែល ១៥-៣០ នាទីជាការល្អបំផុត។ សម្រាប់មនុស្សមួយភាគតូចការគេងថ្ងៃដែលខ្លីជាងបន្តិច (ប្រមាណជា ១០ នាទី) ឬវែងជាងនេះ (ប្រហែល ៤០ នាទី)។”
ជាចុងក្រោយ លោកវេជ្ជបណ្ឌិត មួង ពៅពន្លឹក លើកទឹកចិត្តឱ្យអ្នករាល់គ្នាយកចិត្តទុកដាក់ចំពោះការគេងថ្ងៃ ដោយសារតែវាមានផលប្រយោជន៍ដល់សុខភាពជាច្រើនដែលរួមមានដូចជា៖ ជួយសុខភាពផ្លូវចិត្ត ជម្រុញការផ្តោតអារម្មណ៍ បង្កើនសមត្ថភាពយល់ដឹងនិងការចងចាំ កាត់បន្ថយភាពល្ហិតល្ហៃនិងអស់កម្លាំង និង ជួយអោយកម្លាំងកាយរឹងមាំ៕