ទោះបីជាចូលចិត្តនិងឧស្សាហទទួលទានយ៉ាងណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃតែក្រូចឆ្មារចំពោះសុខភាពឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើភេសជ្ជៈនេះល្អអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការទទួលទានតែក្រូចឆ្មារ ៖
១. បន្សាបជាតិពុលក្នុងរាងកាយ
តែក្រូចឆ្មារ គឺជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់បន្សាបនិងកម្ចាត់ជាតិពុលពីក្នុងរាងកាយ។ ជាតិពុលដែលត្រូវប្រមូលផ្ដុំកកកុញនៅក្នុងថ្លើមអាចបណ្តាលឱ្យមានការឆ្លងមេរោគផ្សេងៗ។ ទោះជាយ៉ាងណាជាតិអាស៊ីតស៊ីទ្រិក (citric acid) ក្នុងក្រូចឆ្មារអាចកាត់បន្ថយការខូចខាតថ្លើម។
២. ល្អសម្រាប់សុខភាពស្បែក
វីតាមីន C ក្នុងទឹកក្រូចឆ្មារ គឺមានលក្ខណៈសម្បត្តិប្រឆាំងភាពចាស់តាមវ័យ។ វាក៏ផ្ដល់ការការពារប្រឆាំងនឹងកាំរស្មីយូវី ឬកម្ដៅថ្ងៃផងដែរ។ ម្យ៉ាងវិញទៀតការទទួលទានទឹកក្រូចឆ្មារថែមទាំងជួយរំញោចការផលិតកូឡាជែននិងកាត់បន្ថយស្នាមជ្រីវជ្រួញគួរឱ្យកត់សម្គាល់។
៣. មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងការរលាក
វីតាមីន C ក្នុងក្រូចឆ្មារមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងការរលាកក្នុងរាងកាយគួរឱ្យកត់សម្គាល់។ វីតាមីនក្នុងតែក្រូចឆ្មារក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងប្រសើរផងដែរ។
៤. សម្រាលអាការៈផ្ដាសាយ ឬគ្រុនផ្ដាសាយ
តែក្រូចឆ្មារជួយសម្រាលរោគសញ្ញានៃជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយបានយ៉ាងប្រសើរ ជាពិសេសអាការៈឈឺបំពង់ក។ តែក្រូចឆ្មារក្ដៅឧណ្ហៗអាចជួយពង្រាវនិងបន្ថយស្លេស ព្រមទាំងសម្រាលអាការៈក្អកបានទៀតផង។ អ្នកអាចបន្ថែមទឹកឃ្មុំចូលក្នុងភេសជ្ជៈនេះដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។
៥. អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក
ផ្លែឈើប្រភេទ Citrus ដូចជាក្រូចឆ្មារមានផ្ទុកសមាសធាតុមួយចំនួនដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីករួមបញ្ចូលទាំងសមាសធាតុ flavonoids និងសារធាតុ limonoids។ សមាសធាតុទាំងនេះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពះ ជំងឺមហារីកសុដន់ និងជំងឺមហារីកពោះវៀនធំគួរឱ្យកត់សម្គាល់។ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងក្រូចឆ្មារទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីក។ សារធាតុ Quercetin ក្នុងក្រូចឆ្មារក៏មានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីកដែរ។
៦. ធ្វើឱ្យសុខភាពបេះដូងមានលក្ខណៈប្រសើរឡើង
ក្រូចឆ្មារជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយឱ្យសុខភាពបេះដូងកាន់តែមានលក្ខណៈប្រសើរឡើង។ វីតាមីន C រារាំងដល់ការកកើតឡើងនៃជាតិខ្លាញ់និងកូឡេស្តេរ៉ួលលើជញ្ជាំងសសៃឈាម។ បន្ថែមពីនេះសារធាតុ hesperidin និង diosmin ក្នុងក្រូចឆ្មារជួយពង្រឹងសុខភាពសសៃឈាមបេះដូង។ ការទទួលទានតែក្រូចឆ្មារក៏អាចជួយបញ្ចុះសម្ពាធឈាមបានទៀតផង។
៧. សម្រួលការរំលាយអាហារ
តែក្រូចឆ្មារល្អណាស់សម្រាប់សម្រួលការរំលាយអាហារនិងបំបាត់អាការៈទល់លាមក។ វាក៏អាចកម្ចាត់ជាតិពុលនិងកាកសំណល់ផ្សេងៗពីក្នុងរាងកាយ ហើយសម្អាតប្រព័ន្ធរំលាយអាហារ ព្រមទាំងធ្វើឱ្យការរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើង។
៨. គ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម
សារធាតុ flavonoids រួមបញ្ចូលទាំង hesperidin និង eriocitrin ក្នុងក្រូចឆ្មារអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម ហើយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។ អាស៊ីតស៊ីទ្រិកក្នុងទឹកក្រូចឆ្មារអាចទប់ស្កាត់ផលវិបាកមួយចំនួនដែលពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមប្រភេទទី ២ផងដែរ។
- ថាតើអ្នកអាចទទួលទានតែក្រូចឆ្មាររាល់ថ្ងៃបានដែរឬទេ?
ចម្លើយនោះ គឺបាន។ ពិតណាស់អ្នកអាចទទួលទានតែក្រូចឆ្មារបាន ប៉ុន្តែត្រូវចាំថាមិនថាអាហារ ឬភេសជ្ជៈអ្វីក៏ដោយ ប្រសិនបើញ៊ាំច្រើនពេកនោះ គឺប្រាកដជាអាចជះផលប៉ះពាល់គួរឱ្យកត់សម្គាល់។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានក្នុងកម្រិតមធ្យម។
- ចំណុចចាំបាច់គួរកត់សម្គាល់ ៖
១. តែក្រូចឆ្មារមិនសាកសមសម្រាប់កុមារ ឬកូនក្មេងឡើយ។
២. ភេសជ្ជៈនេះគួរត្រូវបានចៀសវាងកំឡុងពេលមានផ្ទៃពោះនិងបំបៅដោះកូន។
៣. អ្នកដែលកំពុងប្រឈមមុខនឹងបញ្ហាសម្ពាធឈាមឡើងខ្ពស់ គួរចៀសវាងទទួលទានតែក្រូចឆ្មារជាប្រចាំ។
៤. ភេសជ្ជៈនេះក៏មិនសាកសមសម្រាប់ទទួលទាននៅពេលរាគ ឬខណៈពេលកំពុងជួបប្រទះរោគសញ្ញារលាកក្រពះពោះវៀនឡើយ។ អ្នកអាចទទួលទានតែខ្មៅសុទ្ធជំនួសវិញ។
៥. ចាំបាច់គួរពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន ក្នុងករណីចង់ទទួលទានតែក្រូចឆ្មារជាមួយថ្នាំផ្សេងៗ៕