បញ្ហាឈឺសន្លាក់ជង្គង់អាចនឹងធូរស្រាល ប្រសិនបើអ្នកចេះប្រើប្រាស់រូបមន្តបែបធម្មជាតិមួយចំនួន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មានអ្វីខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយសម្រាលអាការៈឈឺសន្លាក់ជង្គង់ ៖
១. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ២ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១កែវឱ្យសព្វចូលគ្នា។ ទទួលទានជាប្រចាំ នៅមុនពេលញ៊ាំអាហារ។ អ្នកអាចលាយទឹកខ្មេះផ្លែប៉ោម ២ស្លាបព្រាបាយជាមួយប្រេងដូង ១ស្លាបព្រាបាយ រួចលាបផ្ទាល់លើជង្គង់ដែលឈឺ។ អនុវត្ត ២ដងក្នុងមួយថ្ងៃ។
២. ខ្ញី
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមខ្ញីប្រវែង ២.៥សង់ទីម៉ែត្រក្នុងទឹក ១ពែង រួចយកទៅដាក់ដាំឱ្យពុះ និងរម្ងាស់សម្រាប់រយៈពេល ៥នាទី។ ត្រងខ្ញីចេញ និងទុកឱ្យទឹកខ្ញីចុះត្រជាក់បន្តិចសិន សឹមប្រើប្រាស់កន្សែង ឬក្រណាត់ស្អាតមួយជ្រលក់ក្នុងទឹកខ្ញីដែលក្ដៅឧណ្ហៗនោះ ហើយដាក់ស្អំលើជង្គង់ដែលឈឺ។ អ្នកក៏អាចរុំក្រណាត់ដែលជ្រលក់ទឹកខ្ញីនេះជុំវិញជង្គង់បានផងដែរ។ អនុវត្តឱ្យបានពី ៣ ទៅ ៤ដងក្នុងមួយថ្ងៃ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរព្យាយាមទទួលានតែខ្ញីជាប្រចាំផង។
៣. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមរមៀតម៉ដ្ឋ ១ស្លាបព្រាកាហ្វេក្នុងទឹកដោះគោក្ដៅ ១កែវ រួចកូរឱ្យសព្វ និងទទួលទានឱ្យទាន់ក្ដៅឧណ្ហៗ។ អ្នកក៏អាចលាយរមៀតម៉ដ្ឋជាមួយទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ៗ រួចលាបលើជង្គង់ដែលឈឺបានផងដែរ។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ។
៤. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារ ១ផ្លែយកទឹកស្រស់ៗលាយជាមួយប្រេងល្ង ១ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបផ្ទាល់ទៅលើជង្គង់ដែលឈឺ។ រងចាំសម្រាប់រយៈពេលពី ៣០ ទៅ ៤០នាទី សឹមលាងសម្អាតចេញ។ អនុវត្តសារឡើងវិញពី ៣ ទៅ ៤ដងក្នុងមួយថ្ងៃតាមការចាំបាច់។
៥. ប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ប្រេងអូលីវបន្តិចលើបាតដៃ រួចសឹមលាបម៉ាស្សាលើជង្គង់ដែលឈឺ និងទុករហូតដល់ប្រេងស្ងួត ឬត្រូវបានស្រូបចូលក្នុងស្បែកអស់ ប៉ុន្តែប្រសិនបើអ្នកទ្រាំនឹងភាពស្អិតៗនៃប្រេងលើស្បែកមិនបាន ចូរលាងសម្អាតចេញក្រោយរយៈពេល ៣០នាទី។ អនុវត្តឱ្យបានពី ៣ ទៅ ៤ដងដើម្បីទទួលបានលទ្ធផលប្រសើរ។
៦. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងមួយចំនួនលើជង្គង់ដែលឈឺ។ អ្នកអាចរងចាំរហូតដល់ស្ងួតអស់ ឬលាងសម្អាតចេញក្រោយរយៈពេល ៣០នាទី។ អនុវត្តឱ្យបានពី ៣ ទៅ ៤ដងក្នុងមួយថ្ងៃ។
៧. ស្អំក្ដៅនិងស្អំត្រជាក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជាដំបូងស្អំកម្ដៅលើជង្គង់សិន បន្ទាប់មកសឹមស្អំត្រជាក់ម្ដងដោយផ្លាស់ប្ដូររៀងរាល់ ៥នាទី។ អនុវត្តសារឡើងវិញឱ្យបាន ៣ដង៕