នរណាក៏ធ្លាប់ជួបប្រទះនូវបញ្ហាសក់ផ្សេងៗដែរ ជាពិសេសនោះ គឺបញ្ហាសក់ជ្រុះ បើទោះជាខំប្រើប្រាស់ផលិតផលថែរក្សាការពារយ៉ាងណាក៏ដោយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មកទល់នឹងពេលបច្ចុប្បន្នផលិតផលថែររក្សាសក់ព្យាបាលសក់ជ្រុះស្ដើងមានមិនខ្វះឡើយ តែវាមានតម្លៃថ្លៃ ហើយមួយចំនួនមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់សុខភាព។ ប៉ុន្តែកុំបារម្ភ! ក៏ព្រោះអ្នកអាចទប់ស្កាត់បញ្ហាសក់ជ្រុះជាមួយរូបមន្តបែបធម្មជាតិ។ ខាងក្រោមវេបសាយសុខភាព Health.com.khនឹងបង្ហាញឱ្យដឹងពីរូបមន្តទាំងនោះ ៖
១. រូបមន្តផ្សំឡើងពីផ្នែកពណ៌លឿងនៃស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកផ្នែកពណ៌លឿងនៃស៊ុត ១គ្រាប់ឱ្យសព្វ រួចសឹមលាបម៉ាស្សាលើស្បែកក្បាល។ រងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣០នាទី សឹមលាងកក់សម្អាតចេញជាមួយសាប៊ូដូចពេលធម្មតា និងកុំភ្លេចប្រើប្រាស់ក្រែមបន្ទន់សក់។ អនុវត្តឱ្យបានម្ដងក្នុងមួយសប្តាហ៍។
២. រូបមន្តផ្សំឡើងពីផ្លែបឺរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយផ្លែបឺរទុំ ១ ផ្លែជាមួយប្រេងអូលីវ ២ ស្លាបព្រាបាយ និងទឹកឃ្មុំ ១ ស្លាបព្រាបាយ ឱ្យសព្វចូលគ្នា។ លាបល្បាយឱ្យពេញសក់ និងទុកចោលសម្រាប់រយៈពេល ២០ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ និងកក់សម្អាតសក់ដូចពេលធម្មតា។ អនុវត្តសារឡើងវិញ ២ ដងក្នុងមួយសប្តាហ៍។
៣. ផ្លែចេក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងអូលីវ ១ ស្លាបព្រាបាយ ជាមួយទឹកឃ្មុំ ២ ស្លាបព្រាបាយ ចេកទុំ ២ ផ្លែដែលកិនម៉ដ្ឋ និងប្រេងដូង ១ ស្លាបព្រាបាយ ចូលគ្នាឱ្យសព្វ។ លាបម៉ាស្សាល្បាយឱ្យពេញលើស្បែកក្បាលនិងសក់។ ទុកចោលសម្រាប់រយៈពេល ៥ នាទី សឹមលាងសម្អាតចេញតាមក្រោយជាមួយទឹកក្ដៅឧណ្ហៗ។
៤. រូបមន្តប្រទាលកន្ទុយក្រពើ ក្រូចឆ្មារ និងប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយជែលប្រទាលកន្ទុយក្រពើស្រស់ ២ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយ និងបន្ថែមប្រេងដូង ៣ ស្លាបព្រាបាយចូល។ កូរលាយឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលនិងសក់។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញដូចពេលធម្មតា។ អនុវត្តឱ្យបាន ៣ ដងក្នុងមួយសប្តាហ៍។
៥. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងសុទ្ធពី ១ ទៅ ២ស្លាបព្រាបាយលើស្បែកក្បាលនិងសក់។ រងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣០នាទី សឹមកក់សម្អាតចេញជាមួយសាប៊ូកម្រិតស្រាល។ កុំភ្លេចប្រើប្រាស់ក្រែមបន្ទន់សក់តាមក្រោយផង។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍។
- អ្នកក៏ចាំបាច់គួរចៀសឱ្យផុតពីទម្លាប់មួយចំនួនខាងក្រោមនេះផងដែរ ៖
១. ស្ត្រេសពេក
ភាពស្ត្រេសរ៉ាំរ៉ៃក៏ជះឥទ្ធិពលដល់សុខភាពសក់បណ្ដាលឱ្យជ្រុះច្រើនមិនឈប់ផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមបន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍របស់អ្នក។
២. ការងូតទឹកក្ដៅ
ការងូតទឹកក្ដៅមិនល្អសម្រាប់សក់ឡើយដោយវាអាចធ្វើឱ្យស្បែកក្បាលស្ងួត ហើយសក់ប្រាកដជាងាយនឹងជ្រុះជាមិនខាន។ សក់ក៏អាចប្រែជាស្ងួត ហើយបែកចុងដោយងាយព្រោះទឹកក្ដៅផងដែរ។ ដូច្នេះកុំងូតទឹកក្ដៅពេក!
៣. ការលេងម៉ូដសក់ដោយប្រើម៉ាស៊ីន
ការប្រើប្រាស់ម៉ាស៊ីនផ្លុំសក់ កៀបសក់ និងមួលរួញអាចបណ្ដាលឱ្យសក់ទទួលរងការខូចខាតបានយ៉ាងងាយ។ ដូច្នេះប្រសិនបើមិនចង់ឱ្យសក់ជ្រុះច្រើន ហើយបែកចុងទេនោះ កុំលេងស្ទាយសក់ដោយប្រើប្រាស់ម៉ាស៊ីនកម្ដៅញឹកញាប់ពេក។
៤. រំលងម៉ោងអាហារ
រំលងម៉ោងអាហារ ឬមិនទទួលទានអាហារព្រោះចង់បានរាងស្លីមស្គមស្អាតឬ? ធ្លាប់ដឹងទេថាមិនត្រឹមតែរាងកាយរបស់អ្នកប៉ុណ្ណោះទេដែលស្គម ប៉ុន្តែសក់ក៏ប្រែជាស្ដើងដូចគ្នាដែរ! នោះក៏ព្រោះឬសនៃសក់មិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំ និងដំណើរការមុខងារបានត្រឹមត្រូវ។ ដូច្នេះជំនួសឱ្យការរំលងមិនទទួលទានអាហារច្រើនព្រោះចង់ស្លីម ចូរជ្រើសរើសរបបអាហារមានសុខភាពល្អសម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលសក់និងស្បែកក្បាលត្រូវការ។
៥. ការប្រើប្រាស់ផលិតផលថែរក្សាសក់មានផ្ទុកសារធាតុគីមី
ការប្រើប្រាស់ផលិតផលសម្បូរទៅដោយសារធាតុគីមីមិនត្រឹមតែប៉ះពាល់ដល់ស្បែកក្បាល និងសក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះសុខភាពផងដែរ! ដូច្នេះដើម្បីជាការប្រសើរ ចូរប្រើប្រាស់ ឬទិញនូវផលិតផលថែរក្សាសក់ប្រភេទណាដែលផ្សំឡើងពីរូបមន្ត និងគ្រឿងផ្សំបែបធម្មជាតិ។
៦. ចងសក់តឹងៗពេក
ការចងសក់ឡើង ឬបួងសក់តឹងៗពេកយូរទៅក៏អាចបណ្ដាលឱ្យខូចឬសនៃសក់ហើយងាយនឹងជ្រុះ។ ដូច្នេះដើម្បីជាការប្រសើរចូរផ្លាស់ប្ដូរទម្លាប់នេះចេញផង៕