ចង់ឱ្យស្បែកតឹងណែនមិនមែនមានន័យថាអ្នកចាំបាច់ត្រូវតែប្រើប្រាស់ផលិតផលថែរក្សាស្បែកដែលមានតម្លៃថ្លៃៗឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើអញ្ចឹងគួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបន្តឹងស្បែកបែបធម្មជាតិ ៖
១. រូបមន្តផ្សំឡើងពីប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងក្នុងចលនាពីក្រោមឡើងលើថ្នមៗនៅលើតំបន់ស្បែកដែលអ្នកចង់ឱ្យតឹងណែនជាងមុនសម្រាប់រយៈពេល ១០នាទីជាការស្រេច។
២. រូបមន្តផ្សំឡើងពីផ្នែកពណ៌សនៃស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌សនៃស៊ុត ១គ្រាប់ជាមួយទឹកឃ្មុំ ២ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខនិងរងចាំសម្រាប់រយៈពេល ១៥នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា និងអនុវត្តឱ្យបាន ៣ដងក្នុងមួយខែ។
៣. រូបមន្តផ្សំឡើងពីផ្លែចេក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនចេកទុំ ១ផ្លែឱ្យម៉ដ្ឋ បន្ទាប់មកអាចបន្ថែមទឹកក្រូចឆ្មារស្រស់ពី ២ ទៅ ៣ដំណក់ចូល។ លាយឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ១៥នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា និងអនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៤. រូបមន្តផ្សំឡើងពីប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់ៗលើតំបន់ស្បែកដែលចង់ឱ្យតឹងណែន។ បន្ទាប់មករងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តសារឡើងវិញម្ដងរៀងរាល់ថ្ងៃ។
៥. រូបមន្តផ្សំឡើងពីប៉េងប៉ោះ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកប៉េងប៉ោះស្រស់ៗនិងលាបមួយស្រទាប់ស្ដើងលើតំបន់ស្បែកដែលចង់ឱ្យតឹងណែន។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តសារឡើងវិញឱ្យបាន ២ដងក្នុងមួយថ្ងៃ។
៦. រូបមន្តផ្សំឡើងពីផ្លែល្ហុង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនល្ហុងទុំប៉ុន្មានដុំឱ្យម៉ដ្ឋ បន្ទាប់មកលាយជាមួយម្សៅអង្ករពី ១ ទៅ ២ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែក និងដុសថ្នមៗពីក្រោមឡើងលើសម្រាប់រយៈពេល ១៥នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា និងអនុវត្តស្ក្រាប់ធម្មជាតិនេះឱ្យបាន ២ដងក្នុងមួយសប្តាហ៍៕