ធ្លាប់ដឹងទេថាមិនថាអ្នកមានស្បែកមុខប្រភេទអ្វីក៏ដោយ ក៏នៅតែអាចប្រើប្រាស់ “ប្រទាលកន្ទុយក្រពើ” ជួយដោះស្រាយបញ្ហាបានដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវយកមកធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើប្រាស់ប្រទាលកន្ទុយក្រពើជាម៉ាសបិតមុខបែបធម្មជាតិ ៖
១. រូបមន្តប្រទាលកន្ទុយក្រពើនិងយ៉ាអួរសុទ្ធ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ ២ស្លាបព្រាកាហ្វេជាមួយយ៉ាអួរសុទ្ធ ១ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ (សម្រាប់ស្បែកស្ងួតនិងធម្មតា) ឬទឹកក្រូចឆ្មារស្រស់ (សម្រាប់ស្បែកខ្លាញ់) ១ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមប្រើប្រាស់លាបលើស្បែក និងរងចាំសម្រាប់រយៈពី ១០ ទៅ ១៥នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ អនុវត្តឱ្យបាន ៣ដងក្នុងមួយសប្តាហ៍។
២. រូបមន្តប្រទាលកន្ទុយក្រពើនិងរមៀត
អ្វីដែលអ្នកត្រូវការ គឺរមៀតម៉ដ្ឋ ១ចិបជាមួយជែលប្រទាលកន្ទុយក្រពើ ១ស្លាបព្រាបាយនិងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយគ្រឿងផ្សំទាំងអស់ចូលគ្នាឱ្យសព្វ បន្ទាប់មកសឹមលាបម៉ាស្សាលើស្បែកមុខ ព្រមទាំង-ក។ រងចាំសម្រាប់រយៈពេលប្រហែល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។ រូបមន្តនេះសាកសមសម្រាប់គ្រប់ប្រភេទស្បែក។
៣. រូបមន្តប្រទាលកន្ទុយក្រពើនិងផ្លែចេកទុំ
អ្វីដែលអ្នកត្រូវការ គឺជែលប្រទាលកន្ទុយក្រពើស្រស់ ១ស្លាបព្រាបាយ និងចេកទុំប្រមាណពី ៣ ទៅ ៤ដុំ។ កិនចេកឱ្យម៉ដ្ឋសិន បន្ទាប់មកសឹមលាយជែលប្រទាលកន្ទុយក្រពើស្រស់ចូល។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ១០នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហ។ អនុវត្តម្ដងក្នុងមួយសប្តាហ៍ ឬ ២ដងក្នុងមួយសប្តាហ៍ប្រសិនបើចាំបាច់។ រូបមន្តនេះសាកសមសម្រាប់ស្បែកស្ងួតនិងស្បែកធម្មតា។
៤. រូបមន្តប្រទាលកន្ទុយក្រពើនិងទឹកប៉េងប៉ោះស្រស់ៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ចំនួន ២ ស្លាបព្រាកាហ្វេជាមួយទឹកប៉េងប៉ោះស្រស់ ១ ស្លាបព្រាកាហ្វេ និងយ៉ាអួរ ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែក និងរងចាំរហូតដល់ស្ងួត។ លាងសម្អាតចេញជាមួយទឹកត្រជាក់។
៥. រូបមន្តប្រទាលកន្ទុយក្រពើនិងត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺកិនលាយជែលប្រទាលកន្ទុយក្រពើស្រស់ ២ស្លាបព្រាកាហ្វេជាមួយទឹកត្រសក់ស្រស់ ១ស្លាបព្រាកាហ្វេឱ្យក្លាយជាល្បាយខាប់ៗ។ បន្ថែមប្រេងដូង ឬប្រេងអូលីវពី ២ ទៅ ៣ដំណក់ចូល។ កូរឱ្យសព្វ សឹមល្បាយលើស្បែកមុខនិងរងចាំសម្រាប់រយៈពេល ១៥នាទី មុនលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានម្ដង ឬ២ដងក្នុងមួយសប្តាហ៍។ រូបមន្តម៉ាសបិតមុខនេះសាកសមសម្រាប់គ្រប់ប្រភេទស្បែក សូម្បីស្បែកឆាប់ប្រតិកម្ម។
៦. រូបមន្តប្រទាលកន្ទុយក្រពើ ទឹកឃ្មុំ និងក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ ២ស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេនិងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេចូលគ្នាឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើស្បែកមុខនិងរងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានម្ដងក្នុងមួយថ្ងៃ។ សាកសមសម្រាប់ស្បែកស្ងួត ស្បែកធម្មតា និងស្បែកខ្លាញ់។
៧. រូបមន្តប្រទាលកន្ទុយក្រពើនិងផ្លែល្ហុង
លាយផ្លែល្ហុងទុំពី ២ ទៅ ៣ ដុំជាមួយជែលប្រទាលកន្ទុយក្រពើស្រស់ ២ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នាក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកលាបម៉ាស្សាល្បាយលើស្បែកមុខនិងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១២នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា ឬទឹកត្រជាក់។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍។ សាកសមសម្រាប់ស្បែកធម្មតា និងស្បែកខ្លាញ់។
៨. រូបមន្តប្រទាលកន្ទុយក្រពើលាយប្រេងអាល់ម៉ុន និងចេកទុំ
រូបមន្តនេះសាកសមសម្រាប់ព្យាបាលស្បែកស្ងួត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ ២ស្លាបព្រាបាយជាមួយចេកទុំដែលកិនម៉ដ្ឋ ១ផ្លែឱ្យសព្វចូលគ្នា រួចសឹមបន្ថែមប្រេងអាល់ម៉ុន ៣ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វម្ដងទៀត រួចទុកមួយកន្លែងសិន។ បន្ទាប់មកចាប់ផ្ដើមលាងសម្អាតស្បែកនិងកឱ្យស្អាតជាមួយទឹកក្ដៅឧណ្ហៗ ព្រមជាមួយផលិតផលលាងសម្អាតស្បែកមុខកម្រិតស្រាល និងគ្មានជាតិប្រេងដើម្បីជម្រះគ្រឿងតុបតែងមុខចេញពីស្បែក និងបើករន្ធញើសផងដែរ។ ក្រោយមកដល់ពេលដែលត្រូវលាបល្បាយម៉ាសធម្មជាតិដែលបានលាយរួចលើស្បែកមុខ និងក។ រងចាំសម្រាប់រយៈពេល ១៥នាទី ឬរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ រួចកុំភ្លេចលាងជម្រះស្បែកម្ដងទៀតជាមួយទឹកត្រជាក់ដើម្បីបន្តឹងរន្ធញើសវិញជាការស្រេច៕