ប្រសិនបើមិនអាចបញ្ឈប់ការទទួលទានគ្រឿងស្រវឹងបានទេនោះ ចូរព្យាយាមកម្រិត ឬកាត់បន្ថយវិញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែត្រូវធ្វើបែបណាខ្លះទៅទើបសម្រេចបាន? មិនពិបាកឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីកាត់បន្ថយការផឹកគ្រឿងស្រវឹងច្រើន ៖
១. ទទួលទានអាហារផ្សេងៗមុននឹងផឹកគ្រឿងស្រវឹង
ការញ៊ាំអាហារផ្សេងៗ ឬអាហារសម្រន់ខ្លះមុននឹងទទួលទានគ្រឿងស្រវឹង គឺជាវិធីដ៏ប្រសើរបំផុតមួយដើម្បីកាត់បន្ថយផលអវិជ្ជមានលើសុខភាពរាងកាយ។ ជាតិអាល់កុលជះឥទ្ធិពលលើកម្រិតនៃជាតិស្ករក្នុងឈាម ហើយបង្កើនអាំងស៊ុយលីនដែលនាំអោយជាតិស្ករធ្លាក់ចុះ។ ការទទួលទានអាហារមុនពេលផឹកគ្រឿងស្រវឹងក៏ជួយការពារក្រពះពីផលប៉ះពាល់នៃជាតិអាល់កុលផងដែរ។ ម្យ៉ាងវិញទៀតនៅពេលអ្នកទទួលទានអាហារផ្សេងៗឆ្អែត អ្នកនឹងមិនអាចផឹកគ្រឿងស្រវឹងបានច្រើនឡើយ។ បន្ថែមពីនេះការទទួលទានអាហារផ្សេងៗក៏ជួយពន្យារពេលនៃការស្រូបយកជាតិអាល់កុលផងដែរ ហើយនៅពេលមិនសូវស្រវឹង អ្នកប្រាកដជាអាចគ្រប់គ្រងខ្លួនឯងមិនឱ្យផឹកច្រើនជ្រុលបាន។
២. ទទួលទានទឹកឆ្លាស់គ្នាជាមួយគ្រឿងស្រវឹង
ដើម្បីរក្សាបាននូវសុខភាពល្អក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗពីគ្រឿងស្រវឹង អ្នកគួរទទួលទានវាក្នុងកម្រិតមធ្យម។ ទោះជាយ៉ាងណាការទទួលទានទឹក ១ កែវធំមុនពេលជួយទប់ស្កាត់មិនអោយអ្នកទទួលទានគ្រឿងស្រវឹងច្រើនលើស ហើយចំពោះកំឡុងពេលវិញ គឺវាជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។ ខណៈដែលការទទួលទានទឹកក្រោយផឹកគ្រឿងស្រវឹងអាចជួយទប់ស្កាត់អាការៈស្រវឹងឈឺក្បាលធីងធោង។
៣. ចៀសវាងអាហារប្រៃ
រួមមានដំឡូងបារាំងកំប៉ុងស្រួយ នំប្រៃស្រួយ ដំឡូងបំពង គ្រាប់ធញ្ញជាតិដែលប្រឡាក់អំបិល និងអាហារផ្សេងទៀតដែលមានផ្ទុកជាតិសូដ្យូម ឬអំបិលច្រើន។ អាហារប្រភេទនេះអាចបណ្ដាលឱ្យមានអារម្មណ៍ស្រេកទឹក ហើយអ្នកប្រាកដជាផឹកគ្រឿងស្រវឹងច្រើនទៅៗតាមនោះដែរ។
ប្រយ័ត្ន! ប្រសិនបើការទទួលទានគ្រឿងស្រវឹងច្រើនលើសបានជះផលប៉ះពាល់ទៅលើសុខភាព ទំនាក់ទំនងផ្ទាល់ខ្លួន ឬការងាររបស់អ្នករួចទៅហើយនោះ ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបាននូវការណែនាំនិងវិធីដ៏ល្អបំផុតសម្រាប់អាចកាត់ផ្ដាច់ការទទួលទានគ្រឿងស្រវឹងទាំងស្រុងតែម្ដង៕