ជំងឺខ្លាញ់រុំថ្លើម អាចត្រូវបានចែកចេញជា ២ ប្រភេទ គឺប្រភេទបង្កឡើងដោយជាតិអាកុល ឬគ្រឿងស្រវឹងដែលកើតឡើងចំពោះអ្នកដែលទទួលទានគ្រឿងស្រវឹងច្រើនពេក និងប្រភេទមិនបង្កឡើងដោយជាតិអាល់កុល ឬគ្រឿងស្រវឹងច្រើនកើតចំពោះអ្នកដែលអង្គុយយូរៗពេកក្នុងមួយថ្ងៃៗ ឬអ្នកធាត់ជ្រុល។ ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាខ្លាញ់រុំថ្លើម គឺជាមូលហេតុចម្បងបំផុតមួយនៃជំងឺខ្សោយថ្លើម ហើយអាចវិវត្តន៍ទៅជា ជំងឺក្រិនថ្លើម ឬជំងឺរលាកថ្លើម។ ប៉ុន្តែមិនថាអ្នកកំពុងជួបប្រទះបញ្ហាខ្លាញ់រុំថ្លើមប្រភេទណានោះទេ អ្នកអាចកែប្រែ ឬទប់ស្កាត់ស្ថានភាពមុននឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរបាន ដោយគ្រាន់តែជ្រើសរើស និងរក្សាឲ្យបាននូវរបបអាហារត្រឹមត្រូវមួយ។ ថាតើអាហារដែលអ្នកជំងឺខ្លាញ់រុំថ្លើមគួរទទួលទានឲ្យបានច្រើនមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារទាំងនោះ ៖
១. បន្លែបៃតង ៖ ផ្ដល់អត្ថប្រយោជន៍ជាច្រើនមិនត្រឹមតែចំពោះថ្លើមដែលកកកុញដោយខ្លាញ់ប៉ុណ្ណោះទេ ប៉ុន្តែប្រសើរសម្រាប់សុខភាពរាងកាយទាំងមូលតែម្ដង។ ជាពិសេស គឺបន្លែផ្កាខាត់ណាខៀវដែលមានផ្ទុកសារធាតុជួយទប់ស្កាត់ និងកាត់បន្ថយការកកើតឡើង ឬប្រមូលផ្ដុំជាតិខ្លាញ់ក្នុងថ្លើម។ ចំណែកឯ ស្ពៃក្រញាញ់ និងពន្លកផ្កាស្ពៃក្ដោប ថែមទាំងអាចជួយឲ្យស្រកទម្ងន់ទៀតផង។ ទោះជាយ៉ាងណា បន្លែបៃតងផ្សេងៗក៏ផ្ដល់ផលល្អៗមិនចាញ់គ្នាផងដែរ។ ដូច្នេះដើម្បីទទួលបានសុខភាពល្អប្រសើរ ជៀសផុតពីបញ្ហាខ្លាញ់រុំថ្លើម និងទប់ស្កាត់ស្ថានភាពនៃជំងឺមិនឲ្យធ្ងន់ធ្ងរ ចូរទទួលទានបន្លែបៃតងឲ្យបានច្រើន។
២. ប្រូតេអ៊ីន ៖ ប្រភេទនៃអាហារដទៃទៀតដែលអ្នកជំងឺខ្លាញ់រុំថ្លើមគួរដាក់បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ គឺប្រូតេអ៊ីន។ រាងកាយត្រូវការប្រូតេអ៊ីនចាំបាច់ ដើម្បីរក្សាបាននូវសុខភាពល្អ និងសមត្ថភាពក្នុងការជួសជុលកោសិកាឡើងវិញ។ ប្រភពធម្មជាតិនៃប្រូតេអ៊ីនដែលល្អសម្រាប់សុខភាពថ្លើមមាននៅក្នុងអាហារសមុទ្រ, ត្រីសាលម៉ុន, ពពួកគ្រាប់សណ្ដែក, គ្រាប់ធញ្ញជាតិ, សាច់បសុបក្សី (មាន់, ទា, ក្ងាន ជាដើម), ស៊ុត និងសាច់ក្រហម។
៣. ម្ស៉ៅធញ្ញជាតិ ៖ ជាប្រភពដ៏ល្អនៃកាបូអ៊ីដ្រាតស្មុគស្មាញដែលល្អសម្រាប់សុខភាពរាងកាយ។ ម្ស៉ៅធញ្ញជាតិក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃ ហើយជួយកម្ចាត់ជាតិពុលផ្សេងៗ និងជាតិខ្លាញ់មិនល្អដែលលើសចេញពីក្នុងរាងកាយ ក៏ដូចជាថ្លើម។
៤. បន្លែឆ្អិន ៖ បើទោះជាអ្នកចូលចិត្តទទួលទានតែបន្លែឆៅយ៉ាងណាក៏ដោយ ក៏គួរតែបន្ថែមបន្លែឆ្អិនក្នុងរបបអាហារប្រចាំថ្ងៃផង ដើម្បីរក្សាបាននូវកម្រិតត្រឹមត្រូវនៃជាតិកាបូអ៊ីដ្រាតក្នុងប្រព័ន្ធរាងកាយ។ អ្នកអាចបំពេញជាតិស្ករ ឬកាបូអ៊ីដ្រាតដែលបាត់តាមរយៈការទទួលទានបន្លែឆ្អិននានាលើកលែងតែដំឡូងបារាំង។
៥. ផ្លែបឺរ ៖ ជាជម្រើសនៃផ្លែឈើដ៏ល្អបំផុតមានប្រសិទ្ធិភាពជួយកាត់បន្ថយជាតិខ្លាញ់មិនល្អដែលកកើតប្រមូលផ្ដុំក្នុងថ្លើម ក៏ព្រោះផ្លែបឺរផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អៗ និងជាតិសសៃដែលប្រសើរក្នុងការជួយឲ្យស្រកទម្ងន់ផងដែរ៕