ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថារូបមន្តបែបធម្មជាតិមួយចំនួនអាចដោះស្រាយបញ្ហាសក់បានយ៉ាងប្រសើរនិងមានប្រសិទ្ធភាពខ្ពស់ទៀតផង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើរូបមន្តទាំងនោះមានអ្វីខ្លះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិល្អសម្រាប់សក់ ៖
១. រូបមន្តផ្សំឡើងពីស៊ុតនិងយ៉ាអួរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស៊ុត ១គ្រាប់ជាមួយយ៉ាអួរសុទ្ធ ២ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ (ប្រសិនបើសក់របស់អ្នកស្ងួតខ្លាំង ចូរប្រើផ្នែកពណ៌លឿងនៃស៊ុត ប៉ុន្តែប្រសិនបើសក់ឡើងប្រេង ចូរប្រើផ្នែកពណ៌សនៃស៊ុតវិញ ហើយបើសក់ធម្មតា ចូរប្រើស៊ុតទាំងមូល។) អ្នកក៏អាចបន្ថែមប្រេងឡាវ៉េនដឺពី ២ ទៅ ៣ដំណក់ក្នុងល្បាយផងដែរដើម្បីធ្វើឱ្យមានក្លិនក្រអូប។ លាបល្បាយលើស្បែកក្បាលនិងសក់ រួចរងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ កក់សក់ជាមួយសាប៊ូនិងប្រើប្រាស់ក្រែមបន្ទន់ដូចពេលធម្មតា។ អ្នកអាចអនុវត្តរូបមន្តនេះ ២ដងក្នុងមួយសប្តាហ៍។
២. រូបមន្តផ្សំឡើងពីផ្នែកពណ៌លឿងនៃស៊ុត និងទឹកឃ្មុំ
លាយផ្នែកពណ៌លឿងនៃស៊ុត ១គ្រាប់ជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយ និងប្រេងអាល់ម៉ុន ១ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ លាបល្បាយលើសក់ និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី ( មិនត្រូវទុកល្បាយលើសក់លើសពី ២០នាទីឡើយ)។ លាងសម្អាតចេញជាមួយទឹកត្រជាក់ និងកក់សាប៊ូ រួចប្រើក្រែមបន្ទន់សក់ដូចពេលធម្មតា។ អ្នកអាចអនុវត្តរូបមន្តនេះ ២ដងក្នុងមួយសប្តាហ៍។ រូបមន្តនេះមិនសាកសមសម្រាប់សក់ឡើងប្រេងឡើយ។
៣. រូបមន្តផ្សំឡើងពីផ្លែបឺរនិងខ្ទិះដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែបឺរទុំ ១ផ្លែឱ្យម៉ដ្ឋសិន បន្ទាប់មកសឹមបន្ថែមខ្ទិះដូង ២ស្លាបព្រាបាយ និងប្រេងអូលីវ ១ស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកក្បាលនិងសក់។ រងចាំសម្រាប់រយៈពេល ៣០នាទី សឹមកក់សម្អាតចេញជាមួយសាប៊ូ និងប្រើក្រែមបន្ទន់សក់។ រូបមន្តនេះមិនសាកសមសម្រាប់អ្នកដែលមានសក់ឡើងប្រេងឡើយ។
៤. រូបមន្តផ្សំឡើងពីខ្ទិះដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅខ្ទិះដូងឱ្យក្ដៅឧណ្ហៗ (មិនត្រូវឱ្យក្ដៅពេកឡើយចៀសវាងការរលាកស្បែកក្បាល) ជាមុនសិន បន្ទាប់មកសឹមលាបម៉ាស្សាលើស្បែកក្បាលនិងសក់។ ប្រើប្រាស់កន្សែងរុំសក់ឱ្យជិត និងទុកចោលសម្រាប់រយៈពេលពេញមួយយប់។ សម្អាតចេញដោយកក់សក់ជាមួយសាប៊ូនិងប្រើប្រាស់ក្រែមបន្ទន់នៅព្រឹកបន្ទាប់។
៥. រូបមន្តផ្សំឡើងពីម៉ាយ៉ូណេស និងផ្លែបឺរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែបឺរទុំ ១ផ្លែឱ្យម៉ដ្ឋ បន្ទាប់មកលាយម៉ាយ៉ូណេស ១ស្លាបព្រាបាយចូល។ កូរឱ្យសព្វ សឹមលាបល្បាយលើសក់ និងរងចាំសម្រាប់រយៈពេល ១ម៉ោង។ លាងសម្អាតចេញជាមួយទឹកត្រជាក់ជាមុនសិន បន្ទាប់មកសឹមកក់ជាមួយសាប៊ូនិងប្រើក្រែមបន្ទន់សក់ដូចពេលធម្មតា។ អនុវត្តឱ្យបានម្ដងក្នុងមួយសប្តាហ៍។ រូបមន្តនេះមិនត្រឹមតែជួយផ្ដល់សារធាតុចិញ្ចឹមដល់សក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកម្ចាត់ចៃបានទៀតផង។ ទោះជាយ៉ាងណារូបមន្តនេះមិនសាកសមសម្រាប់សក់ឡើងប្រេងឡើយ៕