ការដែលមករដូវមិនទៀងទាត់អាចកើតឡើងម្តងម្កាល ជារឿងធម្មតា ជាពិសេសសម្រាប់អ្នកដែលកំពុងតែព្យាយាមមានផ្ទៃពោះតែម្តង។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួន ដែលវាច្រើនតែធ្វើឲ្យរដូវមកមិនបានទៀងទាត់ ឬបាត់រដូវតែម្តង៖
ស្ត្រេស
រាងកាយគឺជាចំណាំងផ្លាតនៃចិត្ត និងភាពតានតឹងខាងផ្លូវចិត្ត ដែលបង្កើតបាននូវអតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយ រហូតដល់ទៅជារដូវមកមិនបានទៀងទាត់ ឬបាត់រដូវតែម្តង។
ហាត់ប្រាណខ្លាំងពេក
វដ្តរដូវអាស្រ័យទៅតាមចំនួននៃជាតិខ្លាញ់ក្នុងរាងកាយ ហើយបើសិនជាអ្នករំលាយជាតិខ្លាញ់ចេញច្រើនពេក នោះវាធ្វើឲ្យប៉ះពាល់បាន។ ការហាត់ប្រាណក៏អាចរំខានដល់កម្រិតអ័រម៉ូន Estrogen ដែលជាហេតុនាំឲ្យមានអតុល្យភាពនៃអ័រម៉ូន។ ដើម្បីចៀសវាងរឿងនេះ យកល្អគួរតែញ៉ាំអាហារផ្តល់សុខភាពផងដូចជា គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ និងខ្លាញ់ល្អៗ។
ធាត់ពេក ឬស្គមពេក
វត្តមាននៃជាតិខ្លាញ់ដ៏ច្រើនអាចធ្វើឲ្យអ័រម៉ូនអេស្ត្រូជែនកើនឡើង ខណៈពេលដែលខ្វះពេកក៏អាចបន្ថយអ័រម៉ូននេះចេញពីរាងកាយ រហូតដល់ពន្យាពេលនៃការមករដូវដែរ។
ក្រពេញទីរ៉ូអ៊ីតធ្វើការខុសប្រក្រតី
ក្រពេញទីរ៉ូអ៊ីតដើរតួនាទីសំខាន់ណាស់ក្នុងការរំលាយអាហារ លូតលាស់ និងការធំធាត់។ ជាទូទៅ ការកង្វះអ័រម៉ូននេះ នឹងធ្វើឲ្យការជ្រុះអូវ៉ុលមានបញ្ហាបាន។
អតុល្យភាពអ័រម៉ូន
រោគសញ្ញានៃជំងឺពងគីសច្រើនក្នុងក្រពេញអូវ៉ែគឺជាមូលហេតុមួយដែលនាំឲ្យមានអតុល្យភាពក្នុងអ័រម៉ូនភេទ។ រោគសញ្ញារបស់វាមានដូចជា ពិបាកក្នុងការសម្រកទម្ងន់ និងដុះរោមច្រើនលើមុខ និងទ្រូង។
ពន្យាកំណើត
ភាគច្រើនថ្នាំគ្រាប់ពន្យាកំណើតគឺជាការផ្សំចូលគ្នានៃអ័រម៉ូនអេស្ត្រូជែន និងប្រូជេស្ទីន ដែលអាចមានលទ្ធភាពរំខានដល់ការមានផ្ទៃពោះបាន។
គិតច្រឡំ
ពេលខ្លះ វាអាចនឹងមានការគិតលេខច្រឡំដែរ។ ជាទូទៅ ស្ត្រីគឺមករដូវធម្មតារយៈពេល ២៨ថ្ងៃ ខណៈពេលដែលស្ត្រីខ្លះទៀតមករដូវយូរជាងនេះ ឬលឿនជាងនេះ ប៉ុន្តែគឺជារឿងធម្មតាទេ៕