ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងអំពីអត្ថប្រយោជន៍ជាច្រើននៃមើមដំឡូងជ្វាចំពោះសុខភាព។ ប៉ុន្តែប្រហែលជាមិនធ្លាប់ស្មានដល់ទេថា ស្លឹកនៃដំឡូងជ្វា ក៏មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗ, វីតាមីន, សារធាតុប្រឆាំងអុកស៊ីតកម្ម, អាស៊ីតហ្វូលិក, សារធាតុ niacin, សារធាតុ thiamin, សារធាតុ riboflavin, ជាតិសសៃ និងគុណសម្បត្តិព្យាបាលផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនត្រឹមតែមើមប៉ុណ្ណោះទេ ស្លឹកនៃដំឡូងជ្វាក៏អាចទទួលទានបានដែរ ដោយយកមកចម្អិនដូចបន្លៃស្ពៃ ឬធ្វើជាអន្លក់។ ខាងក្រោមវេបសាយ
Health.com.kh នឹងបង្ហាញពីឥទ្ធិពលវិជ្ជមានមិនគួរឲ្យជឿនៃការទទួលទានស្លឹកដំឡូងជ្វាចំពោះសុខភាព ៖
១. សុខភាពឆ្អឹង
មនុស្សភាគច្រើនគិតថា មានតែជាតិកាល់ស្យូមប៉ុណ្ណោះ ដែលត្រូវការចាំបាច់សម្រាប់សុខភាពឆ្អឹងរឹងមាំល្អប្រសើរ។ ទោះបីជាស្លឹកដំឡូងជ្វាមិនមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម ប៉ុន្តែបរិមាណដែលមានផ្ទុក គឺគ្រប់គ្រាន់ហើយសម្រាប់ជម្រុញពង្រឹងសុខភាពឆ្អឹង។ លើសពីនេះស្លឹកដំឡូងជ្វា ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន K ដែលមានប្រសិទ្ធភាពជួយទប់ស្កាត់ជំងឺពុកឆ្អឹង រួមទាំងការបាត់បង់ម៉ាសនៃឆ្អឹងផងដែរ។
២. គ្រប់គ្រងជំងឺទឹកនោមផ្អែម
ស្លឹកដំឡូងជ្វា មានប្រសិទ្ធិភាពជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម ដោយកាត់បន្ថយភាពធន់នៃអាំងស៊ុយលីន។ ហេតុនេះហើយទើបស្លឹកដំឡូងជ្វា ជាជម្រើសនៃបន្លែដ៏ប្រសើរសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
៣. សុខភាពភ្នែក
ស្លឹកដំឡូងជ្វា មានផ្ទុកនូវវីតាមីន A ដែលជួយទប់ស្កាត់បញ្ហានៃជំងឺភ្នែក និងបង្កើនសុខភាពភ្នែកឲ្យកាន់តែមានលក្ខណៈល្អប្រសើរផងដែរ។
៤. សុខភាពអញ្ចាញធ្មេញ
បញ្ហាផ្សេងៗនៃអញ្ចាញធ្មេញ រួមទាំងធ្មេញពុកប្រហោង គឺជាលទ្ធផលមួយនៃការទទួលទានអាហារដែលមានផ្ទុកកម្រិតនៃវីតាមីន A, C, D និង វីតាមីន K ទាប។ ប៉ុន្តែការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ និងវីតាមីន ជួយទប់ស្កាត់ជំងឺអញ្ចាញធ្មេញ និងជំងឺពុកធ្មេញ។ លើសពីនេះទៅទៀត ស្លឹកដំឡូងជ្វា មានផ្ទុកសម្បូរទៅដោយវីតាមីន K ដែលធ្វើការរួមជាមួយជាតិរ៉ែ និងវីតាមីនដទៃទៀតក្នុងរាងកាយកម្ចាត់ចោលនូវរាល់ពពួកបាក់តេរីដែលបំផ្លាញកាចាធ្មេញ។
៥. ពង្រឹងប្រព័ន្ធភាពស៊ាំ
ស្លឹកដំឡូងជ្វា ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានឥទ្ធិពលជួយជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។ លើសពីនេះទៅទៀត ស្លឹកដំឡូងជ្វា ក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយផ្ដល់ឲ្យរាងកាយនូវរបាំងការពារប្រឆាំងមេរោគឆ្លង រួមទាំងរ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។
៦. ទប់ស្កាត់ជំងឺមហារីកពោះវៀនធំ
ស្លឹកដំឡូងជ្វា មានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយសម្រួលដល់ដំណើរការនៃការរំលាយអាហារ។ ហើយដំណើរការនៃការរំលាយអាហារត្រឹមត្រូវនឹងធ្វើឲ្យអ្នកជៀសឆ្ងាយពីបញ្ហានៃជំងឺមហារីកពោះវៀនធំ៕