ក្រសួងសុខាភិបាលបានប្រកាសអោយដឹងថាមេរោគកូវីដ១៩បំប្លែងថ្មីប្រភេទដែលតាបានវាយលុកចួលដល់សហគមន៍នៅក្នុងប្រទេសកម្ពុជាហើយដោយអំពាវនាវអោយប្រជាជនកម្ពុជាទាំងអស់បង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩។
ក្រសួងបានអោយដឹងថាការឆ្លងសហគមន៍នោះបានកើតមាននៅក្នុងខេត្តសៀមរាប ឧត្តរមានជ័យនិង កំពង់ធំ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានអោយដឹងថា បានរកឃើញមេរោគ បំប្លែងថ្មីដែលតា៨ករណីកាលពីថ្ងៃទី២៥ខែកក្កដា លើប្រជាពលរដ្ឋស្ថិតក្នុងសហគមន៍មិនប៉ះពាល់ ជាមួយអ្នកដំណើរមកពីក្រៅប្រទេស។ ពួកគេស្ថិតនៅក្នុងខេត្តសៀមរាប ឧត្តរមានជ័យ និង កំពង់ធំ។
ការឆ្លងចូលសហគមន៍បែបនេះគឺជាការប្រកាសអាសន្នមួយអោយប្រជាជនកម្ពុជាទាំងអស់ត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីកុំអោយមានការឆ្លងរាលដាលកាន់តែធ្ងន់ទៅៗហួសពីសមត្ថភាពគ្រប់គ្រងដូចដែលបានឃើញនៅប្រទេសឥណ្ឌានិងប្រទេសមួយចំនួនទៀត។
ការថ្លោះធ្លោយណាមួយដែលបណ្តាលមកពីការមិនគោរពតាមវិធានសុខាភិបាលនឹងរុញច្រានស្ថានភាពកូវីដ១៩នៅកម្ពុជាដែលធ្ងន់ស្រាប់ទៅហើយនោះ អោយកាន់តែធ្ងន់ធ្ងរថែមទៀតដោយបណ្តាលអោយ មានមហន្តរាយទាំងជីវិតមនុស្សនិងសេដ្ឋកិច្ច។
រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញមេរោគកូវីដ១៩ប្រភេទបំប្លែងថ្មីសរុប១១៤នាក់។
ចំណែកចំនួនអ្នកឆ្លងកូវីដ១៩សសរុបមានចំនួនជាង៧៣៧០០នាក់ ហើយអ្នកស្លាប់វិញមាន ចំនួន១៣០៥នាក់៕